COVID-19
អន្តរជាតិ
Ellen DeGeneres ឆ្លង​កូ​វីដ​-១៩ ហើយ​សម្រេច​ផ្អាក​កម្មវិធី​ខ្លួន​ដល់​ខែមករា​
11, Dec 2020 , 12:29 pm        
រូបភាព
​ម្ចាស់​កម្មវិធី​ទូរ​ស្សន៍​ដ៏​ល្បីល្បាញ​នៅ​អាមេរិក អ្នកស្រី Ellen DeGeneres បានប្រកាស​កាលពី​ថ្ងៃទី​១០​ថា ខ្លួន មាន​វិជ្ជមាន​កូ​វីដ​-១៩ ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​សុខភាព​ល្អប្រសើរ​។

 
 
«​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ខ្ញុំ ត្រូវបាន​កត់សម្គាល់​រួចរាល់ ហើយ​ខ្ញុំ​កំពុង​បន្ត​អនុវត្តតាម​វិធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង CDC​។ ខ្ញុំ​នឹង​ជួប​អ្នក​ទាំងអស់គ្នា​សារជាថ្មី ក្រោយពេល​សម្រាក​»​។ នេះ​ជា​សំណេរ​របស់ Ellen ដែល​បង្ហោះ​នៅលើ​អ៊ី​ន​ធ័​រ​ណិ​ត ពី​ករណី​ខ្លួន​ឆ្លង​កូ​វីដ​-១៩​។​
 
​ជាមួយគ្នានេះ កម្មវិធី Ellen DeGeneres Show ដ៏​ល្បីល្បាញ ក៏ត្រូវ​ផ្អាក​រហូតដល់​ខែមករា ឆ្នាំ​២០២១ ផងដែរ​។  កម្មវិធី​នេះ ធ្លាប់​ផ្អាក​ម្តង​រួចទៅហើយ កាលពី​អំឡុង​ការ​រាលដាល COVID-19 ខ្លាំង​។​
 
​កាលពី​ខែកញ្ញា កន្លងមក Ellen បាន​ដំណើរការ​កម្មវិធី​ឡើងវិញ ទោះបីជា​រង​ព្យុះ​រិះគន់​ខ្លាំងៗ​ប៉ុន្មាន​ខែ​ចុងក្រោយ​ពាក់ព័ន្ធ​រឿង​បរិយាកាស​កន្លែង​ការងារ​មិនល្អ​។ ពីលើ​ឆាក​ផ្ទាល់ Ellen អាយុ​៦២​ឆ្នាំ បាន​សុំទោស​ចំពោះ​រឿង​មិនល្អ​ដែល​បានកើត​ឡើង​ក្រោម​ការគ្រប់គ្រង​របស់​នា​ង​។​
​បើតាម USA Today កាលពី​ខែតុលា Ellen Show ក្លាយជា​កម្មវិធី​ដំបូង​នៅ​អាមេរិក ដែល​បាន​វិលត្រឡប់​ទៅ​ថត​នៅ​ស្ទូ​ត​យោ​ឡើងវិញ ដោយមាន​កន្លែង​អង្គុយ​ទស្សនា​៣០០​កន្លែង​។​
 
​តារា​កិត្តិយស​ចុងក្រោយ​ដែល​បាន​ជួប Ellen ផ្ទាល់​កាលពី​ថ្ងៃ​ពុធ គឺ​តារាចម្រៀង និង​ជា​តារា​សម្តែង Leslie Odom Jr.​។ នៅក្នុង​ខែធ្នូ​ផងដែរ តារា​ល្បីៗ​ផ្សេងទៀត​រួមមាន Justin Bieber, Lil Nas X, Bryan Cranston និង Diane Keaton​។​
 
Ellen មានកម្ម​វិធី​ផ្សេងទៀត​ផងដែរ ដែល​ភាគច្រើន មាន​ភ្ញៀវ​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com