សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ប្រាប់​ឲ្យ​គ្រឹះស្ថាន​អប់រំ​អាមេរិក​ពិនិត្យ​ជំនួយ និង​និស្សិត​មកពី​ចិន​ឲ្យ​បាន​ហ្មត់ចត់​
11, Dec 2020 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​៩ ធ្នូ បាន​អំពាវនាវ​ឲ្យ​សាកលវិទ្យាល័យ​អាមេរិក​ទាំងអស់​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅលើ​ជំនួយ​ដែល​បាន​ពី​ស្ថាប័ន​ចិន ក៏ដូចជា​និស្សិត​ចិន​ដែល​មក​សិក្សា​នៅ​អាមេរិក​។ ប្រមុខ​ការបរទេស​រូប​នេះ​ព្រមាន​គ្រឹះស្ថានសិក្សា​អាមេរិក​ថា ចិន​អាច​នឹង​លួចគំនិត​ច្នៃប្រឌិត​បើសិន​សាកលវិទ្យាល័យ​អាមេរិក​មិន​ប្រយ័ត្នប្រយែង​។​

 
​ក្នុង​សុន្ទរកថា នៅ​រដ្ឋ Georgia ដែល​នឹងមាន​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខែក្រោយ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ព្រមាន​ឲ្យ​គ្រឹះស្ថានសិក្សា​អាមេរិក ប្រយ័ត្នប្រយែង​ក្នុងការ​ទទួល​លុយ និង​និស្សិត​ចិន​ឲ្យ​ចូលរួម​ក្នុង​សាលា​របស់​ពួកគេ​។​
 
​លោក ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​គួរ​ស្វាគមន៍​និស្សិត​ចិន​ដែល​មានបំណង​ពិតប្រាកដ​ក្នុងការ​មក​រៀន​នៅ​អាមេរិក​។ ប៉ុន្តែ​លោក ក៏បាន​លើកឡើង​ផងដែរ​នូវ​ករណី​ចំនួន​ពីរ​ដែល​និស្សិត​ចិន​ត្រូវបាន​ចោទប្រកាន់​ពី​ការ​លួច​ការសម្ងាត់ និង​ករណី​ដែល​រដ្ឋាភិបាល​ចិន​ធ្វើបាប​និស្សិត​ខ្លួន​ដែល​មក​រៀន​នៅក្រៅ​ប្រទេស​។​
 
«​បក្ស​កុម្មុយនីស្ត​ចិន ដឹង​ច្បាស់​ណាស់​ថា ខ្លួន​មិនអាច​ឈ្នះ​យើង​(​អាមេរិក​)​ក្នុងការ​បង្កើត​ថ្មី ដូច្នេះហើយ​ទើប​គេ​បញ្ជូន​និស្សិត​ជាង​៤​សែន​នាក់មក​រៀន​នៅ​អាមេរិក​ជា​រៀងរាល់ឆ្នាំ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ការបរទេស​អាមេរិក ដោយ​ព្រមាន​ថា បើសិនជា​សាកលវិទ្យាល័យ​អាមេរិក​មិន​ខ្វល់ និង​មិន​ស្មោះត្រង់​ចំពោះ​អ្វីដែល​កើតឡើង​ទេ នោះ​អាមេរិក​នឹងត្រូវ​ចិន​បង្រៀន​វិញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ឆ្លៀត​ក្នុងពេល​ជាមួយគ្នានេះ ប្រមុខ​ការទូត​អាមេរិក​បន្ត​អំពាវនាវ​ជាថ្មី​ឲ្យ​គ្រឹះស្ថានសិក្សា​អាមេរិក​បិទ​វិទ្យាស្ថាន​ខុង​ជឺ​ផងដែរ​។ វិទ្យាស្ថាន​ខុង​ជឺ​មាន​ទីតាំង​នៅតាម​សាកលវិទ្យាល័យ​អាមេរិក​មួយចំនួន ដោយ​បង្រៀន​ភាសា​ចិន​។ កន្លងទៅ វិទ្យាស្ថាន​នេះ ហាក់​ប្រយ័ត្នប្រយែង​ដោយ​មិនដែល​ជជែក ឬ​លើកឡើង​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ចិន​ឡើយ​។​
 
​លោក ប៉ុ​ម​ប៉េ​អូ សង្កត់ធ្ងន់ថា លោក​ចង់ឃើញ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​បិទ​វិទ្យាស្ថាន​នោះ ក៏ដូចជា​ស៊ើបអង្កេត​ទៅលើ​សកម្មភាព​របស់​ក្រុមនិស្សិត​ចិន​ដែល​ទទួល​លុយ​ពី​បក្ស​កុម្មុយនីស្ត​ចិន​ផងដែរ​។ ប្រមុខ​ការបរទេស​រូប​នេះ អះអាងថា អាមេរិក​មិនគួរ​ឲ្យ​របប​ជិះជាន់​លួច​របស់​ពី​ខ្លួន​ដើម្បី​ទៅ​បង្កើន​អំណាច​យោធា បោក​បញ្ឆោត​ប្រជាពលរដ្ឋ ឬក៏​ទិញយក​ស្ថាប័ន​អាមេរិក​ណាមួយ​ដើម្បី​បិទបាំង​សកម្មភាព​របស់​ចិន​ឡើយ​។​
 
​បើតាម​ទិន្ន័យ​របស់​ក្រសួង​អប់រំ​អាមេរិក សាកលវិទ្យាល័យ​អាមេរិក​ទទួល​ប្រាក់​ប្រមាណ​១,៣​ពាន់​លាន​ដុល្លារ​ពី​ចិន​ចាប់​តាំងតែ​ពី​ឆ្នាំ​២០១៣​មក​។ ប៉ុន្តែ​លោក​ប៉ុ​ម​ប៉េ​អូ និយាយថា ចំនួន​ប្រាក់​ពិតប្រាកដ​អាច​និង​មាន​ច្រើនជាង​នេះ​ដោយសារ​គ្រឹះស្ថាន​ខ្លះ​ពុំបាន​បង្ហាញ​របាយការណ៍​ពិតប្រាកដ​៕
 
 

Tag:
 ចិន​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com