COVID-19
ជាតិ
ក្រសួងមហាផ្ទៃ បើក​ឲ្យ​ចេញចូល​ឡើងវិញ​ហើយ​
15, Dec 2020 , 10:29 pm        
រូបភាព
​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​មានការ​ចេញ​-​ចូល និង​ការចូល​បម្រើ​ការងារ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​ទៅ​។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជំនួស​សម្តេច ស ខេង ជា​រដ្ឋមន្ត្រី​។


​សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថា ការអនុញ្ញាត​ឲ្យ​មានការ​ចេញ​-​ចូល​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​ការអនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​ឡើយ​វិញ គឺ​បន្ទាប់ពី​មន្ត្រីរាជការ​និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ ដោយ​រួមទាំង​សម្តេច ស ខេង ផង បានធ្វើ​តេស្ត​៣​លើក ហើយ​លទ្ធផល​បង្ហាញថា មិនមាន​ជំងឺ​កកូ​វីដ​-១៩ និង​បន្ទាប់ពី​ពួកគាត់ បានធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​រួចមក​។ 
 
​យ៉ាងណា លោក សក់ សេដ្ឋា ដែល​ចេញ​សេចក្តី​ជួន​ដំណឹង​ជំនួស​សម្តេច ស ខេង បញ្ជាក់ថា លើកលែងតែ​បុគ្គល​បន្ត​តាមដាន​ត្រួតពិនិត្យ​សុខភាព [​ដែល​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​-​ចូល ឬ​មិនទាន់​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​]​។ 
 
​ជាមួយគ្នានេះ សេចក្តីជូនដំណឹង​រប​ស់លោក សក់ សេដ្ឋា បាន​ណែនាំ​ឲ្យ​មានការ​វាស់​កម្តៅ ការលាង​សម្អាត​ដៃ ការពាក់​ម៉ាស់ និង ការរក្សា​គម្លាត​សុវត្ថិភាព ជាដើម ពេលចេញ​-​ចូល ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ 
 
​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីនគរបាល​នៃ​ក្រសួងមហាផ្ទៃ ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា  ហើយ​ក្រោយមក សម្តេច ស ខេង ក៏​សម្រេច​បិទ​ទីស្តីការក្រសួង​មួយរយៈ​ខ្លី​៕   

Tag:
 COVID-19
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com