COVID-19
ជាតិ
សុខភាព
វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ពន្យល់​ពី​លទ្ធភាព​នៃ​ការឆ្លង​កូ​វីដ​តាម​ក្រដាស​
06, Dec 2020 , 5:59 pm        
រូបភាព
​
​ភ្នំពេញ​៖ ក្រៅពី​របស់របរ​ប្រើប្រាស់​ផ្សេងៗ ក្រដាស​ឯកសារ ក្រដាសប្រាក់ និង ក្រដាស​នានា ក៏​អាចមាន​លទ្ធភាព​ក្នុងការ​រ​ចម្លងជំងឺ​កូ​វីដ​-១៩ ក្នុងករណី​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ប៉ះពាល់ ឬ​បាន​កាន់​ក្រដាស​ទាំងនោះ ហើយ​អ្នកផ្សេង បាន​ទៅកាន់​បន្ត​។ នេះ​ជាការ​ពន្យល់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​។

 
​អ្នកស្រី ឱ វណ្ណឌី​ន បាន​លើកឡើងថា បើ​បុគ្គល​មាន​កូ​វីដ​-១៩  បាន​យកដៃ​ជូត​ទឹករំអិល​ផ្លូវដង្ហើម​(​សំបោរ ស្លេស ទឹកមាត់​)  ឬ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​-​កណ្តាស់ ហើយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល  ឬ​ទឹក​ជែ​ល ភ្លាមៗ​ទេនោះ  រួច​យកដៃ​នោះ​ទៅកាន់​ក្រដាសប្រាក់ ឬ​ក្រដាស​ផ្សេងៗ  វីរុស​កូ​វីដ​-១៩ នឹង​តោង​លើ​ក្រដាស់​ទាំងនោះ​។​

​អ្នកស្រី​វេជ្ជបណ្ឌិត បន្តថា បើ​មាន​បុគ្គល​ណា​ម្នាក់ ចាប់​កាន់​ក្រដាសប្រាក់​ឬ​ក្រដាស​នានា ដែលមាន​មេរោគ​កូ​វីដ​-១៩​តោង ពេលនោះ មេរោគ​កូ​វីដ​-១៩ នឹង​បន្ត​តោងទៅ​ដៃ​បុគ្គល​នោះ​តែម្តង​។ អ្នកស្រី បន្ថែមថា  ក្នុងករណី​បុគ្គល​នោះ បាន​យកដៃ ដែល​កាន់​ក្រដាស​មាន​វីរុស​កូ​វីដ​-១៩ ទៅ​ប៉ះ​ច្រមុះ  មាត់  ភ្នែក  ជាដើម នោះ   នឹងធ្វើ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩​បាន​លឿន​ជាទីបំផុត​។  មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​រូបនេះ និយាយទៀតថា បន្ទាប់មក ក៏មាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩​បន្តៗ​គ្នា  បើ​មិនបាន​លាងដៃ  មិន​ពាក់​ម៉ាស់  និង មិន​រក្សា​គម្លាត​សុវត្ថិភាព​។ 
 
​ក្រសួងសុខាភិបាល ក៏បាន​ផលិត​វីដេអូ​ខ្លី​មួយ​ដែរ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ ពី​លទ្ធផល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ក្រដាស​៕ 
 
 
 

Tag:
 COVID-19
  ឱ វណ្ណឌី​ន
  កូវីដឆ្លងតាមក្រដាស​
© រក្សាសិទ្ធិដោយ thmeythmey.com