COVID-19
អន្តរជាតិ
ចិន​ឡើងទៅ​លេខ​៧០ ក្នុង​តារាង​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​នៅ​ឆ្នាំ​២០២៥
18, Nov 2020 , 8:29 pm        
រូបភាព
កំពង់ផែQingdaoរបស់ចិន។ រូបភាព៖AFP
កំពង់ផែQingdaoរបស់ចិន។ រូបភាព៖AFP
ដោយ:
​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​ចិន នឹង​នាំ​ឲ្យ​ចំណូល​របស់​ប្រជាជន​ខ្លួន​កើនឡើង​ច្រើនជាង​ប្រទេស​ចំនួន​៥៦​ផ្សេងទៀត​នៅ​ឆ្នាំ​២០២៥​។ ចិន​នឹង​ហក់​ឡើងទៅ​កាន់​លេខ​៧០ នៃ​ប្រទេស​មាន​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​ច្រើនជាងគេ ដែល​សឹងតែ​នាំ​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​អ្នកមាន​បំផុត​។​

 
​ការវិភាគ​ដោយ Bloomberg ផ្អែ​ល​លើ​ទិន្ន័យ​របស់​IMF បង្ហាញថា ចំណូល​ក្នុងស្រុក​របស់​ប្រជាជន​ចិន​ម្នាក់ នឹង​កើន​ដល់​២៥,៣០៧​ដុល្លារ​នៅ​ឆ្នាំ​២០២៥​។ ចំណូល​នេះ​របស់​ប្រជាជន​ចិន​កើនឡើង​ទ្វេដង​ពី​ឆ្នាំ​២០០០ ទៅ​២០០៦ និង​កើន​ទ្វេដង​ជា​លើក​ទី​២​នៅ​ឆ្នាំ​២០១៣​។ សេដ្ឋវិទូ​រំពឹងថា ចំណូល​នេះ នឹង​កើនឡើង​គុណ​នឹង​២ សារជាថ្មី​នៅ​ឆ្នាំ​២០២៤ ដោយសារតែ​កំណើនសេដ្ឋកិច្ច​របស់​ចិន​ជា​មធ្យម​ជាមាន​អត្រា​៩,១​ភាគរយ ក្នុង​រយៈពេល​២៥​ឆ្នាំ​ជាប់​គ្នា​។​
 
​ចំណែក​អាមេរិក​វិញ ដែល​ចំណូល​របស់​ប្រជាជន​ម្នាក់​ស្ថិតនៅ​លំដាប់​ទី​១១ នឹង​ឡើង​មកដល់​លំដាប់​ទី​៩​នៅ​ឆ្នាំ​២០២៥ ដោយមាន​ចំណូល​ជា​មធ្យម​៣៦,៣១៨​ដុល្លារ​។ នេះ​បើតាម​ការផ្សាយ​របស់ Bloomberg ។​
 
​ចំពោះ​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​របស់​ប្រទេស​G៧ វិញ​ត្រូវបាន​ប្រមាណ​ថា នឹង​កើន​ពី​៣១,៤៧១​ដុល្លារ ទៅ​៦៤,៥៨២​ដុល្លារ​។ ចំពោះ​ក្រុម​ប្រទេស BRICS  លោក​Jim O’Neill អ្នកស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Goldman Sachs អះអាងថា សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​៥​រួមគ្នា​នេះ អាច​នឹង​ធំ​ជាង​ប្រទេស​G៧ ទៅទៀត​នៅ​ឆ្នាំ​២០៣០ ដោយ​មួយផ្នែកធំ​រួមចំណែក​ដោយ​ចិន និង​ឥណ្ឌា​។ BRICS សំដៅ​ដល់​ក្រុម​ប្រទេស​ដែលមាន​ប្រ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​។​
 
​តាម​ការ​ព្យាករ​ខាងលើ ចំណូល​របស់​ប្រជាជន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី នឹង​កើនឡើង​៦​ដង នៅ​ឆ្នាំ​២០៣០​។ ផ្ទុយទៅវិញ ចំណូល​របស់​ប្រជាជន​នៅ​អាមេរិក​ឡាទីន កា​រ៉ា​អ៊ី​ប មជ្ឈិមបូព៌ា និង​អាស៊ី​កណ្តាល នឹងមិន​កើនឡើង​ដល់​២​ដង​ផង​ក្នុងពេល​ដូចគ្នា​។ តំបន់​អាមេរិក​ឡាទីន និង​កា​រ៉ា​អ៊ី​ប ត្រូវបាន​អ្នកសេដ្ឋកិច្ច​មើលឃើញថា បន្ត​លង់ខ្លួន​ក្នុង​វិបត្តិ​បំណុល​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​។ ចំណូល​របស់​ប្រជាជន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ធ្លាក់ចុះ​រហូតដល់​ទៅ​៣៦​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០០០​។​
 
​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស​ដែលជា​សេដ្ឋី​ប្រេង ដូចជា​បា​រ៉ែ​ន កូ​វ៉ែត និង​អា​រ៉ា​ប៊ី​សា​អូឌីត របូត​ចេញពី​បញ្ជី​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់បំផុត​ទាំង​២០ ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​។ ផ្ទុយទៅវិញ​ទីក្រុង​ម៉ា​កាវ​របស់​ចិន និង​សិង្ហ​បុរី រំពឹងថា នឹងមាន​ចំណូល​ខ្ពស់បំផុត​លំដាប់​ទី​២ និង​ទី​៣ បន្ទាប់ពី​លុច​សំបួរ ដោយមាន​ចំណូល​ប្រមាណ​១១៥,៤៤៥​នៅ​ឆ្នាំ​២០២៥​។​
 
​សម្រាប់​ប្រទេស​ដែលមាន​វិបត្តិ​នយោបាយ និង​ធ្លាក់ខ្លួន​ក្នុង​សង្គ្រាម​ដូចជា​ស៊ី​រី យេ​មែន លី​បី និង​លី​បង់​វិញ ការ​ព្យាករ​របស់​IMF បង្ហាញថា ប្រទេស​ទាំងនោះ​នឹងមាន​ចំណូល​ធ្លាក់ចុះ​ខ្លាំង និង​ទាប​ជាង​ប្រទេស​ឯទៀត​ក្នុង​តំបន់​។​សម្រាប់​លី​បង់ ចំណូល​របស់​ប្រជាជនមាន​ធ្លាក់ចុះ​រហូតដល់​ទៅ​២៥​ភាគរយ​។​
 
​អំឡុង​ពេលដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​ញាំញី​ដោយ​ជំងឺ COVID-19 IMF អះអាងថា មាន​ប្រទេស និង​ដែនដី​ចំនួន​តែ​៤​ប៉ុណ្ណោះ​ដែលមាន​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២០ ដែល​រួមមាន​វៀតណាម តៃវ៉ាន់ អេ​ហ្ស៊ី​ប និង​ចិន​៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com