ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ប្តឹងអនុប្រធាន LDP ពីបទបរិហារកេរ្តិ៍ បទប្រមាថ និង បទញុះញង់
07, Dec 2020 , 6:13 pm        
រូបភាព
លោក អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថ្លែងក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រចាំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
លោក អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថ្លែងក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រចាំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ សុំប្តឹងលោក អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ចំនួន៣បទចោទ គឺ បទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាថជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គ.ជ.ប ជម្រាបជូនសាធារណជន អំពីការប្តឹង លោក អ៊ី សាំងឡេង តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅរសៀលថ្ងៃទី៧ ខែធ្នូនេះ។



គ.ជ.ប លើកមូលហេតុថា ការប្តឹងនេះ គឺដោយសារតែលោក អ៊ី សាំងឡេង បានបរិហារកេរ្តិ៍ឈ្មោះ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប។ គ.ជ.ប បានស្រង់សំណេររបស់លោក អ៊ី សាំងឡេង ទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ច្បាស់ណាស់ គ.ជ.ប មួយនេះ គឺជាចោរ គឺជាចោរបំផ្លាញជាតិរបស់ពួកយើងក៏អាក្រក់បំផុត គឺពួកគេនេះហើយ ជាអ្នកអនុវត្តផែនការចុះឈ្មោះមនុស្សដោយខុសច្បាប់ ដើម្បីធានាថា បរទេសនៅតែអាចត្រួតត្រាខ្មែរបាននោះ។ ភស្តុតាងនេះ វាច្បាស់ជាងថ្ងៃទៅទៀត។ ខ្ញុំ ថា ពួកគេ គឺជាចោរបែបនេះ ចាំមើលគេមានអ្វីមកបដិសេធទៀត»។

លោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគ.ប.ប ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោក អ៊ី សាំងឡេង បានសរសេរសំណេរនេះ លើទំព័រហ្វេសប៊ុករបស់លោក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។ លោក ថ្លែងដូច្នេះថា៖«យើង ប្តឹងនេះ គឺដើម្បីរកយុត្តិធធម៌ជូនគ.ជ.ប»។

គ.ជ.ប បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ភាសារបស់លោក អ៊ី សាំងឡេង ធ្វើឲ្យមានការភាន់ច្រឡំ និងនាំឲ្យបាត់បង់ទំនុកចិត្តលើស្ថាប័នគ.ជ.ប ក៏ដូចជា មកលើការបោះឆ្នោត។

លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មើលឃើញថា បណ្តឹងរបស់គ.ជ.ប ចោទជារួមយកតែម្តង ដោយពុំបានបញ្ជាក់ចំណុចនីមួយៗឲ្យច្បាស់នោះទេ។
លោក ចង់ឲ្យគ.ជ.ប លម្អិតបទចោទថា៖«ចោទពីបទបរិហារកេរ្តិ៍ ស្អីគេ ជាការបរិហារកេរ្តិ៍? ចោទពីបទជេរប្រមាថ ស្តីគេជាការជេប្រមាទ? ចោទពីបទញុះញង់ ស្អីគេ ជាការញុះញង់? បញ្ជាក់ឲ្យច្បាស់មក»។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថ្លែងថា៖«យើង ឲ្យគ.ជ.ប បោះជំហានទៅមុន យើងចាំតែដើរតាមក្រោយទេ។ យើង មានអ្នកច្បាប់ពិភាក្សារឿងនេះហើយ»។ 

បន្ថែមពីនេះ លោក ចិន ថុន ក៏បានបញ្ចេញមតិលើគណនីហ្វេសប៊ុករបស់លោកដែរជុំវិញពាក្យបណ្តឹងរបស់គ.ជ.ប។ លោក បានបង្ហោះពាក្យបណ្តឹងរបស់គ.ជ.ប អមជាមួយនឹងសំណេរថា៖«កម្មវត្ថុបណ្តឹងប៉ុន្មានចំណុច ក៏គ.ជ.ប អាចសរសេរចោទប្រកាន់យើងបានដែរ ព្រោះ គ.ជ.ប ចង់ចោទអ៊ីចឹង។ កុំរវល់តែប្តឹងសម្ព័ន្ធ ភ្លេចដោះស្រាយពាក្យបណ្តឹងរបស់សម្ព័ន្ធ [នៅគ.ជ.ប] ឲ្យបានត្រឹមត្រូវ»៕

Tag:
 គ.ជ.ប. LDP
© រក្សាសិទ្ធិដោយ thmeythmey.com