សង្គមអន្តរជាតិ​
អន្តរជាតិ
កិច្ចចរចា​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ប្រព្រឹត្តទៅ​ក្រោម​ការខ្វែងគំនិត​គ្នា​និង​ភាព​តានតឹង​
10, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ សមាជិក​ក្រុមប្រឆាំង​ស៊ី​រី​ឈ្មោះ​គណៈកម្មការ​ចរចា​ស៊ី​រ៊ី ចូលរួម​កិច្ចប្រជុំ​លើកទីមួយ​នៃ​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ថ្មី នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ សមាជិក​ក្រុមប្រឆាំង​ស៊ី​រី​ឈ្មោះ​គណៈកម្មការ​ចរចា​ស៊ី​រ៊ី ចូលរួម​កិច្ចប្រជុំ​លើកទីមួយ​នៃ​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ថ្មី នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​។​
ដោយ: VOA
​ក្រុមប្រឆាំង​ដែល​កំពុង​បះបោរ​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​យល់ព្រម​ថា​របៀបវារៈ​នៃ​កិច្ចប្រជុំ​បន្ទាប់​របស់​ពួកគេ ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខនេះ​នឹង​ផ្តោតលើ​គោលការណ៍​ជា​មូលដ្ឋាន​ដែល​ត្រូវ​រួមបញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​។​

 
​លោក Geir Pedersen បេសកកម្ម​ពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ី​រី​បាន​ទទួលស្គាល់ថា វា​មិនមាន​ការវិវត្ត​ច្រើន​នោះទេ ប៉ុន្តែ​វា​អាច​បើកទ្វារ​ឱ្យ​កាន់តែ​ធំ​ជាង​មុន​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​កាន់តែ​ទូលំទូលាយ​មួយ​។​
 
​លោក​ទទួលស្គាល់​រួចហើយ​ថា ការពិភាក្សា​រវាង​គណៈ​ប្រតិភូ​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​បានបង្ហាញ​ពី​ភាពខុសគ្នា​ជាច្រើន​ក្នុង​គោលជំហរ​របស់​ពួកគេ និង​តាមរយៈ​ភាព​តានតឹង​ក្នុង​កិច្ចពិភាក្សា​នោះ​។ លោក​បាន​និយាយថា វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​នោះទេ បន្ទាប់ពី​មាន​ជម្លោះ​ដ៏​ប្រល័យ​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​នោះ​។​
 
​ប៉ុន្តែ​លោក​បាន​កត់សម្គាល់ថា គណៈប្រតិភូ​ស៊ី​រី​បាន​ស្តាប់​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក​និង​អាច​ស្វែងរក​ចំណុចរួម​បាន​លើ​ផ្នែក​មួយចំនួន​។​
 
​លោក Geir Pedersen បាន​និយាយ​ក្នុងន័យ​ដើម​ថា​៖ «​មាន​គោលជំហរ​មួយចំនួន​ដែល​យើង​សង្ឃឹមថា​នៅពេល​យើង​ជួបប្រជុំគ្នា​ម្តងទៀត ពួកគេ​អាច​យល់ស្រប​និង​អាចបង្កើត​អ្វីមួយ​ដែលមាន​សារៈសំខាន់​នៅពេល​យើង​ចាប់ផ្តើម​ព្រាង​សំណើ​ច្បាប់​សម្រាប់​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​យើង​សង្ឃឹមថានឹង​មិនយូរ​នោះទេ​»​។​
 
​ការចរចា​នេះ​មាន​គោលបំណង​តាក់តែង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​នឹង​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការបោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ស៊ី​រី​។ លោក Pedersen និយាយថា គណៈកម្មាធិការ​ធម្មនុញ្ញ​ត្រូវ​វិ​វត្ត​ទៅមុខ​ឱ្យបាន​លឿន​ជាង​នេះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ ដើម្បី​បុព្វហេតុ​ពលរដ្ឋ​ស៊ី​រី​រាប់លាន​នាក់ ដែល​កំពុងតែ​រងគ្រោះ​ពី​សង្គ្រាម​ដ៏​យូរអង្វែង​មួយ​នេះ​។​
 
​លោក Pedersen បាន​បន្ត​ក្នុង​សម្ដី​ដើម​ទៀតថា​៖ «​អ្វីដែល​សំខាន់​ដែរនោះ​គឺថា យើង​មើលឃើញ​ការវិវត្ត​នៅក្នុង​ប្រទេស​។ យើង​មាន​ការវិវត្ត​នៅក្នុង​សហគមន៍​អន្តរជាតិ​។ យើង​លើកទឹកចិត្ត​ជាពិសេស​ឱ្យ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថ្មី​និង​រុស្ស៊ី ដើម្បី​ជួបពិភាក្សា​គ្នា​ស្វែងរក​ថា​តើ​អាចមាន​វិធានការ​ជា​ជំហានៗ​ដែល​អាចជួយ​គ្នា​ទៅវិញទៅមក​ដែរឬទេ​»​។​
 
​លោក​បាន​និយាយថា ការធ្វើ​បែបនេះ​អាច​នឹង​ជួយ​កសាង​ទំនុកចិត្ត​ដែល​ចាំបាច់​ដើម្បី​វិ​វត្ត​ទៅមុខ​លើ​ដំណើរការ​នយោបាយ​ដែល​ជាប់គាំង​នេះ​។ លោក​និយាយថា ការណ៍​នេះ​នឹង​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​ប្រជាជន​ស៊ី​រី​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​។ សង្គ្រាម​មួយ​ទសវត្សរ៍​នៅក្នុង​ប្រទេស​ស៊ី​រី​បានសម្លាប់​មនុស្ស​ប្រមាណ​៤០០.០០០​នាក់ និង​បណ្តាលឱ្យ​មនុស្ស​ជិត​១២​លាន​នាក់​ធ្វើ​ចំណាកស្រុក​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ក្នុងនាម​ជា​ជនភៀសខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com