COVID-19
ជាតិ
សេដ្ឋកិច្ច
អឺរ៉ុប​ផ្តល់​ថវិកា​៣,៤៥​លាន​ដុល្លារ​បន្ថែម​ដល់​កម្ពុជា សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩
05, Dec 2020 , 5:49 pm        
រូបភាព
កុមារាម្នាក់ ពាក់ម៉ាស់ និងកំពុងលាងដៃ ដើម្បីបង្ការខ្លួបពីការឆ្លងជំងឺកូវីដ_១៩។ រូបថត៖ EU
កុមារាម្នាក់ ពាក់ម៉ាស់ និងកំពុងលាងដៃ ដើម្បីបង្ការខ្លួបពីការឆ្លងជំងឺកូវីដ_១៩។ រូបថត៖ EU
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប (EU) ផ្តល់​មូលនិធិ​ជា​ទឹកប្រាក់​ចំនួន​២,៨៥​លាន​អឺរ៉ូ ដែល​ស្មើនឹង​៣,៤៥​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា សម្រាប់​ដោះស្រាយ​បញ្ហា​នៃ​វិបត្តិ​កូ​វីដ​-១៩ (COVID-19)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​


​ទំហំ​ទឹកប្រាក់​នេះ គឺជា​ជំនួយ​លើក​ទី​២​របស់​សហភាព​អឺរ៉ុប​មកកាន់​កម្ពុជា ដែល​កន្លងមក​សហភាព​អឺរ៉ុប​បាន​ផ្តល់ជំនួយ​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩​នៅ​កម្ពុជា​។​
 
​កាលពី​ថ្ងៃទី​៤​ធ្នូ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បានប្រកាស ផ្តល់​មូលនិធិ​ជា​ទឹកប្រាក់​សរុប​២០​លាន​អឺរ៉ូ (​ប្រមាណ​២៤​លាន​ដុល្លារ​) សម្រាប់​គាំទ្រ​ដល់​ប្រព័ន្ធ​សុខាភិបាល ក្នុង​សហគមន៍​អាស៊ាន​។ ក្នុងនោះ កម្ពុជា​ទទួលបាន​ជំនួយ​ពី​សហភាព​អឺរ៉ុប​ចំនួន ៣,៤៥​លាន​ដុល្លារ​។ 
 
​បើតាម​សហភាព​អឺរ៉ុប ការផ្តល់​ជំនួយ​នេះ​គឺជា​កម្មវិធី​ថ្មី​មួយ​ដើម្បី​ជួយ​គាំទ្រ ដល់​ប្រព័ន្ធ​សុខាភិបាល​ក្នុង​តំបន់​អាស៊ាន​។  កម្មវិធី​ឆ្លើយតប​នឹង​ការត្រៀម​បង្ការ​ជំងឺ​រាតត្បាត នៅ​តំបន់​អាស៊ីអាគ្នេយ៍ នឹងត្រូវ​អនុវត្ត​កម្មវិធី​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​និង លេខាធិការដ្ឋាន​អាស៊ាន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com