COVID-19
ជាតិ
សេដ្ឋកិច្ច
ស្ថាប័នហិរញ្ញវត្ថុ ជំរុញ​ឲ្យ​ពលរដ្ឋ ទូទាត់​ប្រាក់​តាម​អេឡិចត្រូនិក​ក្នុង​បរិបទ​កូ​វីដ​-១៩
08, Dec 2020 , 2:49 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថាប័នហិរញ្ញវត្ថុ ចេញ​សេចក្ដី​ថ្លែង​ការរួម​គ្នា ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាក់​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ទប់ស្កាត់​ការចម្លង​កូ​វីដ​-១៩ ចូល​សហគមន៍​។ ស្ថាប័នហិរញ្ញវត្ថុ​អះអាងថា ការធ្វើ​បែបនេះ គឺជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​កូ​វីដ​-១៩ ជាជាង​ការទូទាត់​ដោយផ្ទាល់​តាម​ក្រដាសប្រាក់​។



​ក្រោយ​ក្រសួងសុខាភិបាល​ប្រកាសថា ជំងឺ​កូ​វីដ​-១៩ អាច​ឆ្លងតាម​ក្រដាសប្រាក់ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា បានចេញ​សេចក្ដី​ថ្លែង​ការរួម ដោយ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាង​ទូទាត់​ក្រដាសប្រាក់​ផ្ទាល់ ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការចម្លង​កូ​វីដ​-១៩​ជាមួយ​រដ្ឋាភិបាល​។ 
 
​សមាគម​ធនាគារ​និង​ហិរញ្ញវត្ថុ​ខាងលើ លើកឡើងថា ក្រុម​របស់ខ្លួន​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារជាតិ​កម្ពុជា ដើម្បី​សម្រួល​ការទូទាត់​ប្រាក់​ឆ្លង​គ្រឹះស្ថាន​តាម​អេឡិចត្រូនិក ឲ្យ​កាន់តែ​ងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង​តម្លៃ​សេវា​សមរម្យ តាម​ការកែសម្រួល​លក្ខខណ្ឌ​នានា​ក្នុងពេល​ឆាប់​នេះ​។​
 
​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនេះ បញ្ជាក់ថា​៖«​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដែលជា​តំណាង​ឲ្យ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា សូម​លើកទឹកចិត្ត​ដល់​សាធារណជន អតិថិជន និង​អាជីវករ​ទាំងអស់​ឲ្យ​ធ្វើការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និក​...​ទាញយក​កម្មវិធី​ទូទាត់​និង​កម្មវិធី​ធនាគារ​ឌីជីថល​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មកប្រើប្រាស់​»​។ 
 

Tag:
 ហិរញ្ញវត្ថុ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com