សុខភាព
អន្តរជាតិ
ថៃ ម៉ាឡេស៊ី និងហ្វីលីពីន ចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន AstraZeneca និងPfizer
28, Nov 2020 , 2:02 pm        
រូបភាព
ដបមួយដែលត្រូវបានសរសេរថាវ៉ាក់សាំង។រូបភាព៖Reuters
ដបមួយដែលត្រូវបានសរសេរថាវ៉ាក់សាំង។រូបភាព៖Reuters
ប្រទេសអាស៊ានចំនួន៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា បានចុះហត្ថលេខាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនលានដូស ពីក្រុមហ៊ុនផលិតថ្នាំពេទ្យធំៗដូចជា AstraZeneca និងក្រុមហ៊ុន Pfizer។ យ៉ាងណាក៏ដោយ ប្រទេសទាំងនោះ ត្រូវរង់ចាំទទួលវ៉ាក់សាំងរហូតដល់ឆ្នាំ២០២១។



ថ្មីៗនេះ ក្រុមហ៊ុនផលិតថ្នាំពេទ្យធំៗចំនួនពីរ គឺPfizer និងModerna បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពរហូតដល់ជាង ៩០ភាគរយ ខណៈពេលក្រុមហ៊ុន AstraZeneca បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជាមធ្យមចំនួន ៧០ភាគរយ។ មិនរង់ចាំយូរឡើយ ប្រទេសអាស៊ានចំនួន៣ ដែលក្នុងនោះ មានថៃ ម៉ាឡេស៊ី និងហ្វីលីពីន បានចុះហត្ថលេខា ទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer និង AstraZeneca ជាច្រើនលានដូស ដើម្បីទុកចាក់ឲ្យប្រជាជនរបស់ខ្លួន ក៏ដូចជាបង្ការករណីឆ្លងនៅក្នុងប្រទេស។ 
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែវិច្ឆិកា បានចុះហត្ថលេខាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីក្រុងហ៊ុន Pfizer ដែលអះអាងថាវ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពចំនួន ៩៥ភាគរយ។ ប្រសិនគ្មានការប្រែប្រួលទេ ក្រុមហ៊ុន Pfizer នឹងប្រគល់វ៉ាក់សាំងឲ្យម៉ាឡេស៊ីចំនួន ១លានដូល នៅត្រីមាសទីមួយ នៃឆ្នាំ២០២១ ហើយ១,៧លានដូល, ៥,៨ លានដូស និង ៤,៣លានដូស នៅត្រីមាសជាបន្តបន្ទាប់។ 
 
កិច្ចព្រមព្រៀងនេះ រំពឹងថានឹងប្រើប្រាស់វ៉ាក់សាំងសម្រាប់ប្រជាជនម៉ាឡេស៊ីចំនួន ៦,៤លាននាក់ ឬ២០ភាគរយនៃប្រជាជនសរុប។ ទន្ទឹមគ្នានេះ ប្រជាជនម៉ាឡេស៊ី ១០ភាគរយផ្សេងទៀត នឹងទទួលបានវ៉ាក់សាក់ក្រោមគម្រោង COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ ប្រជាជន ដែលងាយរងគ្រោះ ដូចជាក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ មនុស្សចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។ 
 
ដោយឡែកនៅថៃវិញ ក្នុងថ្ងៃដដែលនេះ ក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុន AstraZeneca ផងដែរ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនលានដូស។ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា មុនថ្ងៃចុះហត្ថលេខា រដ្ឋាភិបាល នឹងទិញវ៉ាក់សាំងចំនួន ២៦លានដូស សម្រាប់ចាក់លើប្រជាជនចំនួន ១៣លាននាក់។ ក្រោមកិច្ចព្រមព្រៀងនេះ បានចំណាយទឹកប្រាក់ប្រមាណ ១៩៨លានដុល្លារ។ ក្រៅពីលក់វ៉ាក់សាំង ក្រុមហ៊ុនAstraZeneca នឹងគាំទ្រក្រុមហ៊ុនថ្នាំពេទ្យថៃ Siam Bioscience ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងស្រុកផងដែរ។ 
 
ក្រៅពីថៃ និងម៉ាឡេស៊ី ហ្វីលីពីនវិញ នៅក្នុងថ្ងៃដដែល បានចុះហត្ថលេខាជាមួយក្រុមហ៊ុនថ្នាំពេទ្យរបស់អង់គ្លេស AstraZeneca។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយក្រោមហ៊ុនឯកជន ជាមួយក្រុមហ៊ុនអង់គ្លេសប៉ុណ្ណោះ។ បើតាមការអះអាងរបស់ទីប្រឹក្សាប្រធានាធិបតីលើសហគ្រិនភាព លោកJoey Concepcion ក្រុមហ៊ុនឯកជនហ្វីលីពីន នឹងទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២,៦លានដូស ហើយបរិច្ចាគចំនួនពាក់កណ្តាលមកឲ្យភាគីរដ្ឋាភិបាល។ 
 
កិច្ចព្រមព្រៀងទិញវ៉ាក់សាំង បានចុះរួចហើយ ប៉ុន្តែក្រុមហ៊ុនផលិតត្រូវជួបនូវបញ្ហាមួយចំនួនដូចជា ការដឹកជញ្ជូនជាដើម។ សម្រាប់ក្រុមហ៊ុនPfizer វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ខ្លួនត្រូវរក្សាក្នុងសីតុណ្ណភាព -៧០អង្សាសេ ក្នុងការដឹកជញ្ជូន។ រយៈពេលក្នុងការរក្សាទុកនោះ មានរហូតដល់ ៥ថ្ងៃ ឬអាចដល់ ១៥ថ្ងៃ ប្រសិនបើទុកក្នុងប្រអប់សម្រាប់ដឹកជញ្ជូន៕
 

Tag:
 ហ្វីលីពីន
  ម៉ាឡេស៊ី
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com