ជាតិ
សង្គមជាតិ
គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​ត្រូវ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ដោយ​បន្ត​រៀន​តាម​អន​ឡាញ​វិញ​
10, Dec 2020 , 11:58 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​សង្កេតឃើញថា​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​នោះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​សិន ដោយ​បង្វែរ​ការ​តាម​អន​ឡាញ​វិញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​នា​ថ្ងៃទី​១០ ខែធ្នូ​។

 
​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​គ្រឹះស្ថានសិក្សា និង​រីក​រាល​ដល់​សហគមន៍ ក្រសួង​អប់រំ ក៏​ប្រកាស​ឲ្យ​ផ្អាក​រាល់​សកម្មភាព​ជួបជុំ សិក្ខាសាលា និង​កិច្ចប្រជុំ​ដែលមាន​អ្នកចូលរួម​លើសពី​២០​នាក់ រួមទាំង​ផ្អាក​រាល់​ការហាត់​ប្រាណ និង​លេង​កីឡា​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​។ 
 
​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ក្រសួង​ការងារ​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ បានប្រកាស​ផ្អាក​ដំណើរការ​សិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តោះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រយៈពេល​១៥​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែធ្នូ​។ 
 
​នា​ថ្ងៃ​ដដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ជួបជុំគ្នា រៀបចំ​កម្មវិធី អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​ផងដែរ​។ 
 
​នៅថ្ងៃនោះ​ដែរ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​ក៏បាន​ប្រកាស​ផ្អាក​ដំណើរការ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​ទូទាំងប្រទេស​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ​នេះ អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​មាន​ចំនួន​៣៩​នាក់​។ តួលេខ​សរុប​នៅ​កម្ពុ​ជាមាន​ចំនួន​៣៥៦​នាក់ ដោយ​សះស្បើយ​៣០៧​នាក់​។ អ្នកជំងឺ​៣៦​នាក់​កំពុង​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​សូ​វៀត និង​១៣​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
 
 
 

Tag:
 គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com