COVID-19
អន្តរជាតិ
អាល្លឺម៉ង់ នឹង​បិទ​ប្រទេស​ទាំងមូល​ក្នុងអំឡុងពេល​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​សាកល​
14, Dec 2020 , 3:37 pm        
រូបភាព
​អាល្លឺម៉ង់ បានសម្រេច​បិទទ្វារ​ប្រទេស​ទាំងមូល​ក្នុង​រយៈពេល​ជាង​មួយខែ ដែល​នឹង​គ្របដណ្ដប់​ថ្ងៃបុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​ថ្មី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ ។ ការបិទ​ប្រទេស​នេះ ធ្វើឡើង​ស្របពេល​ករណី​ឆ្លង​ប្រចាំថ្ងៃ​ហក់​ឡើងដល់​ជាង ២​ម៉ឺន​ករណី​។ កម្មវិធី​ក្នុង​បុណ្យ​ណូអែល ក៏ត្រូវ​រដ្ឋាភិបាល​អាល្លឺម៉ង់​លុបចោល​ផងដែរ ដើម្បី​បង្ការ​ការជួបជុំ​មនុស្ស​។



​អាល្លឺម៉ង់ នឹង​បិទ​ប្រទេស​ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ ដល់​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២១ ដើម្បី​គ្រប់គ្រង​ករណី​ឆ្លង​នៅក្នុង​ប្រទេស ដែល​កំពុងតែ​ឡើង​ខ្ពស់​។ នៅ​ថ្ងៃទី​១៣ ខែធ្នូ អាល្លឺម៉ង់​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ប្រមាណ ២​ម៉ឺន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៥៩៨​នាក់​។ តួលេខ​សរុប អាល្លឺម៉ង់​មាន​ករណី​ឆ្លង​ប្រមាណ ១,៣​លាន​ករណី និង​ស្លាប់​ជាង ២​ម៉ឺន​នាក់​។ 
 
​ក្នុង​វិធាន​ការបិទ​ប្រទេស​នេះ លោកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់ បានចេញ​បញ្ជា​ឲ្យ​បិទមុខ​ជំនួញ​មិនចាំបាច់ សាលារៀន និង​សេវាកម្ម​មួយចំនួន​។ ការជួបជុំ​ក្នុង​ថ្ងៃបុណ្យ​ណូអែល ត្រូវ​កាត់បន្ថយ​ពី​មនុស្ស ១០​នាក់ មក​ត្រឹម ៥​នាក់​ក្នុង​រង្វង់​ត្រឹម​ពីរ​គ្រួសារ​។ ប៉ុន្តែ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ រដ្ឋាភិបាល​បន្ធូរបន្ថយ​បន្តិច ដោយ​គ្រួសារ​នីមួយៗ អាច​អញ្ជើញ​សមាជិក ៤​នាក់ មកពី​គ្រួសារ​ផ្សេងទៀត​បាន ដោយសារ​វា​ជា​ថ្ងៃបុណ្យ​ណូអែល​។  ចំណែក​ការលក់​ស្រា ត្រូវ​បិទ​ទាំងអស់​នៅ​ទីសាធារណៈ​។​
 
​ក្រៅ​ពីមុខ​ជំនួញ​ខាងលើ ការបាញ់​កាំ​ជ្រួញ​ក្នុងអំឡុងពេល​បុណ្យ​ណូអែល​នេះ ក៏ត្រូវ​លុបចោល​ផងដែរ​។ ទន្ទឹមនេះ រដ្ឋ​មួយចំនួន​របស់​អាល្លឺម៉ង់ បានដាក់​បម្រាម​គោចរ​នៅពេល​យប់ ចំពោះ​រដ្ឋ​ចំនួន ដែលមាន​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់​។​
 
​ក្នុង​ការបិទ​ប្រទេស​នេះ លោកស្រី មឺ​ហ្គែ​ល បាន​លើកឡើងថា ជាការ​ងារ​ចាំបាច់​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រាល​បន្ទុក​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​។ ការសម្រេច​បិទ​ប្រទេស​ទាំងមូល​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​យល់ព្រម​របស់​មេដឹកនាំ​បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​ដែរ​។ 
 
​ដើម្បី​ជួយសង្គ្រោះ​មុខ​ជំនួញ​មួយចំនួន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Olaf Scholz បាន​សន្យា​ជួយសង្គ្រោះ​ជំនួញ ឬ​អាជីវកម្ម​ទាំងឡាយណា ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបិទ​ប្រទេស​នេះ​។ ជំនួញ​ទាំងនោះ អាច​ទទួល​ជំនួយ ប្រមាណ ៦០​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ខែវិច្ឆិកា​កន្លងមក អាល្លឺម៉ង់ បានសម្រេច​បិទ​តំបន់​មួយចំនួន​ម្ដង​ហើយ​។ ជំនួញ និង​អាជីវកម្ម​មិនចាំបាច់ សាលារៀន ត្រូវ​បិទ​។ យ៉ាងណាក៏ដោយ វិធានការ​នៅក្នុង​ខែវិច្ឆិកា​នេះ មិន​ទទួលបាន​ជោគជ័យ​ឡើយ ហើយ​ករណី​ឆ្លង​នៅតែ​បន្ត​ហក់​ឡើង​ដដែល​៕ 

Tag:
 អាល្លឺម៉ង់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com