អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ជំរុញ​ឲ្យ​ពលរដ្ឋ​គាំទ្រ​គោលដៅ​គ្មាន​កាបូ​និក​ឆ្នាំ​២០៥០
11, Dec 2020 , 10:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបភាព Xinhua
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង​
 
​នៅ​ថ្ងៃទី ១០ ខែធ្នូ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ដែលមាន​ផលប៉ះពាល់​តិចតួច​ដល់​បរិស្ថាន សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​គ្មាន​កាបូ​និក​ឆ្នាំ​២០៥០ ។ លោក មូ​ន ប្តេជ្ញា​គាំទ្រ​ដល់​បច្ចេកវិទ្យា​ដែល​បញ្ចេញ​កាបូ​និក​ទាប​។​

 
«​យើង​ត្រូវ​កាត់បន្ថយ​ការចំណាយ​លើ​ការផ្លាស់ប្តូរ​ថាមពល​តា​មរយៈ​ជំរុញ​ភាពជឿនលឿន​ខាង​ផ្នែក​បច្ចេកវិទ្យា​»​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ថ្លែង​បែបនេះ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​។ លោក​បាន​បន្តទៀតថា រដ្ឋាភិបាល​នឹង​ផ្តល់​ការគាំទ្រ​យ៉ាងរឹងមាំ​ដើម្បី​ឲ្យ​បច្ចេកវិទ្យា​អាច​ដឹកមុខ​ពិភពលោក​ក្នុងការ​សម្រេច​ឲ្យ​បាន​គោលដៅ និង​ក្លាយជា​ម៉ាស៊ីន​ជំរុញ​កំណើន​នៅពេល​អនាគត ។ 
 
​លោក មូ​ន ប្រាប់​ប្រជាជន​កូរ៉េខាងត្បូង ថា បើ​មិន​ចង់​យឺត​ពេល ត្រូវ​ចាប់ផ្ដើម​ពី​ពេលនេះ​។ ជាមួយគ្នា​នោះ លោក​ក៏​ប្រកាស​សន្យា​ផ្ដល់ប្រាក់​គាំទ្រ​ចំនួន​៧,១០​ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​កិច្ចព្រមព្រៀង​បៃតង មាន​គោលដៅ​បង្កើត​ការងារ និង​ពង្រឹង​ការ​ងើប​ឡើងវិញ​របស់​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបង្កើត​តំបន់ឧស្សាហកម្ម​ដែល​បញ្ចេញ​កាបូ​និក​ទាប និង​នគរូបនីយកម្ម​ព្រៃឈើ​ផងដែរ​។ នេះ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ក្នុង​ដំណើ​ឈានទៅ​កាន់​គោលដៅ​ឆ្នាំ​២០៥០ កូរ៉េខាងត្បូង មាន​ផែនការ​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ដែល​ពឹងពាក់​លើ​ហ្វូ​ស៊ី​ល​ឥន្ធនៈ​ទៅជា​ប្រព័ន្ធ​ផ្អែកលើ​ថាមពល​កកើត​ឡើងវិញ​។ ប្រទេសមួយ​នេះ មានបំណង​ព​ន្លឿ​ន​គោលដៅ​ដំណើការ​យានយន្ត​អគ្គិសនី​ចំនួន​១,១៣​លាន​គ្រឿង និង ឡាន​អ៊ីដ្រូសែន​ចំនួន​២​សែន​គ្រឿង​នៅលើ​ដងផ្លូវ​នៅ​ឆ្នាំ​២០២៥​។ ជាមួយគ្នា ប្រជាជន ២០ លាន​គ្រួសារ​នៅ​ទូទាំងប្រទេស មានលទ្ធភាព​ប្រើប្រាស់​អាគុយ​សាក​នៅផ្ទះ​ដែរ​។​
 
​គួរ​បញ្ជាក់ថា ថាមពលអគ្គីសនី​រប​ស់​កូរ៉េខាងត្បូង​៤០​ភាគរយ​បានមកពី​ថាមពល​ធ្យូងថ្ម ខណៈពេល​ថាមពល​កកើត​ឡើងវិញ​តិចជាង​៦​ភាគរយ​។​
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com