កីឡាអន្តរជាតិ
អន្តរជាតិ
Pogba អាច​ចេញពី Man Utd ស្របពេល Ronaldo អាច​ត្រឡប់​ទៅ Old Trafford
08, Dec 2020 , 10:47 am        
រូបភាព
Paul Pogba មិន​សប្បាយចិត្ត​នៅ​ជាមួយ Manchester United ដូច្នេះ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​គួរ​ចាក​ចេញពី Old Trafford អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​។ នេះ​បើតាម​ការអះអាង​របស់​លោក Mino Raiola ភ្នាក់ងារ​កីឡាករ​របស់ Pogba​។ Cristiano Ronaldo ទំនង​អាច​ត្រឡប់​ទៅ​ទ្រនំ​ចាស់​វិញ​។​


​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​ភ្នាក់ងារ​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ​រូបនេះ​នៅ​ថ្ងៃទី​៧ ខែធ្នូ​ថា Pogba ដែល​បង្ហាញខ្លួន​៨​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ ពិតជា​មិន​សប្បាយចិត្ត​ក្នុង​ការបន្ត​អាជីព​ជាមួយ​ក្រុមម​យក្ស​អង់គ្លេស​ទៀតឡើយ​។​
 
«Pogba មិន​សប្បាយចិត្ត​នៅ Man Utd ទេ​។ គាត់​បាន​ប្រាប់ Tuttosport ថា គាត់​ត្រូវតែ​ផ្លាស់ប្តូរ​ក្រុម​។ គាត់​មាន​កិច្ចសន្យា​ដែល​នឹង​ផុតកំណត់​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​ទៀត ប៉ុន្តែ​ខ្ញុំ​គិតថា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ក្លិប និង​កីឡាករ​ទាំងពីរ​គឺ​លក់​គាត់​នៅ​ទីផ្សារ​ដោះដូរ​លើក​ទី​២​ខាងមុខនេះ​»​។ លោក Raiola បន្ថែម​ដូច្នេះ​។​
 
Pogba ដែល​បាន​ចូលរួម​ពី​ក្រុម​សេះបង្កង់ Juventus កាលពី​ឆ្នាំ ២០១៦ បានបង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​តែ​៥​លើក​ប៉ុណ្ណោះ​ចំណោម​១០​លើកចុងក្រោយ​។ ខ្សែបម្រើ​អន្តរជាតិ​បារាំង វ័យ​២៧​ឆ្នាំ​រូបនេះ ធ្វើ​មិន​បានល្អ​ឡើយ​ក្នុង​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ ពោលគឺ​ចាប់តាំងពី​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer ឡើងទៅ​ដឹកនាំ​។​
​ស្របពេល​គ្នា​នេះ ក៏មាន​លេចលឺ​ពាក្យ​ចចាមអារ៉ាម​ពី​ការផ្ទេរ Cristiano Ronaldo ខ្សែប្រយុទ្ធ ក្រុម Juventus ទៅកាន់ Old Trafford វិញ​ផងដែរ​។​
 
​យោងតាម​កាសែត Auto Esporte ការទទួលបាន Ronaldo ត្រឡប់​ទៅ Man Utd វិញ​អាច​នឹង​កើតឡើង​បាន ដ្បិត​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​ឧបត្ថម្ភ Chevrolet ដែល​ផ្តល់​ប្រាក់ចំណូល​ច្រើន​បំផុត​ដល់​ក្លិប​។​
 
​កន្លងមក​ក្លិប​សេះបង្កង់ Juventus ធ្លាប់​ប្រាប់​ពី​បំណង​របស់ខ្លួន​ថា នឹង​លក់ ឬ​អនុ​ញ្ជា​ត​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំនេះ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​តែម្តង ដើម្បី​សល់​ប្រាក់​មួយចំនួនធំ​ពីថ្លៃពលកម្ម​ដ៏​ច្រើន​របស់ Ronaldo សម្រាប់​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ COVID-19៕
 

Tag:
 Paul Pogba
  Manchester United
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com