COVID-19
ជាតិ
នាយករដ្ឋមន្រ្តី អះអាងថា គ្មានការដាក់ប្រទេសក្នុងគ្រាមានអាសន្នឡើយ
07, Dec 2020 , 11:29 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលទៅចូលរួមកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលទៅចូលរួមកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ (រូបពី AFP)
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមកបំភ្លឺដល់ប្រជាជនថា គ្មានការបិទប្រទេសទាំងមូលឬបិទផ្នែកណាមួយនៃប្រទេសឡើយ។ ការបំភ្លឺនេះ ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្រ្តី សង្កេតឃើញព័ត៌មានតាមបណ្តាញសង្គម ផ្សាយលើសពីសម្តីរបស់ខ្លួនថា រដ្ឋាភិបាល នឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាបាននិយាយមែន ពាក់ព័ន្ធនឹងរឿងដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែ សម្តេច ពុំនិយាយក្នុងលក្ខណៈច្បាស់លាស់ឬជាក់លាក់ថា នឹងដាក់ប្រទេសក្នុងគ្រាអាសន្នឬនឹងបិទផ្នែកណាមួយនៃប្រទេសជាបណ្តោះអាសន្ននោះទេ។ 
 
សម្តេចប្រមុខរដ្ឋាភិបាល គ្រាន់តែបង្ហើបប្រាប់មន្រ្តីថា ព្រះរាជក្រឹត្យស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ត្រូវបានព្រាងឡើងរួចរាល់អស់ហើយ ប៉ុន្តែ សម្តេច មិនចង់ដើរដល់ជំហាននេះឡើយ។ សម្តេច មិនចង់ឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ឬបិទផ្នែកណាមួយនៃប្រទេស ដូចជា រាជធានីភ្នំពេញ ជាដើម ក៏ព្រោះតែបារម្ភពីការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ។ 
 
អត្ថបទទាក់ទង

ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងតាមរយៈសារជាសំឡេង ដែលផ្ញើទៅកាន់មន្រ្តី កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានចែករំលែកបន្តនៅតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។ សំឡេងនេះ ក៏ត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដែរ។ 
 
ប្រមុខរដ្ឋាភិបាល លើកហេតុផលដូច្នេះថា៖«បើបិទប្រទេស ឬបិទផ្នែកណាមួយរបស់ប្រទេស ដូចជា រាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វា នឹងធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ច  ជាពិសេសប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង»។
 
ក្រោយពីសារនេះ ត្រូវបានចែករំលែក អ្នកប្រើប្រាស់បណ្តាញសង្គម ផ្សាយតៗគ្នាបន្ថែម ដោយអ្នកខ្លះ សរសេរឬបញ្ចេញមតិថា រដ្ឋាភិបាល ចង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ រហូតដល់ពាក់កណ្តាលយប់ នាថ្ងៃទី៦ ខែធ្នូដដែល ប្រមុខរដ្ឋាភិបាល បានបង្ហោះសំណេរលើទំព័រហ្វេសប៊ុក ដើម្បីពន្យល់ឲ្យច្បាស់លាស់ពីខ្លឹមសារនៃសំឡេងរបស់ខ្លួន ដែលបាននិយាយកាលពីព្រឹក។ 
 
មេដឹកនាំកម្ពុជា បកស្រាយតាមរយៈសំណេរនោះយ៉ាងដូច្នេះថា៖«ពេញមួយថ្ងៃនេះ ការបំផ្លើសនានា បានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឲ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឲ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។
 
ទន្ទឹមគ្នានេះ មេដឹកនាំកម្ពុជា បានអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ហើយមិនត្រូវភ័យស្លន់ស្លោឡើយ។ មេដឹកនាំរូបនេះ ក៏មិនដែលភ្លេចដែរ ពីការក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕ 
 

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com