កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ RB Leipzig ទម្លាក់ Man Utd ត្រឹមវគ្គចែកពូល
09, Dec 2020 , 7:49 am        
រូបភាព
ក្រុម Manchester United បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ UEFA Champions League ត្រឹម​វគ្គ​ចែក​ពូ​ល បន្ទាប់ពី​ចាញ់ RasenBallsport Leipzig ក្នុងជំនួប​ចុងក្រោយ ដោយ​លទ្ធផល ៣-២​។ Man Utd សល់​កៅអី​លេង​នៅ Europa League វគ្គ​៣២​ក្រុម ក្រោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៣​ពូ​ល H​។​

 
​នា​ជំនួប​ចុងក្រោយ​ពូ​ល H ក្នុង​កីឡដ្ឋាន Red Bull Arena Leipzig នៅ​រាត្រី​ថ្ងៃទី​៨ ខែធ្នូ ក្រុម​ម្ចាស់ផ្ទះ RB Leipzig ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​រហូត​ធ្វើបាន​សម្រេច​២​គ្រាប់​នាំមុខ Man Utd មុន​នៅ​វគ្គ​ទី​១​។ Angelino ជា​អ្នករក​គ្រាប់​ដំបូង​នៅ​នាទី​ទី​២ មុនពេល Amadou Haidara បន្ថែ​គ្រាប់​ទី​២​នៅ​១១​នាទី​បន្ទាប់​។​
 
​ចូលដល់​វគ្គ​ទី​២ ក្រុម​របស់​អាល្លឺម៉ង់​នៅតែ​អា​ចរក​គ្រាប់​បាល់​បន្ថែមទៀត​ដែលជា​គ្រាប់​ទី​៣​របស់​ពួកគេ​នៅ​នាទី​៦៩​។ នៅ​នាទី​៨០ ក្រុម​ភ្ញៀវ​បិសាច​ក្រហម​រកបាន​១​គ្រាប់​វិញ​ដោយ​ការពិន័យ​១១​ម៉ែត្រ​ពី​កីឡាករ Bruno Fernandes និង Paul Pogba រក​គ្រាប់​ទី​២​នៅ​២​នាទី​បន្ទាប់​។​ចប់​ការប្រកួត RB Leipzig ឈ្នះ Man Utd ៣-២​។​
 
​តាមរយៈ​ជ័យជម្នះ​នេះ គ្រប់គ្រាន់​ដើម្បី​នាំ RB Leipzig ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​នេះ ខណៈ​ក្រុម​លោក Ole Gunnar Solskjaer ដែល​ត្រូវការ​ត្រឹម​ស្មើ​ក្នុងជំនួប​នេះ អស់​ឱកាស​ទៅ​វគ្គ​បន្ត​ហើយ​។ យ៉ាងណាក៏ដោយ ក្រុម​បិសាច​ក្រហម​នៅសល់​កៅអី​លេង​នៅ​ក្របខណ្ឌ​ទី​២ Europa League វគ្គ​៣២​ក្រុម​បន្តទៀត ដ្បិត​ទទួលបាន​លេង​៣​ក្នុង​ពូ​ល​។​
 
​ឆ្លងកាត់​ការប្រកួត​៦​លើក RB Leipzig ឈរ​កំពូល​តារាង​ពួ​ល H បណ្តោះអាសន្ន​មាន​១២​ពិន្ទុ  ឯ Man Utd រកបាន​៩​ពិន្ទុ​។ Paris Saint-Germain នៅ​ឈរ​លេខ​២ មាន​៩​ពិន្ទុ ពី​ការប្រកួត​៥​លើក បាន​កៅអី​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទល់ Istanbul Basaksehir ត្រូវបាន​ពន្យារពេល​នៅ​ពាក់កណ្តាល​ទី ដោយសារ​កីឡាករ​របស់ Istanbul ដើរ​ចេញពី​ទីលាន​ក្តី​។​
 
​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្អាក​ការប្រកួត​នេះ កើតឡើង​បន្ទាប់ពី មន្ត្រី​ការដឹកនាំ​ការប្រកួត​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើពាក្យ​ប្រកាន់​ជាតិ​សាសន៍​ទៅកាន់​ជំនួយការ​គ្រូបង្វឹក​ក្រុម Istanbul លោក Pierre Webo​។ ក្រោយ​ករណីនេះ កីឡាករ​របស់​ក្រុម​តួ​ក​គី​បាន​ដើរ​ច​ញ​ពី​ទីលាន​បន្ទាប់ពី​ប្រកួត​បាន​រយៈពេល ១៤​នាទី​។​
 
​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នឹងត្រូវ​បន្ត​វិញ​នៅ​កីឡដ្ឋាន Parc des Princes ក្នុង​ក្រុងប៉ារីស នៅ​យប់​ថ្ងៃទី​៩ ខែធ្នូ ដោយ​គិត​ចាប់ពី​នាទី​ទី​១៤​តទៅ​៕
 
​លទ្ធផល​ជំនួប​ផ្តាច់ព្រ័ត្រ​តាម​ពូ​ល​ដទៃទៀត​៖
 
​ពូ​ល E
Chelsea ១-១ FC Krasnodar
Rennes ១-៣ Sevilla
 
​ពូ​ល F
Lazio ២-២ Club Brugge
Zenit St. Petersburg ១-២ Borussia Dortmund
 
​ពូ​ល G
Barcelona ០-៣ Juventus
Dynamo Kyiv ១-០ Ferencvaros​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com