ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ពិសេសស្តីពីស្ថានភាពជំងឺកូវីដ១៩ ចេញពីគេហដ្ឋានតាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ត្រឹមត្រូវហើយ! បន្ទាប់ពីការឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំនួសនាយករដ្ឋមន្ត្រី ចូលរួមប្រជុំអាស៊ាន ត្រូវបានសារព័ត៌មានខ្លះថា (អូន ព័ន្ធមុនីរ័ត្ន) ជាបេក្ខជននាយករដ្ឋមន្ត្រី ដ៏មានសក្ដានុពល។ អ្នកឯងនិយាយត្រឹមត្រូវ។ នៅកម្ពុជា ក្នុងគណបក្សប្រជាជន អ្នកឯងត្រូវយល់ឲ្យច្បាស់ពីរបៀបរៀបចំរបស់គេ។ គេរៀបចំ(កម្លាំងនយោបាយស្នូល)៣ខ្សែត្រៀម និង៤ខ្សែត្រៀមឯណោះ»។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖
សម្ដេច ហ៊ុន សែន ក៏បានលើកពីមូលហេតុដែលសម្ដេច ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន តំណាងនាយករដ្ឋមន្ត្រី ចូលប្រជុំអាស៊ាន កាលពីថ្ងៃទី១២ ដល់១៥ វិច្ឆិកា ដោយសារសម្ដេច ជាប់ធ្វើចត្តាឡីស័ក និងមិនចង់ឲ្យអ្នកដទៃផ្សេងទៀត ដែលចូលប្រជុំជាមួយខ្លួន ត្រូវនៅដោយឡែកដែរ។ ម្យ៉ាងវិញទៀត សម្ដេច ក៏ទំនងមើលឃើញពីសមត្ថភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ដែរ។
បើតាមសម្ដេច ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន គឺមនុស្សម្នាក់ ដែលសម្ដេច បានបណ្ដុះបណ្ដាលជាយូរមកហើយ មុននឹងក្លាយជាឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ។ «យើងបណ្ដុះបណ្ដាល អូន ព័ន្ធមុនី តាំងពីធ្វើលេខាខ្ញុំផ្ទាល់ រហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំអាស៊ាន តើនោះជាសារអ្វីទៅ? សូមជម្រាបជូនឲ្យច្បាស់នូវការរៀបចំ(កម្លាំងនយោបាយស្នូល)។កុំមួយថ្ងៃៗ (រិះគន់ខ្ញុំ) ត្រៀមតែផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
ឆ្លើយតបនឹងការផ្ទេរអំណាចឲ្យកូនប្រុសច្បងខ្លួននេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជួរគណបក្សប្រជាជន មានបណ្ឌិត និងធនធានមនុស្សសម្បូរបែប ដែលមានសមត្ថភាពច្រើនណាស់ ដោយមិនមែនមានតែកូនប្រុសខ្លួនលោក ហ៊ុន ម៉ាណែត ឡើយ។ «អ្នកឯងនិយាយត្រូវ (អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខជននាយករដ្ឋមន្ត្រី ) ខ្ញុំOkay (យល់ស្រប)ជាមួយអ្នកឯង។( អូន ព័ន្ធមុនីរ័ត្ន) ស្ថិតក្នុងមនុស្សប៉ុន្មាននាក់ ក្នុងចំណោមបេក្ខជន(នាយករដ្ឋមន្ត្រី )ផ្សេងទៀត»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
២០១៨ ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
២០១៦ - ២០១៨ ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
២០១៣ - បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា
២០០២ - បច្ចុប្បន្នប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាន់ខ្ពស់ (SNEC)
២០០៣ - ២០១៣រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
១៩៩៨ - ២០១៣ទីប្រឹក្សាសេដ្ឋកិច្ចនាយករដ្ឋមន្ត្រី
១៩៩៩ - ២០១៣សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារជាតិនៃកម្ពុជា
១៩៩៩ - ២០០៣ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មានឋានៈស្មើរដ្ឋលេខាធិការ)
១៩៩៦ - ១៩៩៩ អ្នករៀបចំគោលនយោបាយនិងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
១៩៩៦ - ១៩៩៩ នាយកខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
១៩៩៤ - ១៩៩៦ ទីប្រឹក្សាទេសរដ្ឋមន្ត្រីទទួលបន្ទុកស្តារនីតិសម្បទានិងអភិវឌ្ឍន៍និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
១៩៩៣ - ១៩៩៤ ជំនួយការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
ការសិក្សា៖
ខែមេសា ឆ្នាំ ២០១៨ អគ្គបណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
១៩៩០-១៩៩៣ បណ្ឌិតទស្សនវិជ្ជា (បណ្ឌិត) វិទ្យាសាស្ត្រសង្គមនិងនយោបាយ នៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ
១៩៩១-១៩៩២ សញ្ញាប័ត្រផ្នែកធុរកិច្ចអន្តរជាតិសាលាពាណិជ្ជកម្មម៉ូស្គូ, បណ្ឌិតសភាសេដ្ឋកិច្ចរុស្ស៊ី
១៩៨៤-១៩៩០ អនុបណ្ឌិតសិល្បៈ វិទ្យាសាស្ត្រសង្គម និងនយោបាយ នៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ