អន្តរជាតិ
ប្រមុខ UN ប្រាប់​មេដឹកនាំ​ពិភពលោក​ឲ្យ​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ផ្នែក​អាកាសធាតុ​
14, Dec 2020 , 9:37 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបភាព Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង
 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី ១២ ខែធ្នូ  ប្រាប់​ឲ្យ​មេដឹកនាំ​ពិភពលោក​ប្រកាស​ភាពអាសន្ន​ផ្នែក​អាកាសធាតុ ខណៈ​បញ្ហា​នេះ​កំពុង​បង្ក​ការ​គំរាម​កាន់តែ​ធ្ងន់​។ លោក និយាយ​បែបនេះ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ប្រារព្ធ​ខួប​លើក​ទី ៥ នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។​

 
​មេដឹកនាំ​ពិភពលោក បាន​បើ​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃទី​១២ ខែធ្នូ ដើម្បី​រំឭក​ខួប​ទី​៥ នៃ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​បាន​ថ្លែង​ក្នុង​ប្រជុំ​តាម​អន​ឡាញ ដែលមាន​គោលបំណង​បង្កើន​សន្ទុះ​ការប្តេជ្ញាចិត្ត​សម្រាប់​ប្រទេស​នីមួយៗ នៅមុន​កិច្ចចរចា​អាកាសធាតុ​ដ៏​សំខាន់​មួយ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង Glasgow នៅ​ចុងឆ្នាំ ២០២១​។​
 
« តើ​មាន​នរណាម្នាក់​នៅតែ​អាច​បដិសេធថា យើង​កំពុង​ប្រឈមមុខ​នឹង​ភាពអាសន្ន​យ៉ាងខ្លាំង​បានដែរ​ឬទេ​»? ហេតុដូច្នេះ​ហើយ​បានជា​ថ្ងៃនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​មេដឹកនាំ​ទាំងអស់​នៅលើ​ពិភពលោក​ប្រកាស​អំពី​ស្ថាន​ភាពអាសន្ន​នៅក្នុង​ប្រទេស​របស់​ពួកគេ​រហូតដល់​ភាព​គ្មាន​កាបូន​បាន​ជោគជ័យ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស និយាយ​បែបនេះ​ក្នុង​វីដេអូ​ថត​ទុក​។​
 
​លោក ហ្គូ​តេ​រ៉េ​ស លើកឡើង​ទៀតថា កញ្ចប់​ស្តារ​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ដាក់ចេញ បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គួរតែ​ជា​ឱកាស​មួយ​ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ទៅរក​កាបូនឌីអុកស៊ីត​កម្រិត​ទាប​នៅពេល​អនាគត​។ ប៉ុន្តែ​លោក​កត់សម្គាល់ថា ការកំណត់​បែបនេះ​មិនបាន​កើតឡើង​លឿន​ឡើយ​។​
 
​បើតាម​លោក ហ្គូ​តេ​រ៉េ​ស សមាជិក​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០ (G20) បាន​ចំណាយ​ថវិកា​ចំនួន​៥០​ភាគរយ​បន្ថែមទៀត​ទៅក្នុង​កញ្ចប់​ថវិកា​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួកគេ​លើ​វិស័យ​ដែល​ទាក់ទង​ទៅនឹង​ការផលិត និង​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ជាជាង​ការប្រើប្រាស់​ថាមពល​ដែលមាន​កាបូនឌីអុកស៊ីត​ទាប​។ លោក​ចាត់ទុក​រឿងនេះ ជា​ការណ៍​ដែល​មិនអាច​ទទួលយក​បានទេ ព្រោះ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ត្រូវការ​សម្រាប់​ការសង្គ្រោះ​សេដ្ឋ​កិ​ច្ខ ជា​ប្រាក់​ដែល​មនុស្ស​បច្ចុប្បន្នកំពុង​ខ្ចី​ពី​មនុស្ស​ជំនាន់​ក្រោយ​។ 
 
​នៅមុន​កិច្ចប្រជុំ​កំពូល​នេះ អង់គ្លេស​ដែលជា​សហ​អ្នករៀបចំ បានប្រកាសថា ខ្លួន​នឹង​បញ្ឈប់​ការគាំទ្រ​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​ប្រេងឥន្ធនៈ​ផូស៊ីល​នៅ​បរទេស​។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​ប្រាប់​កិច្ចប្រជុំ​ថា ប្រទេស​នានា​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​យ៉ាងខ្លាំង​លើ​ឥន្ធនៈផូស៊ីល និង​ផ្លាស់ប្តូរ​ការអនុវត្ត​កសិកម្ម​ជាដើម សំដៅ​ជួ​យស​ង្ត្រោះ​ផែនដី​ឡើងវិញ​៕
 
 

Tag:
 UN
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com