សង្គមអន្តរជាតិ​
អន្តរជាតិ
ម៉ា​រ៉ុ​ក ជា​ប្រទេស​អារ៉ាប់​ទី​៤ សម្រួល​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​
11, Dec 2020 , 2:37 pm        
រូបភាព
មហាក្សត្រម៉ារ៉ុក Mohamed VI ។ រូបភាព AFP
មហាក្សត្រម៉ារ៉ុក Mohamed VI ។ រូបភាព AFP
ដោយ:
​ម៉ា​រ៉ុ​ក និង​អ៊ីស្រាអែល​នៅ​ថ្ងៃទី​១០ ធ្នូ យល់ព្រម​សម្រួល​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ក្រោយ​មានការ​ជ្រោមជ្រែង​ពី​អាមេរិក​។ ម៉ា​រ៉ុ​ក ក្លាយជា​ប្រទេស​អារ៉ាប់​ទី​៤ ដែល​សម្រួល​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល បន្ទាប់ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បា​រ៉ែ​ន និង​ស៊ូដង់​។ ប៉ា​ឡេ​ស្ទី​ន រិះគន់​ម៉ា​រ៉ុ​ក​ចំពោះ​ការសម្រេចចិត្ត​បែ​បន​នេះ​។

 
​ទីបំផុត ម៉ា​រ៉ុ​ក ក៏បាន​សម្រួល​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល ដោយមាន​អាមេរិក​ជា​អ្នក​ជួយ​ចូក​ជួយ​ចែវ​។ ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ និង​មហាក្សត្រ Mohammed VI បាន​ជជែក​តាម​ទូរ​សព្ទ​ពី​ការសម្រួល​ទំនាក់ទំនង​នេះ​។​។ ជា​ថ្នូរ​នឹង​ការសម្រួល​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល អាមេរិក​ប្រកាស​ទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​ម៉ា​រ៉ុ​ក​ក្នុង​តំបន់​សាហា​រ៉ា​ខាងលិច​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
«​មិត្ត​ដ៏​អស្ចារ្យ​របស់​យើង គឺ​អ៊ីស្រាអែល និង​រាជាណាចក្រ​ម៉ា​រ៉ុ​ក​យល់ព្រម​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ពេញលេញ​ជាមួយគ្នា​»​។ នេះ​ជា​សំណេរ​ក្នុង​បណ្តាញ​សង្គម Twitter របស់លោក ត្រាំ ដោយ​អះអាងថា នេះ​ជា​ជំហាន​យ៉ាងសំខាន់​សម្រាប់​សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ក៏​បង្ហាញ​ក្ដី​រីករាយ​ខ្លាំង​ដែរ និង​បាន​និយាយថា រឿង​បែបនេះ នឹង​មកដល់​នៅ​ថ្ងៃ​ណាមួយ​។ 
 
​ក្នុងការ​សម្រួល​ទំនាក់ទំនង​នេះ ម៉ា​រ៉ុ​ក​នឹង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ពេញលេញ និង​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល អនុញ្ញាត​ឲ្យ​យន្តហោះ​អ៊ីស្រាអែល​បើក​ក្នុង​ដែនអាកាស​ខ្លួន និង​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក Jared Kushner កូនប្រសា​រលោក ត្រាំ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សេត​វិមាន​ដែល​ដឹកនាំ​កិច្ចការ​នេះ លើកឡើង ម៉ា​រ៉ុ​ក និង​អ៊ីស្រាអែល ក៏​នឹង​បើក​ការិយាល័យ​ទំនាក់ទំនង​នៅ​រដ្ឋធានី​រ៉ា​បា និង​តែ​ល​អា​វីវ ដើម្បី​សម្រួល​ទំនាក់ទំនង​មាន​ស្រាប់ មុន​ឈានដល់​ការបើក​ស្ថានទូត​នាពេល​ក្រោយ​។​
 
​ចំណែក​រាជវាំង​ម៉ា​រ៉ុ​ក​វិញ លើកឡើងថា អាមេរិក នឹង​បើក​ស្ថាន​កុងស៊ុល​នៅ​តំបន់​សាហា​រ៉ា​ខាងលិច​។ តំបន់​សាហា​រ៉ា​ខាងលិច ជា​តំបន់​វាល​ខ្សាច់​ដែល​ម៉ា​រុក និង​រណសិរ្ស Polisario ដណ្តើម​កាន់កាប់​។ រណសិរ្ស Palisario​ដែល​គាំទ្រ​ដោយ​អាល់​ហ្សេ​រី ចង់បាន​តំបន់​នេះ​ដើម្បី​បង្កើត​រដ្ឋ​ថ្មី​មួយ​ជា​យូរ​មកហើយ​។ អាមេរិក តាំងតែ​ពី​ដើមឡើយ​រក្សា​ជំហរ​កណ្តាល ដោយ​គាំទ្រ​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​២ និង​អះអាងថា​ការបង្កើត​រដ្ឋ​ថ្មី​ពុំ​អាចទៅរួច​ឡើយ​។​
 
​តាំងពី​បង្ហាញ​ផែនការ​សន្តិភាព​តំបន់​មជ្ឈិមបូព៌ា​មក លោក ត្រាំ  បាន​ជំរុញ​ឲ្យ​ប្រទេស​អារ៉ាប់​សម្រួល​ការទូត​ជាមួយ​អ៊ីស្រាអែល​មក​។ ប៉ា​ឡេ​ស្ទី​ន​អះអាងថា សកម្មភាព​បែបនេះ មិន​ខុស​អ្វី​ពី​ការធ្វើ​ឲ្យ​ថយក្រោយ​នូវ​បុព្វហេតុ​ក្នុងការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នោះទេ​។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ថា ការសម្រួល​ទំនាក់ទំនង​នេះ គឺ​ទទួលស្គាល់​ទឹកដី​ដែល​អ៊ីស្រាអែល​កាន់កាប់ ដែល​ផ្ទុយ​ពី​ដំណោះស្រាយ​រដ្ឋ​-​ពីរ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​
 
​សូម​រំឭកថា អេ​ហ្ស៊ី​ប ជា​ប្រទេស​អារ៉ាប់​ទីមួយ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​១៩៧៩ និង​ហ្ស៊​កដា​នី​ក្នុង​ឆ្នាំ​១៩៩៤​។ នៅ​ឆ្នាំ​២០២០ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏​សម្រួល​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ជ្វី​ហ្វ​នេះដែរ ហើយ​ក្រោយមក​ក៏មាន​បា​រ៉ែ​ន និង​ស៊ូដង់​៕

Tag:
 ម៉ា​រ៉ុ​ក​
 ​អ៊ីស្រាអែល​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com