មនុស្ស១៤នាក់នៅឡាវ ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងសុខាភិបាលឡាវនៅថ្ងៃទី២៣ វិច្ឆិកា។ ចំនួនឆ្លង១៤ករណីថ្មីនេះ ជាចំនួនឆ្លងច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ។
ក្នុងចំណោមអ្នកឆ្លង១៤នាក់ មាន១៣នាក់ជាជនបរទេស ខណៈម្នាក់ជាជនជាតិឡាវដែលទើបធ្វើដំណើរមកពីបរទេស។ ករណីថ្មីនេះរួមមានកុមារាអាយុ១២ឆ្នាំ និងស្ត្រីចំនួន៣រូប។ នេះបើយោងតាមលោកវេជ្ជបណ្ឌិតPhouthone Muongpak អនុរដ្ឋមន្ត្រីសុខាភិបាល និងជាអនុប្រធានក្រុមការងារបង្ការ និងគ្រប់គ្រងជំងឺCOVID-19ឡាវ។
ក្រោយការធ្វើតេស្ត អ្នកឆ្លងថ្មីទាំង១៤នាក់នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ដើម្បីធ្វើការព្យាបាល និងឃ្លាំមើលនៅមន្ទីរពេទ្យ Mittaphab ក្នុងទីក្រុងវៀងចន្ទន៍។ បើតាមសារព័ត៌មានឡាវ Vientiane Times លោកវេជ្ជបណ្ឌិត Phouthone លើកឡើងថា អ្នកផ្ទុកជំងឺទាំង១៤នាក់ពុំបង្ហាញរោគសញ្ញាអ្វីឡើយ។
ករណីចំនួន១៤ថ្មីនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅឡាវកើនឡើងដល់៣៩នាក់ ដែលក្នុងនោះ២៤នាក់បានជាសះស្បើយ និងពុំមានករណីស្លាប់ឡើយ។ ក្រោយពេលមានករណីឆ្លងថ្មីនេះ នាយករដ្ឋមន្ត្រីឡាវលោក ថងលួន ស៊ីស៊ូលីតបានបើកកិច្ចប្រជុំជាបន្ទាន់ និងបញ្ជាឲ្យក្រុមការងារ COVID-19 របស់ឡាវរឹតបន្តឹងវិធានការការពារ ជាពិសេសលើការត្រួតពិនិត្យជើងហោះហើរ។
គិតត្រឹមថ្ងៃទី២៣ វិច្ឆិកា នៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេ ដោយមាន៤៩៧,៦៦៨ករណី ហ្វីលីពីនមាន៤១៨,៨១៨ករណី, មីយ៉ាន់ម៉ាមាន៧៩,២៤៦ករណី, ម៉ាឡេស៊ីមាន៥៤,៧៧៥ករណី, សិង្ហបុរីមាន៥៨,១៦០ករណី, វៀតណាមមាន១,៣០៧ករណី, ថៃមាន៣,៩២០ករណី, ព្រុយណេមាន១៤៨ករណី, កម្ពុជាមាន៣០៦ករណី និងឡាវមាន៣៩ករណី៕