អន្តរជាតិ
តៃវ៉ាន់ បញ្ឈរជើងយន្តហោះ F-16 ទាំងអស់ ក្រោយយន្តហោះចម្បាំងពីរគ្រឿងធ្លាក់បន្តបន្ទាប់ យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់។ រូបភាព AFP
× តៃវ៉ាន់ បានបញ្ឈប់ការហោះហើររបស់យន្តហោះចម្បាំង F-16 ទាំងអស់ ក្រោយហេតុការណ៍ធ្លាក់ យន្តហោះចម្បាំងពីរគ្រឿងបន្តបន្ទាប់ក្នុងពេលមិនដល់មួយខែផងនោះ។ ប្រធានាធិបតី តៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី១៨ ខែវិច្ឆិកា បានបញ្ជាឲ្យត្រួតពិនិត្យយន្តហោះចម្បាំងស៊េរីចាស់មួយនេះ។
នៅថ្ងៃទី១៧ ខែវិច្ឆិកា កងទ័ពអាកាសតៃវ៉ាន់ ប្រកាសថា យន្តហោះចម្បាំង F-16 មួយគ្រឿងបានធ្លាក់ក្រោយហោះឡើងមិនបានប៉ុន្មានពីមូលដ្ឋាន Hualien នៅឆ្នេរភាគខាងកើតក្នុងបេសកកម្មហ្វឹកហ្វឺន។ ហេតុការណ៍នេះ កើតឡើងក្រោយយន្តហោះ F-5 មួយគ្រឿងទៀតដែលដាក់ឲ្យប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ បានធ្លាក់កាលពីចុងខែតុលា។
ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែវិច្ឆិកា ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen និយាយថា យន្តហោះចម្បាំង F-16 ទាំងអស់ ត្រូវបញ្ឈរហោះហើរដើម្បីត្រួតពិនិត្យ។ លោកស្រី Tsai ប្រាបក្រសួងការពារជាតិតៃវ៉ាន់ឲ្យបង្កើនការប្រុងប្រយ័ត្ន មិនត្រូវបន្ធូរដៃក្នុងការការពារជាតិ និងការត្រៀមខ្លួនប្រយុទ្ធឡើយ សំដៅធានាសន្តិសុខជាតិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិតៃវ៉ាន់វិញ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយកុំរាយការណ៍ផ្ដេសផ្ដាយពីករណីពាក់ព័ន្ធ F-16 ។ ក្រសួងដដែលបន្ថែមថា កងទ័ពតៃវ៉ាន់ ចាំបាច់បន្តការហ្វឹកហាត់របស់ខ្លួនដើម្បីឆ្លើយការកើនឡើងការគំរាមពីសំណាក់ចិន។
ការខូចខាតយន្តហោះចម្បាំង F-16 ចុងក្រោយនេះ ជាគ្រោះថ្នាក់ធ្លាក់យន្តហោះលើកទីបួនហើយសម្រាប់ទ័ពតៃវ៉ាន់ ដែលហេតុការណ៍ទាំងនេះ កើតឡើងចំពេលដែលយន្តហោះចម្បាំងតៃវ៉ាន់ មានភារកិច្ចកាន់តែច្រើនក្នុងការតាមស្ទាក់យន្តហោះចម្បាំងចិន ដែលបង្កើនបេសកកម្មខ្លួនដូចគ្នា។ ក្នុងខែមករាដើមឆ្នាំ អគ្គសេនាធិការកងទ័ពតៃវ៉ាន់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្បែរទីក្រុងតៃប៉ិផងដែរ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ តៃវ៉ាន់ចំណាយលុយប្រមាណ៩០០លានដុល្លារដើម្បីទិញសព្វាវុធពីអាមេរិកដូចជាមីស៊ីល ប្រព័ន្ធការពារ និងដ្រូនជាដើម ដើម្បីពង្រឹងប្រព័ន្ធការពារខ្លួន ស្របពេលដែលចិនបង្កើនការគំរាមកាន់តែខ្លាំងឡើងៗនៅពេលដូចគ្នានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com