COVID-19
ជាតិ
តំណាងរាស្ត្រ​និង​មន្ត្រី​រដ្ឋសភា ចូលធ្វើការ​ធម្មតា​វិញ ក្រោយ​ធ្វើតេស្ត​៣​លើក​គ្មាន​ជំងឺ​កូ​វីដ​-១៩
14, Dec 2020 , 11:58 pm        
រូបភាព
កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាពេលកន្លងមក
កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាពេលកន្លងមក
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ជូនដំណឹង​ទៅកាន់​ថ្នាក់ដឹកនាំ​និង​សមាជិក​រដ្ឋសភា និង មន្ត្រីរាជការ​រដ្ឋសភា ថា​អាច​ចូលធ្វើការ​បាន​វិញ​ជាធម្មតា ក្រោយពី​ពួកគាត់ បានធ្វើ​តេស្ត​៣​លើក ដោយ​លទ្ធផល​អវិជ្ជមាន​ពី​ជំងឺ​កូ​វីដ​-១៩ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួចមក​។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ពួកគាត់​ទាំងអស់ នឹងមិន​តម្រូវ​ឲ្យ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ជា​លើក​ទី​៤​នោះទេ​។


​តាមរយៈ​សេចក្តីជូនដំណឹង​ចេញ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ អគ្គលេខាធិការ​រដ្ឋសភា បានស្នើ​ឲ្យ​គ្រប់​សមាជិក​រដ្ឋសភា​និង​មន្ត្រីរាជការ​រដ្ឋសភា អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូចជា ពាក់​ម៉ាស់​ជាប់​ជានិច្ច លាង​សម្អាត​ដៃ រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​មួយ​កន្លះ​ពីគ្នា និង មិន​ជួបជុំគ្នា​លើសពី​២០​នាក់ ជាដើម​។ 
 
​សមាជិក​រដ្ឋា​សភា រហូតដល់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង បណ្តា​មន្ត្រីរាជការ​រដ្ឋសភា​ជាច្រើនរូប បាននាំគ្នា​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន​៣​លើក និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្រោយ​ពួកគាត់ បានដឹងថា ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ 
 
​ក្រសួងសុខាភិបាល រកឃើញ​មនុស្ស​៤០​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ តែបើ​គិត​ចំនួន​សរុប កម្ពុជា មាន​អ្នក​ឆ្លង​៣៥៩​នាក់ ដោយបាន​ជាសះស្បើយ​វិញ​៣០៩​នាក់​៕ 
 

Tag:
 COVID-19
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com