អន្តរជាតិ
សេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង Jimmy Lai ត្រូវ​ចោទប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​
11, Dec 2020 , 4:50 pm        
រូបភាព
សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai។ រូបភាព៖ AP
សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai។ រូបភាព៖ AP
​សេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង លោក Jimmy Lai នៅ​ថ្ងៃទី​១១ ខែធ្នូ ត្រូវ​រង​ពីបទ​សមគំនិត​ជាមួយ​បរទេស​ជាថ្មី ដែល​មានចែង​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ការ​ចោទ​ពីបទ​ល្មើស​ថ្មី​នេះ ធ្វើឡើង​ខណៈពេល​លោក​កំពុង​ជាប់ចោទ​ពីបទ​ល្មើស​ដោយឡែក​មួយ​ទៀត​។

 
​ស្របពេល​កំពុងស្ថិត​ក្រោម​បទ​ចោទ​ក្លែងបន្លំ​ឯកសារ លោក Jimmy Lai ស្ថាបនិក​ក្រុមហ៊ុន Next Digital និង​កាសែត Apple Daily ត្រូវបាន​អង្គភាព​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចោទ​ពីបទ​សមគំនិត​ជាមួយ​បរទេស​ជាថ្មី​ម្តងទៀត ដែលជា​ធាតុ​មួយ​នៅក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ 
 
​កន្លងទៅ លោក Lai ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​ផងដែរ ពីបទ​ផ្សំគំនិត​ជាមួយ​កម្លាំង​បរទេស​។​ចំណែក  ការិយាល័យ​កាសែត Apple Daily នៅ​ជាយ​ទីក្រុង​ហុងកុង ត្រូវបាន​ប៉ូលិស​ចូលទៅ​ឆែកឆេរ​។​
​បើតាម​ការបញ្ជា​ក់រប​ស់​ប៉ូលិស​ហុងកុង លោក Lai នឹង​បង្ហាញខ្លួន​នៅក្នុង​សវនាការ​ជាថ្មី​នៅ​ថ្ងៃទី​១២ ខែធ្នូ ក្រោម​បទល្មើស​សមគំនិត​ជាមួយ​បរទេស​។ អ្នក​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​មកទល់ពេលនេះ លោក Lai គឺជា​បុគ្គល​ទី​៤​ហើយ ដែល​ត្រូវបាន​ចោទ​ពីបទ​ល្មើស ដែល​មានចែង​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​។ លោក Lai តែង​ចេញចូល​អាមេរិក​ជា​ញឹកញយ ហើយ​ជួប​ជាមួយ​មន្ត្រី​អាមេរិក​ផងដែរ​។ នេះ​ជា​មូលដ្ឋាន​មួយ​សម្រាប់​ទីក្រុង​ហុងកុង​ក្នុង​ចោទ​រូបលោក​។​
 
​ពេលនេះ ស្ថាបនិក​កាសែត Apple Daily កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​ពីបទ​ល្មើស​ទាក់ទិន​នឹង​ការប្រើប្រាស់​ដោយ​ខុសច្បាប់​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ដោយ​ចេតនា ដែល​មិន​បានចែង​ក្នុង​កិច្ចសន្យាជួល និង​រងចាំ​ការកាត់ទោស​នៅ​ខែមេសា ឆ្នាំ​២០២១ ខាងមុខ​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃទី​១៥ ខែធ្នូ លោក Lai នឹងដាក់​ពាក្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទៅ​តុលាការ​ជាន់ខ្ពស់​។ 
 
​សូមបញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​ចូល​ជា​ធរមាន​នៅក្នុង​ក្រុង​ហុងកុង នៅ​ថ្ងៃទី​១ ខែកក្កដា មានចែង​ពីបទ​ល្មើស​ធំៗ​ចំនួន ៤​គឺ វិទ្ធង្សនា ការធ្វើ​អបគមន៍ សកម្មភាព​ភេរវកម្ម និង​ការ​សមគំនិត​ជាមួយ​បរទេស​៕

Tag:
 ​ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com