កីឡាអន្តរជាតិ
អន្តរជាតិ
Barca និង Real បន្ថយ​បៀវត្ស​កីឡាករ​ជិត​ពាក់កណ្តាល​រដូវ​កាល​នេះ ដោយសារ COVID-19
19, Nov 2020 , 8:29 am        
រូបភាព
​ក្របខណ្ឌ La Liga បាន​កាត់បន្ថយ​ការចំណាយ​សម្រាប់​ក្លិប​ទាំង​២០ ចំនួន​ទឹកប្រាក់ ៦១០ លាន​អឺរ៉ូ (៧២៤,២៥ លាន​ដុល្លារ​អាមេរិក​) នៅ​រដូវ​កាល ២០២០-២០២១​នេះ ក្រោយ​រង​ផលប៉ះពាល់​ដោយសារ COVID-19​។ លី​គ​កំពូល​អេ​ស្ប៉ា​ញ​ប្រកាស​​ច្នេះ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។ Barcelona និង Real Madrid បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​ជិត​ពាក់កណ្តាល​រៀងៗ​ខ្លួន​។​


​ចំនួន​ប្រាក់​ឈ្នួល​របស់​កីឡាករ​ក្រុម Barcelona ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ៤៥៤​លាន​ដុល្លារ ខណៈ​រដូវ​កាល​មុន​ចំណាយ​អស់​៧៩៧​លាន​ដុល្លារ​។ សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid អាច​ចំណាយ​ខ្ទង់ ៥៥៦ លាន​ដុល្លារ ធ្លាក់ចុះ ២០៥ លាន​ដុល្លារ​បើ​ធៀប​នឹង​ការចំណាយ​កាលពី​រដូវ​កាល​មុន​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុម​រហ្សនាម​អ្នកមាន​បុណ្យ ដែល​បានប្រកាស​ពី​ការខាតបង់​ប្រាក់ ១១៥ លាន​ដុល្លារ​រួចមកហើយ​កាលពី​រដូវ​កាល​មុន ២០១៩-២០២០ ដោយសារ​វិបត្តិ COVID-19 បានសម្រេច​កាត់​ប្រាក់បៀវត្ស​សារជាថ្មី​កាលពី​ខែតុលា បើ​ទោះ​មានការ​ប្រឆាំង​ពី​សំណាក់​កីឡាករ​មួយចំនួន​ក៏ដោយ​។​
 
​រដូវ​កាល​មុន Barca បាន​កាត់បន្ថយ​ប្រាក់​ឈ្នួល​បណ្តោះអាសន្ន​ចំនួន ៧០ ភាគរយ​គិត​ចាប់ពី​ខែមីនា ដល់​ខែមិថុនា ខណៈ​រដូវ​កាល ២០២២-២១ ពួកគេ​អាច​បន្ថយ​ការចំណាយ​បាន​ច្រើន ក្នុងនោះ​ពួកគេ​បាន​ដក​អ្នករក​ចំណូល​ខ្ពស់​ប្រចាំ​ក្លិប​មួយចំនួន​ដូចជា​ខ្សែប្រយុទ្ធ Luis Suarez និង​ខ្សែបម្រើ Ivan Rakitic ដោយ​អនុញ្ញាត​ឲ្យ​ចាក​ទៅ​ក្លិប​ផ្សេង​។​
 
Atletico Madrid ដែល​ទទួលបាន Suarez ទៅ​រួម​ក្រុម អាច​នឹងត្រូវ​ចំណាយ​ប្រាក់​ឈ្នួល​ទៅកាន់​កីឡាករ​ចំនួន ៣០០ លាន​ដុល្លារ​រដូវ​កាល​នេះ ខណៈ​ឆ្នាំមុន​ពួកគេ​ចំណាយ​អស់ ៤១៤​លាន​ដុល្លារ​។​
La Liga លើកឡើង​ពី​ការបន្ថយ​ចំនួន​ការចំណាយ​នេះ ដើម្បី​កំហិត​ដែន​កំណ​ត់នៃ​ការចំណាយ​របស់​ក្រុម​នីមួយៗ រាប់ទាំង​ការចំណាយ​លើ​ក្រុម​លំដាប់​ទី​១ ដែល​រួមមាន​កីឡាករ អ្នកចាត់ការ​ទូទៅ ជំនួយការ​គ្រូបង្វឹក និង​គ្រូបង្វឹក​កាយសម្បទា​ជាដើម​៕
 
 

Tag:
 La Liga
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com