ជាតិ
ជាង១០ខែ មានទេសចរជាង៦ពាន់នាក់ បានឡើងភ្នំឱរ៉ាល់
22, Nov 2020 , 7:29 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល១១ខែ គិតចាប់ពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរចំនួន៦,១៥៥នាក់ បានទៅឡើងភ្នំឱរ៉ាល់។ នេះបើតាមការបញ្ជាក់របស់លោក ឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរ នាំភ្ញៀវឡើងភ្នំឱរ៉ាល់ ប្រាប់ Thmeythmey25។ តាម លោក ឈឺន ឈីម ក្នុងចំណោមទេសចរទាំងអស់ មានទេសចរអន្តរជាតិ ប្រមាណ៣៥ភាគរយ។


 
ភ្នំឱរ៉ាល់ បានទទួលទេសចរកាន់តែច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរ នាំភ្ញៀវឡើងភ្នំឱរ៉ាល់ ប្រាប់ Thmeythmey 25ថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរសរុប ៦,១៥៥នាក់ បានទៅឡើងភ្នំឱរ៉ាល់ ក្នុងនោះមានទេសចរអន្តរជាតិ ប្រមាណ៣៥ភាគរយ។ 
 
លោក ឈឺន ឈីម បានប្រាប់ ThmeyThmey25 តាមទូរស័ព្ទដូច្នេះថា៖ «ទោះបីជាមានកូវីដ-១៩ តែភ្ញៀវទេសចរទៅឡើងភ្នំឱរ៉ាល់ នៅតែកើនឡើង។ ភ្ញៀវទេសចរ បរទេសកើនឡើង១០ភាគរយ បើប្រៀបធៀបពីឆ្នាំមុន»។ 
 
មគ្គុទ្ទេសក៍ទេសចរភ្នំឱរ៉ាល់រូបនេះ បានបញ្ជាក់បន្ថែមថា ចំនួនភ្ញៀវទេសចរបានកើនលើស ពីអ្វីដែលលោក បានរំពឹងទុក។ កាលពីខែឧសភាកន្លងទៅ មានភ្ញៀវទេសចរត្រឹមជាង៣ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ កើនលើស៦ពាន់នាក់។ នេះជាការបញ្ជាក់របស់ លោក ឈឺន ឈីម។
 
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ មានភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ ត្រឹម៣៥០នាក់ ប៉ុណ្ណោះ ខណៈឆ្នាំ២០១៩ មានភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ ចំនួន៤,៥០០នាក់៕


លោក ឈឺន ឈីម មគ្គុទ្ទេសក៏ទេសចរភ្នំឱរ៉ាល់


Tag:
 ភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com