COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ី​ស្វា​ទី​នី ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩
14, Dec 2020 , 10:36 am        
រូបភាព
លោក Ambrose Dlamini នាយករដ្ឋមន្រ្តីរាជាណាចក្រអ៊ីស្វាទីនី នៅថ្ងៃទី១៣ ខែធ្នូ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយ នៅអាហ៊្វិ្រកខាងត្បូង។ រូបភាព AFP
លោក Ambrose Dlamini នាយករដ្ឋមន្រ្តីរាជាណាចក្រអ៊ីស្វាទីនី នៅថ្ងៃទី១៣ ខែធ្នូ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយ នៅអាហ៊្វិ្រកខាងត្បូង។ រូបភាព AFP
​លោក Ambrose Dlamini នាយករដ្ឋមន្ត្រី​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី នៅ​ថ្ងៃទី​១៣ ខែធ្នូ បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​មួយ នៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បន្ទាប់ពី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ភាគខាងត្បូង​មួយ​នេះ​។ 
 
«​ព្រះមហាក្សត្រ បានចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ខ្ញុំ​ប្រាប់​ប្រជាជាតិ អំពី​រឿង​ទុក្ខសោក និង​មរណភាព​របស់លោក Ambrose Mandvulo Dlamini»​។ លោក Themba Masuku ឧបនាយករដ្ឋមន្ត្រី​អ៊ី​ស្វា​ទី​នី បញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកនាយក​រដ្ឋមន្ត្រី បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​ក្នុងប្រទេស​អា​ហ្វ្រ៊ិ​ក​ខាងត្បូង ក្នុង​វ័យ ៥២​ឆ្នាំ បន្ទាប់ពី​ឆ្លង​កូ​វីដ​-១៩​។ រដ្ឋាភិបាល​មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​បន្ថែម​ទៀតឡើយ​។ 
 
​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​កន្ល​ង​ទៅ លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​រាយការណ៍​ថា បាន​ឆ្លង​កូ​វីដ​-១៩ និង​មិនមាន​រោគសញ្ញា​អ្វី​ឡើយ​។ លោក Dlamini បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នៅក្នុង​តំបន់​អា​ហ្វ្រ៊ិ​ក​ខាងត្បូង​នេះ នៅក្នុង​ឆ្នាំ ២០១៨​។ 
 
​អង្គការ​សង្គម​ស៊ីវិល Swaziland Solidarity Network (SSN) ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បាន​ចោទ​រដ្ឋាភិបាល​អ៊ី​ស្វា​ទី​នី ថា បានផ្តល់​ឲ្យ​នាយករដ្ឋមន្ត្រី​នូវ​ការព្យាបាល​ជំងឺ​ដ៏​ល្អ​មួយ នៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បន្ទាប់ពី​ឆ្លង​កូ​វីដ​-១៩ ខណៈ​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​យ៉ាប់យ៉ឺន​។  គិត​ត្រឹម​ថ្ងៃទី​១៣ ខែធ្នូ អ៊ី​ស្វា​ទី​នី មាន​ករណី​ឆ្លង​កូ​វីដ​-១៩ លើសពី ៦៧០០​ករណី និង​មាន​អ្នកស្លាប់​ចំនួន ១២៧​នាក់​។ 
 
​សូមបញ្ជាក់ថា តាម​ការវាយតម្លៃ​រប​ស់ធ​នាគា​ពិភពលោក នៅក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ​២០១៧ រាជាណាចក្រ​នេះ មាន​ប្រជាជន​ច្រើនជាង ៣៩​ភាគរយ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​៕ 

Tag:
 ស្វា​លី​ឡង់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com