អន្តរជាតិ
ប្រទេសតំបន់ប៉ាស៊ីហ្វិក ជំរុញឲ្យពិភពលោកយកចិត្តទុកដាក់ខ្លាំងលើបម្រែបម្រួលអាកាសធាតុ
12, Dec 2020 , 9:59 pm        
រូបភាព
ទិដ្ឋភាពកោះសាម័រពីអាកាស។ រូបភាព​ Xinhua
ទិដ្ឋភាពកោះសាម័រពីអាកាស។ រូបភាព​ Xinhua
ដោយ: ថ្មីៗ
ដោយ៖ កង ម៉េងហុង
ប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ដែលងាយរងគ្រោះបំផុតនឹងបម្រែបម្រួលអាកាសធាតុ បានស្នើជាថ្មីឲ្យពិភពលោកយកចិត្តទុកដាកអំពីការជួយសង្គ្រោះភពផែនដី។ ការស្នើនេះ ធ្វើឡើងមុនជំនួបអន្តរជាតិស្ដីពីការឡើងកម្ដៅផែនដី។



ប្រជុំកោះនៅតំបន់ប៉ាស៊ីហ្វិក ស្ថិតក្នុងចំណោមប្រទេសដែលរងឥទ្ធិពលអាក្រក់បំផុតពីការប្រែប្រួលអាកាសធាតុ។ ពួកគេកំពុងគំរាមកំហែងដោយសមុទ្រដែលកំពុងកើនឡើង និង ព្យុះស៊ីក្លូនដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ។

ក្នុងវេទិកាប្រទេសប៉ាស៊ីហ្វិកនៅថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្រ្តីហ្វីជីលោក Frank Bainimarama និយាយថា ការដោះស្រាយបញ្ហា បានជាប់គាំងចាប់តាំងពីការចុះកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសកាលពី ៥ ឆ្នាំមុន។ លោកបានស្នើឲ្យមានពិភពលោកជំរុញការស្វែងរកដំណោះស្រាយលើបញ្ហាសាកលមួយនេះ ពិសេសប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើន ដែលត្រូវចេញមុខទទួលខុសត្រូវឲ្យបានខ្លាំងតាមការប្ដេជ្ញាចិត្តរបស់ពួកគេ។

«យើងសុទ្ធតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់គ្នា ហើយឥឡូវដល់ពេលត្រូវធ្វើសកម្មភាពហើយ។» ប្រមុខរដ្ឋាភិបាលហ្វីជីបញ្ជាក់បែបនេះទៅកាន់មេដឹកនាំប្រទេស១៧ផ្សេងទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។

វេទិកាកោះប៉ាស៊ីហ្វិកដែលមានសមាជិក១៨ប្រទេស បានបើកកិច្ចប្រជុំរបស់ខ្លួនមុនមួយថ្ងៃនៃជំនួបអន្តរជាតិដែលរៀបចំដោយអង្គការសហប្រជាជាតិ ចក្រភពអង់គ្លេស និង បារាំង ដើម្បីប្រារព្ធខួបលើកទី ៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពួកគេ បានបង្ហាញពីកង្វល់របស់តំបន់ប៉ាស៊ីហ្វិកដែលឈរនៅជួរមុខទល់នឹងការប្រែប្រួលអាកាសធាតុ។

ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ប្រជាជាតិទាំងអស់ប្ដេជ្ញារក្សាការឡើងកម្តៅត្រឹម២អង្សាលើសកម្រិតមុនឧស្សាហកម្ម និងជំរុញឲ្យធ្វើសកម្មភាពដើម្បីបន្ថយអត្រាកំណើនមកត្រឹម ១,៥ អង្សាសេវិញ។

យ៉ាងណាមិញលោក Bainimarama បាននិយាយថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវនៃកើនសីតុណ្ហភាពរហូតដល់ ៥ អង្សាសេត្រឹមឆ្នាំ ២១០០ ហើយបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកនឹងទទួលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ៕



Tag:
 បម្រែបម្រួលអាកាសធាតុ
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com