សង្គមអន្តរជាតិ​
អន្តរជាតិ
វិទ្យាស្ថាន Stimson នឹង​ចាប់ផ្តើម​គម្រោង​តាមដាន​ទំនប់​វារីអគ្គិសនី​លើ​ទន្លេមេគង្គ
12, Dec 2020 , 3:44 pm        
រូបភាព
ដោយ: VOA
វិទ្យាស្ថាន​ Stimson ​របស់​សហរដ្ឋ​អាមេរិក ​គ្រោង​នឹង​ចាប់​ដំណើរការ​ការស្រាវជ្រាវ​មួយ​ដែល​តាមដាន​មើល​ការសាងសង់​ទំនប់​នានា​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដោយសារតែ​តំបន់​អាង​ទន្លេ​ដ៏ធំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ កំពុងតែ​ឈាន​ឆ្ពោះ​ទៅ​មាន​វិបត្តិ​ជីវសាស្រ្ត។



គម្រោង​«តាមដានមើល​ទំនប់​មេគង្គ»​ (Mekong Dam Monitor) ​គឺជា​វេទិកា​អនឡាញ​មួយ​ដែល​ប្រើប្រាស់​បច្ចេកទេស​តាមដាន​ពី​ចម្ងាយ ​រូបភាព​តាម​ផ្កាយ​រណប​ និង​ការវិភាគ​ដោយ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ដើម្បី​ផ្តល់​របាយការណ៍​ពីការវិវត្តនានា​ទាន់ពេល​ភ្លាមៗ​ ហើយ​ទិន្នន័យ​នេះ ​អាច​ទាញយក​បាន​តាមសូចនាករ​នានា​ ដែល​មិន​ធ្លាប់​បាន​រាយការណ៍​ពីមុន​មក។ នេះ​ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន ​Stimson។

វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ ​បាន​បន្ថែម​ថា៖ «ដោយសារតែ​អាងទន្លេ​មេគង្គឈាន​ឆ្ពោះ​ទៅ​ដល់​វិបត្តិ​អេកូឡូស៊ី ​ការទទួល​បាន​ចំណេះដឹង​ពី​ការសាងសង់​ទំនប់​នានា​លើ​ខែ្សទឹក​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ចិន​និង​ផ្នែក​ដទៃ​ទៀត​នៃ​អាង​ទន្លេ​មេគង្គ ​ត្រូវបាន​គេ​រក្សា​ទុក​ជាសម្ងាត់​នៅក្នុង​ប្រអប់​ខ្មៅ»។

អ្នករៀបចំ​គម្រោង​រំពឹង​ថា​ នឹង​ធ្វើបច្ចុប្បន្នភាពប្រចាំ​សប្តាហ៍​ដែល​ថត​ពី​ផ្កាយ​រណប​នូវ​ទំបន់​ទឹក​ទាំង​១៣ ​ដែល​បាន​សាងសង់​រួច​ហើយ​និង​អាង​ស្តុកទឹក​នៅលើ​ខ្សែទឹក​ទន្លេ​មេគង្គ​ ដែល​បន្ថែម​នឹង​ទំនប់​ចំនួន​១៥ ​ដែល​បាន​សាងសង់​លើ​ដៃ​ទន្លេ​ដោយ​ផ្តល់​ឋាមពល​ចំនួន​ជាង​២០០មេហ្កាវ៉ាត់។

ដោយសារតែ​ជំងឺកូវីដ​១៩ ​កំពុង​ឆ្លងរាលដាល​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ ការចាប់ផ្តើម​គម្រោង​នេះ​ នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ Zoom ​នៅថ្ងៃ​ទី​១៥ ​ខែធ្នូ ​ដោយ​មាន​ការចូលរួម​ពី​វាគ្មិន​សំខាន់ៗ​ ក្នុងនោះ​ មាន​លោក David R. Stilwell ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា លោក​ W. Patrick Murphy ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​លោក ពូ សុធីរៈ នាយក​ប្រតិបត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហ​ប្រតិបត្ដិការ ​និង​សន្ដិភាព ​និង​លោក Pham Quang Vinh ​អតីត​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

គម្រោង​នេះ​ គឺជា​កិច្ច​សហ​ប្រតិបត្តិការ​ជាដៃ​គូ​រវាង​កម្មវិធី​អាស៊ី​អាគ្នេយ៍​របស់​វិទ្យាស្ថាន​ Stimson ​និង​អង្គការ​ Eyes on Earth។ គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី​ដៃគូ​សហរដ្ឋអាមេរិក និងមេគង្គ (Mekong-US Partnership)​ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com