ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
អន្តរជាតិ
អង្គការសហប្រជាជាតិ​ថា​ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​
11, Dec 2020 , 7:59 pm        
រូបភាព
​បាតុករ​ម្នាក់​ដែល​រក្សា​គម្លាត​ពី​បាតុករ​ដទៃទៀត​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ កាន់​បដា​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​ច្បាប់​ប្រឆាំង​ភេរវកម្ម​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​
​បាតុករ​ម្នាក់​ដែល​រក្សា​គម្លាត​ពី​បាតុករ​ដទៃទៀត​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ កាន់​បដា​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​ច្បាប់​ប្រឆាំង​ភេរវកម្ម​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​
ដោយ: VOA
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​កំពុង​ទទូច​ឲ្យ​ពិភពលោក​យក​សិទ្ធិមនុស្ស​ជា​អាទិភាព​និង​សំខាន់​នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ងើប​ពី​វីរុស​កូ​រ៉ូ​ណា​ដើម្បី​សម្រេចបាន​អនាគត​ល្អប្រសើរ​សម្រាប់​ពលរដ្ឋ​របស់ខ្លួន​។​

 
​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំឆ្នាំ​លោក​អគ្គលេខាធិការ​អ​.​ស​.​ប​. Antonio Guterres បាន​និយាយថា​ជំងឺ​រាតត្បាត​កូ​វីដ​១៩​មាន​ផលប៉ះពាល់​ច្រើនជាងគេ​លើ​ក្រុម​ងាយ​រងគ្រោះ​រួមមាន បុគ្គលិក​ជួរមុខ មនុស្ស​ចាស់ ជនពិការ​ស្ត្រី​និង​ក្មេងស្រី​ហើយនឹង​ជនជាតិភាគតិច​។​
 
​លោក Guterres បាន​និយាយថា​៖ «​វីរុស​នេះ​បាន​រីកលូតលាស់​តាមរយៈ ភាពក្រីក្រ​វិសមភាព​ការរើសអើង​ការបំផ្លាញ​បរិស្ថាន​ធម្មជាតិ​ហើយ​បរាជ័យ​ខាង​សិទ្ធិមនុស្ស​ដទៃទៀត​បាន​បង្កើតឱ្យមាន​ភាពផុយស្រួយ​នៅក្នុង​សង្គម​របស់​យើង​»​។ លោក​ថ្លែង​ដូច្នេះ​ជាការ​ឆ្លើយតប​នឹង​វិធានការ​គាបសង្កត់​រប​ស់មេ​ដឹកនាំ​ដែល​យក​វីរុស​ជា​លេស​ដាក់​វិធានការ​សន្តិសុខ​ធ្ងន់​ដៃ​និង​ប្រើ​វិធានការ​គាបសង្កត់​រឹតត្បិត​សេរីភាព​ពលរដ្ឋ​និង​សេរីភាព​សារព័ត៌មាន​។​
 
​នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ហ្សឺ​ណែវ​លោកស្រី Michelle Bachelet ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា​បរាជ័យ​របស់​ប្រទេស​ជាច្រើន​មិនបាន​ចាត់វិធានការ​ប្រឆាំង​វីរុស​នេះ​ឲ្យ​ច្បាស់លាស់​និង​ឆាប់រហ័ស​ដើម្បី​បង្ការ​ការរីក​រាលដាល​វីរុស​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​សេដ្ឋកិច្ច​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។​
 
​លោកស្រី Bachelet បាន​មានប្រសាសន៍ថា​៖ «​ការយក​ជំងឺ​រាតត្បាត​ធ្វើ​នយោបាយ​តាម​វិធី​នេះ​គឺ​មិនអាច​ទទួលយក​បានទេ​ហើយ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់​។​ភស្តុតាង​និង​ដំណើរការ​ខាង​វិទ្យាសាស្ត្រ​មិនត្រូវ​បាន​គេ​អើពើ​ហើយ​ទ្រឹស្តី​ឃុបឃិត​គ្នា​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ត្រូវបាន​គេ​សាប​ព្រួស​និង​អនុញ្ញាត​ឲ្យ​ឬ​លើកទឹកចិត្ត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com