អន្តរជាតិ
លោក បៃ​ឌិន និង​លោកស្រី ហារី​ស ជា​បុគ្គល​ប្រចាំឆ្នាំ​២០២០ របស់​ទស្សនា​វ​ដ្តី Time
11, Dec 2020 , 9:59 pm        
រូបភាព
លោក ចូ បៃឌិន និងលោកស្រី កាម៉ាឡា ហារីស លើក្របទស្សនាវដ្ដី Time ។ រូបភាព៖Time
លោក ចូ បៃឌិន និងលោកស្រី កាម៉ាឡា ហារីស លើក្របទស្សនាវដ្ដី Time ។ រូបភាព៖Time
ដោយ:
​ទស្សនាវដ្ដី​ដ៏​ល្បីល្បាញ​របស់​អាមេរិក Time នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​ជ្រើស​យក​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ចូ បៃ​ឌិន និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​លោកស្រី​កា​ម៉ា​ឡា ហារី​ស ជា​បុគ្គល​ប្រចាំឆ្នាំ​២០២០​។

 
​លោក ចូ បៃ​ឌិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស ផ្ដួល​បេក្ខភាព​បី​ទៀត​មាន​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បុគ្គលិក​សុខាភិបាល​ជួរមុខ និង​វេជ្ជបណ្ឌិត Anthony Fauci និង​ចលា​នា​យុត្តិធម៌​ប្រឆាំង​ការរើសអើង​ពូជសាសន៍​។ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោក បៃ​ឌិន និង​ដៃគូ ទទួលបាន​សំឡេងឆ្នោត​ចំនួន​៨១​លាន​ដែលជា​ចំនួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​ឈ្នះ​លោក ត្រាំ ដាច់​៧​លាន​សំឡេង​។​
 
«​ក្នុងការ​កែប្រែ​រឿងរ៉ាវ​អាមេរិក ដែល​បង្ហាញ​ពី​កម្លាំង​នៃ​ការអាណិតអាសូរ​ដែល​ធំធេង​ជាង​ការបែកបាក់ ក៏ដូចជា​ការចែករំលែក​ទស្សនវិស័យ​ក្នុងការ​ព្យាបាល​ពិភពលោក​ដ៏​ក្រៀមក្រំ លោក​ចូ បៃ​ឌិន និង​លោកស្រី​កា​ម៉ា​ឡា ជាប់​ជា​បុគ្គល​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ត្តី​Time»​។ នេះ​ជា​សំណេរ​របស់លោក Edward Felsenthal និពន្ធ​នាយក​ទស្សនាវដ្ដី​នេះ​។​
 
​ការបញ្ចូល​លោកស្រី ហារី​ស ជា​បុគ្គល​ប្រចាំ​ឆ្នាំនេះ ជា​រឿងលើក​ដំបូង​ដែល​អនុ​ប្រធានាធិបតី​ត្រូវបាន​ជ្រើសរើស​រួមជាមួយ​ប្រធានាធិបតី​។​លោក Felsenthal និយាយថា  បុគ្គល​ប្រចាំឆ្នាំ មិនមែន​សំដៅ​តែ​ឆ្នាំ​ដែល​ទទួលបាន​ងារ​នេះឡើយ ប៉ុន្តែ​ក៏​សម្លឹងមើល​ទិសដៅ​ដែល​បុគ្គល​នោះ​តម្រង់​ទៅ​ផងដែរ​។ 
​លោក​អះអាងថា ក្នុង​រយៈពេល​៤​ឆ្នាំ​ទៅមុខ លោក បៃ​ឌិន និង​លោកស្រី ហារី​ស នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើន ដែល​ក្នុងនោះ​គឺ​ការបង្រួបបង្រួម​អាមេរិក​ផងដែរ​។​
 
​មេដឹកនាំ​អាមេរិក​ផ្សេងទៀត​ដែល​ទទួលបាន​ការផ្តល់​ងារ​ដោយ​ទស្សនាវដ្ដី Time នេះដែរ​មាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ឆ្នាំ​២០១២ និង​លោក ត្រាំ នៅ​ឆ្នាំ​២០១៦ នៅពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឡើយ​។ 
 
​ទស្សនាវដ្ដី Time  កត់សម្គាល់ថា ការផ្តល់​ងារ​នេះ មិនមែនជា​កិត្តិយស​ឡើយ ប៉ុន្តែ​ជាការ​ទទួលស្គាល់​ពី​ឥទ្ធិពល​របស់​បុគ្គល​នោះ​ដែលមាន​ទៅលើ​វិស័យ​ព័ត៌មាន ទោះបីជា​ល្អ ឬ​អាក្រក់​ក្តី​។ កាលពី​ឆ្នាំ​២០១៩ ទស្សនា​វ​ត្តី​នេះ បានផ្តល់​ងារ​នេះ​ទៅដល់​យុវតី Greta Thunberg ដែលជា​សកម្មជន​ការពារ​អាកាសធាតុ​។​
 
​ក្រៅ​តី​ពី​បុគ្គល​ប្រចាំឆ្នាំ ទស្សនាវដ្ដី​នេះ ក៏​ផ្តល់​ងារ​ផ្សេងៗ​ទៀត​ដែរ​។ ងារ​ជា​ធុរកិច្ច​ជន​ប្រចាំឆ្នាំ​២០២០ ត្រូវបាន​ទៅ​លោក Eric Yuan ដែលជា​នាយក​ប្រតិបត្តិ​កម្មវិធី Zoom ដែល​មនុស្ស​គ្រប់គ្នា​ទាញយក​មកប្រើប្រាស់​សម្រាប់​ការប្រជុំ និង​រៀន​អន​ឡាញ​អំឡុង​កូ​វីដ​-១៩ ។ អ្នកការពារ​ប្រចាំឆ្នាំ​២០២០ បាន​លើ​សកម្មជន​ទាមទារ​យុត្តិធម៌​សម្រាប់​ពូជសាសន៍​លោកស្រី Assa Traore និង​លោកស្រី Porche Bennett-Bey ,​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​វេជ្ជបណ្ឌិត Fauci​។ អត្ត​ព​លិ​ក​ប្រចាំឆ្នាំ​២០២០ បាន​លើ​កីឡាករ​បាល់បោះ LeBron James រីឯ​សិល្បករ​កំសាន្ត​ប្រចាំឆ្នាំ​បាន​ទៅ​ក្រុម​ចម្រៀង BTS ៕
 

Tag:
 ចូ បៃ​ឌិន​
  កា​ម៉ា​ឡា ហារី​ស
© រក្សាសិទ្ធិដោយ thmeythmey.com