កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ៖ ខ្ញុំ​មិនដែល​ចាត់ទុក Messi ជា​គូប្រជែង​ឡើយ​
09, Dec 2020 , 11:29 am        
រូបភាព
Cristiano Ronaldo និយាយថា​ខ្លួន​មិនដែល​ចាត់ទុក Lionel Messi ជា​គូប្រជែង​ឡើយ បន្ទាប់ពី Juventus បាន​យកឈ្នះ Barcelona ៣-០ ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល G ពានរង្វាន់ UEFA Champions League​។​


Ronaldo រកបាន​២​គ្រាប់​ម្នាក់ឯង​ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ និង Weston McKennie ១​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ របស់​សេះបង្កង់​លើ​ក្រុម​អ្នកមាន​បុណ្យ​នៅ​កីឡដ្ឋាន Camp Nou នៅ​រាត្រី​ថ្ងៃទី​៨ ខែធ្នូ​។ នេះ​ក៏​ជាការ​ប្រឈមមុខគ្នា​លើកដំបូង​ក្នុង​រយៈពេល​២​ឆ្នាំ រវាង​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ជាមួយ Messi ផងដែរ​។​
 
​ចាប់តាំងពី Ronaldo ផ្លាស់​ពី Real Madrid ទៅកាន់​ក្លិប​យក្ស​អ៊ីតាលី​នៅ​ឆ្នាំ ២០១៨ កំពូល​កីឡាករ​ទាំងពីរ​ដែល​ធ្លាប់​ប្រជែង​គ្នា​នៅលើ​ទីលាន​ជិត​មួយ​ទសវត្សរ៍ ក៏ត្រូវ​អាក់ខាន​តតាំង​គ្នា​រហូតមក​។ តែដោយសារ​ក្រុម​របស់​ពួកគេ​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា​ក្នុង​ក្របខណ្ឌ​អឺរ៉ុប ទើប​អ្នក​ទាំងពីរ​មានឱកាស​ជួបគ្នា​សាជាថ្មី​។​
 
​ក្រោយ​ការប្រកួត​នេះ Ronaldo បាន​ប្រាប់​កាសែត Movistar+ ថា រូបគេ​ពិតជា​មាន​ទំនាក់ទំនង​ល្អជា​មួយ Messi បើ​ទោះ​ត្រូវបាន​គេ​ប្រៀបធៀប និង​វាយតម្លៃ​យ៉ាងណាក៏ដោយ​។ កីឡាករ​រូបនេះ​អះអាងថា​៖ «​ខ្ញុំ​បាន​ចូលរួម​ពិធី​ប្រគល់​ពានរង្វាន់​រយៈពេល​ចន្លោះ​ពី​១២ ទៅ​១៤​ឆ្នាំ​ជាមួយ​គាត់​។ ខ្ញុំ​មិនដែល​ចាត់ទុក​គាត់​ជា​គូប្រជែង​ទេ​។ គាត់​តែងតែ​ព្យាយាម​ធ្វើ​អ្វីដែល​ល្អ​បំផុត​សម្រាប់​ក្រុម​របស់គាត់ និង​ខ្ញុំ​ផងដែរ​»​។​
 
​ម្ចាស់​ពាន Ballon D’or ៥​សម័យកាល​បន្ថែមថា​៖ «​យើង​ដឹងថា​នៅក្នុង​កីឡាបាល់ទាត់​សម្រាប់​សារព័ត៌មាន ការបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួតប្រជែង​ត្រូវបាន​គេ​កត់សម្គាល់ ប៉ុន្តែ​ខ្ញុំ​តែងតែ​ទទួលបាន​ភាពសុខដុមរមនា​ជាមួយ​គាត់​។ ខ្ញុំ​ជាមួយ​គាត់​គឺ​ធម្មតា​»​។​
 
Juventus និង Barcelona សុទ្ធតែ​បាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់​រកបាន​ពិន្ទុ​នាំមុខ​ដាច់​គេ​ក្នុង​ពូ​ល​។ ក្រុម​យក្ស​អ៊ីតាលី​ឈរ​កំពូល​តារាង​ពូ​ល G មាន​១៥​ពិន្ទុ ឯ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នៅ​លេខ​២​មាន​១៥​ពិន្ទុ​ដូចគ្នា​តែ​ចាញ់​គ្រាប់​បាល់​ក្នុង​ទឹកដី​។ Dynamo Kyiv ទទួលបាន​កៅអី Europa League ក្រោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៣៕
 

Tag:
 Cristiano Ronaldo
  Barcelona
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com