សង្គមអន្តរជាតិ​
អន្តរជាតិ
អាជ្ញាធរ​ថៃ ចាត់វិធានការ​កាត់បន្ថយ​ផ្សែង​ពុល​ក្នុង​ក្រុង​បាងកក ដែល​ត្រលប់មក​ជាថ្មី​
16, Dec 2020 , 8:29 pm        
រូបភាព
ទិដ្ឋភាពផ្សែងហ៊ុមព័ទ្ធអាគារក្នុងទីក្រុងបាងកកនាដើមឆ្នាំ២០២០។ រូបភាព AFP
ទិដ្ឋភាពផ្សែងហ៊ុមព័ទ្ធអាគារក្នុងទីក្រុងបាងកកនាដើមឆ្នាំ២០២០។ រូបភាព AFP
​អាជ្ញាធរ​ក្រុង​បាងកក នៅ​ថ្ងៃទី​១៥ ខែធ្នូ បានដាក់​ចេញ​វិធានការ​ដើម្បី​កាត់បន្ថយ​ផ្សែង​ពុល​នៅក្នុង​ទីក្រុង ដែល​កើតមាន​សារជាថ្មី​។ ផ្សែង ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ជននេះ បាន​កើតឡើង​នៅតាម​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​បាងកក​។

 
​កម្រិត​ខ្យល់​នៅក្នុង​ទីក្រុង​បាងកក ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​១០​លាន​នាក់ បាន​រង​ការគំរាមកំហែង​ជាថ្មី​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ បញ្ហា​ផ្សែង​ពុល​នេះ ធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​ក្អក និង​មិន​អារម្មណ៍មិនល្អ​ជាមួយ​ប្រព័ន្ធ​ដង្ហើម ដែល​ពេលខ្លះ​ប្រជាជន​ខ្លួនឯង​សង្ស័យថា កើត​ជំងឺ​កូ​វីដ​-១៩ ។​
 
«​វា​ប៉ះពាល់​ជីវិត​ប្រចាំថ្ងៃ នៅពេល​ខ្ញុំ​ដើរទៅ​ខាងក្រៅ ផ្សែង​ពុល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍មិនល្អ និង​ក្អក ដែល​អ្នកខ្លះ​មើល​មក​ថា​ខ្ញុំ​ថា កើត​កូ​វីដ​-១៩»​។ អ្នករស់នៅ​ក្នុង​ទីក្រុង​ម្នាក់​ឈ្មោះ Sarunya Poungsumdee បានបញ្ជាក់​បែបនេះ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានចេញ​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ ប្រឆាំងនឹង​ខ្យល់​កខ្វក់​នេះ​។ ចំណែក​អាជ្ញាធរ​ក្រុង​បាងកក បានដាក់​ចេញ​ចំណាត់ការ​មួយចំនួន ដូចជា​ស្នើ​ឲ្យ​បិទ​គម្រោង​សំណង់​ធំៗ និង​បង្កើត​កន្លែង​ត្រួតពិនិត្យ​ដើម្បី​ពិនិត្យ​លើ​ការបញ្ចេញ​ឧស្ម័ន​របស់​រថយន្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើតាម​វេ​ប​សាយ​តាមដាន​កម្រិត​ខ្យល់​លើ​ពិភពលោក Air Quality Index កម្រិត​ខ្យល់ពុល​នៅក្នុង​ទីក្រុង​បាងកក បាន​ហក់​ឡើងដល់​ជា​កម្រិត​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នករស់នៅ​ក្នុង​ទីក្រុង​។ យ៉ាងហោចណាស់ សង្កាត់​នៅក្នុង​ក្រុង​បាងកក​ចំនួន ១៣ បាន​រង​ផលប៉ះពាល់​ពី​ផ្សែង​ពុល​នេះ​។ ក្រៅពី​ទីក្រុង​បាងកក នៅ​តំបន់​ផ្សេងទៀត​របស់​ថៃ ក៏​ត្រូវបាន​រកឃើញថា ស្ថិតនៅក្នុង​កម្រិត​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ផងដែរ ក្នុងនោះ​មានដូចជា​ខេត្ត Samut Sakhon ជាដើម​។ 
 
​ចំណែក​អ្នកនាំពាក្យ​សាលាក្រុង​បាងកក​វិញ លោក Pongsakorn Kwanmuang បាន​បញ្ជាក់ថា រដ្ឋបាល​ក្រុង បាន​បញ្ជា​ឲ្យ​សាលារៀន ផ្អាក​សកម្មភាព​មួយចំនួន​នៅ​ខាងក្រៅ ប្រសិនបើ​សាលា​ទាំងនោះ ខ្វះ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​។ ចំណែក​ក្រសួងការពារជាតិ​ថៃ​វិញ កំពុង​ពិនិត្យ​លើ​រោងចក្រ​ដែល​បញ្ចេញ​ផ្សែង​ផងដែរ​។ 
 
​នៅក្នុង​ឆ្នាំ ២០១៩ កន្លងមក ថៃ បាន​រងគ្រោះ​ដោយសារតែ​ផ្សែង​ពុល​នេះ ស្ទើរតែ​មួយឆ្នាំ​ពេញ​។ ពេលនោះ​រដ្ឋាភិបាល​ថៃ បាន​ផ្អាក​សំណង់​មួយចំនួន កាត់បន្ថយ​រថយន្ត​លើ​ដងផ្លូវ និង​ផ្អាក​ដំណើរការ​របស់​រោងចក្រ​មួយចំនួន​ជាដើម​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២០ ដោយសារតែ​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ ផ្សែង​ពុល​នេះ ស្ទើរតែ​មិនមាន​ឡើង​នៅក្នុង​ទីក្រុង​បាងកក​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ផ្សែង​ពុល​នេះ មាន​ផ្ទុក​ភាគល្អិត PM2.5 ដែលជា​តំណក់​ទឹកតូចៗ អាច​ចូល​សួត និង​ប្រព័ន្ធ​ឈាម​របស់​មនុស្ស ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ស្រូបយក​ខ្លាំង​៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com