សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រីមេដឹកនាំកុលសម្ព័ន្ធនៅអេក្វាឌ័រឈ្នះពានរង្វាន់បរិស្ថាន ក្រោយឈ្នះក្តីលើរដ្ឋាភិបាល
12, Dec 2020 , 8:59 pm        
រូបភាព
ដោយ: ធីតា
អ្នកស្រី Nemonte Nenquimo មេដឹកនាំកុលសម្ព័ន្ធ Waorani នៅប្រទេសអេក្វាឌ័រ បានក្លាយជាម្ចាស់ពានរង្វាន់ The Goldman Environmental Prize ដែលត្រូវបានចាត់ទុកជាពានរង្វាន់ណូបែលផ្នែកបរិស្ថាន។ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ ជាសកម្មភាពបរិស្ថានដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីការពារព្រៃទឹកភ្លៀង (Rainforest) នៅតំបន់អាម៉ាហ្សូន។




កាលពីឆ្នាំមុន អ្នកស្រី Nenquimo និងសមាជិកជនជាតិដើមភាគតិច Waorani បានឈ្នះក្តីលើរដ្ឋាភិបាលអាក្វាឌ័រ ដោយសង្គ្រោះបានព្រៃឈើជាង២០ម៉ឺនហិកតានៅតំបន់អាម៉ាហ្សូន។ «រដ្ឋាភិបាលបានព្យាយាមលក់ដីរបស់យើងទៅឲ្យក្រុមហ៊ុនប្រេង ដោយគ្មានការអនុញ្ញាតពីយើងទាំងអស់គ្នា។ ព្រៃឈើទឹកភ្លៀងពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់យើង។ យើងត្រូវសម្រេចវាសនាលើទីតាំងដែលយើងរស់នៅ។ យើងនឹងមិនលក់ដីទៅឲ្យក្រុមហ៊ុនប្រេងនោះឡើយ»។ នេះជាការអះអាងរបស់ Nenquimo។


តាមការផ្សាយ One Green Planet អ្នកស្រី Nenquimo និងសមាជិករបស់ខ្លួន បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីតស៊ូមតិនៅតុលាការ ហើយយុទ្ធនាការ «ព្រៃទឹកភ្លៀងរបស់យើងមិនមែនសម្រាប់លក់» (Our Rainforest Is Not For Sale) ទាក់ទងបានអ្នកគាំទ្ររាប់ម៉ឺននាក់។

ទីបំផុត Nenquiomo បានឈ្នះផ្លូវច្បាប់លើរដ្ឋាភិបាល ហើយគាត់បានអះអាងប្រាប់ BBC ថា ជនជាតិដើម Waorani គឺជាអ្នកការពារព្រៃ ដូច្នេះពួកគេត្រូវតែបន្តថែរក្សាទឹកដី និងវប្បធម៌រាប់ពាន់ឆ្នាំរបស់ខ្លួន។

Nenquimo ក៏ជាសហប្រធានសម្ព័ន្ធ The Ceibo Alliance ផងដែរ ដោយអង្គការមួយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃទឹកភ្លៀងនៅតំបន់អាម៉ាហ្សូន ដែលបច្ចុប្បន្នកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង។


គិតចាប់តាំងពីឆ្នាំ១៩៨៩ មក ពានរង្វាន់ The Goldman Environmental Prize មានតម្លៃស្មើ «Green Nobel Prize» ដោយត្រូវបានចែកជូនជារៀងរាល់ឆ្នាំដល់សកម្មជនមូលដ្ឋាននៅតំបន់ភូមិសាស្ត្រទាំង៦លើពិភពលោក។

អ្នកស្រី Nenquimo ជាម្ចាស់ពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូង និងកណ្តាល រីឯជ័យលាភីផ្សេងទៀត មាន លោកស្រី Leydy Pech (ម៉ិកស៊ិក) ប្រចាំតំបន់អាមេរិកខាងជើង លោកស្រី Kristal Ambrose (បាហាម៉ា) ប្រចាំដែនដីកោះ លោក Paul Sein Twa (មីយ៉ាន់ម៉ា)  ប្រចាំអាស៊ី លោកស្រី Licie Pinson (បារាំង) ប្រចាំអឺរ៉ុប និងលោក Chibeze Ezekiel (ហ្គាណា) ប្រចាំអាហ្វ្រិក៕





© រក្សាសិទ្ធិដោយ thmeythmey.com