អន្តរជាតិ
សភា​ថៃ ច្រានចោល​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​
19, Nov 2020 , 11:14 am        
រូបភាព
បាតុករថៃតវ៉ាក្នុងទីក្រុងបាងកក។ រូបភាព AFP
បាតុករថៃតវ៉ាក្នុងទីក្រុងបាងកក។ រូបភាព AFP
ដោយ:
​សភា​ថៃ​នៅ​ថ្ងៃទី​១៨ វិច្ឆិកា បាន​បោះឆ្នោត​បដិសេធ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋ​ធម្ម​នុ​ញ្ញា​ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​។ មានតែ​សេចក្តីព្រាងច្បាប់​២​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ពិ​ភា​ក្ស​បន្ត​គឺ​សេចក្តីព្រាង​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​ដែល​មិន​មានចែង​ពី​ការកែទម្រង់​ស្ថាប័ន​មហាក្សត្រ​។ ចំពោះ​ក្រុមបាតុករ ការបដិសេធ​សេចក្តីព្រាងច្បាប់​នេះ គឺ​នាំ​ឲ្យ​ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ត្រូវ​បន្តធ្វើ​បាតុកម្ម​រហូត​សម្រេច​គោលបំណង​របស់ខ្លួន​។​

 
​សេចក្តីព្រាងច្បាប់​របស់​អង្គការ iLaw ដែល​ត្រូវបាន​ហៅថា «​សេចក្តីព្រាង​ប្រជាជន​» គាំទ្រ​ដោយ​មនុស្ស​ជាង​១​សែន​នាក់ ត្រូវបាន​សភា​ថៃ​បដិសេធ​ក្នុងការ​បោះឆ្នោត​ក្រោយពី​បាន​អាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​។ សេចក្តីព្រាងច្បាប់​នេះ ទទួលបាន​ការគាំទ្រ​សឹងតែ​ទាំង​អស់ពី​តំណាងរាស្ត្រ​គាំទ្រ​ប្រជាធិបតេយ្យ តែ​ត្រូវបដិសេធ និង​អនុប្បវាទ​ដោយ​សមាជិក​ព្រឹទ្ធសភា​សឹងតែ​ទាំងអស់​។ នេះ​បើ​យោ​តាម​សារព័ត៌មាន The Nation​។​
 
​សេចក្តីព្រាងច្បាប់​របស់​iLaw ទទួលបាន​សំ​ឡេ​គាំទ្រ​២១២ សំឡេង​ប្រឆាំង​១៣៨ និង​អនុប្បវាទ​ចំនួន​៣៦៩​។ ចំណែក​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល​បាន​សំឡេងគាំទ្រ​៦៤៧ និង​សំឡេង​ប្រឆាំង​១៧ រីឯ​សេចក្តីព្រាងច្បាប់​របស់​ប​ណ្តុំ​បក្សប្រឆាំង​ទទួល​សំឡេងគាំទ្រ​៥៧៦ និង​សំ​ឡេ​ប្រឆាំង​២១​។​
 
​ចំពោះ​សេចក្តីព្រាងច្បាប់​របស់​ប​ក្ស​កាន់អំណាច ស្នើ​បង្កើត​គណៈកម្មការ​មួយ​ដែលមាន​សមាជិក ជ្រើសរើស​ដោយ​ការបោះឆ្នោត និង​តែងតាំង​។ គណៈកម្មការ​នេះ​មាន​រយៈពេល​១២០​ថ្ងៃ​ក្នុងការ​ស​សេរ​រដ្ឋធម្មនុញ្ញ​ថ្មី​។ សេចក្តីព្រាងច្បាប់​របស់​គណបក្សប្រឆាំង​វិញ ស្នើ​បង្កើត​គណៈកម្មការ​ដូច​គ្នា ប៉ុន្តែ​សមាជិក​ទាំងអស់​ត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត និង​ត្រូវការ​រយៈពេល​២៤០​ថ្ងៃ​ក្នុងការ​ស​សេរ​រដ្ឋធម្មនុញ្ញ​ថ្មី​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​សេចក្តីព្រាង​ទាំង​២​នេះ ពុំបាន​សើរើ​ជំពូក​ទី​១ និង​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​ឡើយ​។ ជំពូក​ទី​១​កំណត់​ពី​បញ្ញត្តិ​ទូទៅ ចំណែក​ជំពូក​ទី​២ លើកឡើង​ពី​ព្រះមហាក្សត្រ​។ ហេតុនេះហើយ ទើប​បាតុករ​ចោទ​រដ្ឋសភា​ថៃ​ថា រារាំង​មិន​ឲ្យ​មាន​កំណែទម្រង់ ដោយហេតុថា​កំណែទម្រង់​របបរាជានិយម​ថៃ​ជា​ចំណុច​ស្នូល​នៃ​ការទាមទារ​របស់​ពួកគេ​។​
 
​លោក​Jatupat Boonpattarasaksa មេដឹកនាំ​បាតុកម្ម​លើកឡើងថា លោក​នឹងមិន​ចូលរួម​ក្នុង​គណៈកម្មការ​ផ្សះផ្សា​ជាតិ​ដែល​រៀបចំ​ដោយ​សភា​ថៃ​នោះឡើយ​។ លោក​ថា សេចក្តីសម្រេចចិត្ត​រប​ស់​សភា ជា​ឱកាស​ចុងក្រោយ​ក្នុងការ​យោគយល់​គ្នា​រវាង​បាតុករ និង​រដ្ឋាភិបាល​។ ចំណែក​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល Free Youth បាន​ចោទប្រកាន់​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា ថា កំពុង​បម្រើ​បុគ្គល​ផ្តាច់ការ​ដោយ មិន​អើពើ​នឹង​សេចក្តីអំពាវនាវ​របស់​ប្រជាជន​។​
 
​ខណៈពេលដែល​សភា​កំពុងធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៨ វិច្ឆិកា បាតុករ​បាន​ជួបជុំគ្នា​នៅមុខ​ទីស្នាក់ការ​ប៉ូលិស ទាមទារ​ឲ្យ​ប៉ូលិស​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការ​បំបែក​បាតុករ នៅ​ថ្ងៃទី​១៧ វិច្ឆិកា​ដែល​បណ្តាល​ឲ្យ​មនុស្ស​៥៥​នាក់​រងរបួស ដែល​ក្នុងនោះ​៦​នាក់​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​។ ការជួបជុំ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ត្រូវបាន​រំសាយ​ដោយ​សន្តិវិធី នៅ​ម៉ោង​៨​យប់ ប៉ុន្តែ​ក្រុមបាតុករ​អះអាងថា នឹង​ជួបជុំ​ជាថ្មី​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នៅមុខ​ការិយាល័យ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ​៕
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com