អន្តរជាតិ
NATO៖ សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ នឹង​មិនអាច​លុបបំបាត់​នុយក្លេអ៊ែរ​បានឡើយ​
16, Dec 2020 , 9:59 pm        
រូបភាព
អគ្គលេខាធិការអង្គការណាតូ លោក Jen Stoltenberg។ រូបភាព AFP
អគ្គលេខាធិការអង្គការណាតូ លោក Jen Stoltenberg។ រូបភាព AFP
ដោយ:
​អង្គការ NATO នៅ​ថ្ងៃទី​១៥ ធ្នូ​លើកឡើងថា សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ (TPNW) របស់​អង្គការសហប្រជាជាតិ នឹងមិន​ផ្តល់​លទ្ធផល​អ្វី​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ប្រទេស​ចំនួន​៥០​ផ្តល់​សច្ចាប័ន​ក្នុង​ខែតុលា និង​ចូល​ជា​ធរមាន​ក្នុង​ខែមករា ឆ្នាំ​២០២១ ខាងមុខ​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិ​ក​ខាងជើង​របស់ NATO វិធីសាស្ត្រ​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ មានតែ​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​(NPT)​ឆ្នាំ​១៩៧០ តែប៉ុណ្ណោះ​។ ក្រុមប្រឹក្សា​នេះ​អះអាង សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​(TPNW) ពុំមាន​យន្តការ​ច្បាស់លាស់​ក្នុងការ​ពិនិត្យមើល​ការអនុវត្ត​កាតព្វកិច្ច​ឡើយ​។​
 
​សន្ធិសញ្ញា TPNW ចងភ្ជាប់​កាតព្វកិច្ច​ដល់​ប្រទេស​ផ្តល់​សច្ចាប័ន មិន​ឲ្យ​អភិវឌ្ឍ តេស្ត ផលិត កាន់កាប់ ឬ​ស្តុក​ទុក​អាវុធ​នុយក្លេអ៊ែរ ឬ​គ្រឿងផ្ទុះ​នុយក្លេអ៊ែរ ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ បន្ថែម​ពីនេះ សន្ធិសញ្ញា​នេះ ក៏​ហាម​ការ​ផ្ទ​រ ប្រើ ឬ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។​
 
​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នេះ កាលពី​ខែវិច្ឆិកា​កន្លងទៅ អគ្គលេខាធិការ​អង្គកា រ​NATO លោក Jens Stoltenberg ធ្លាប់បាន​លើកឡើងថា ការបោះបង់​ចោលការ​កំ​ញើញ​នុយ​ក្លេ​អែរ (​គំរាម​ប្រើ​) ដោយ​គ្មាន​ការធានា​ពី​ភាគី​ប្រជែង ជា​ជម្រើស​មួយ​ដ៏​សែន​គ្រោះថ្នាក់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សម្ព័ន្ធ NATO សង្កត់ធ្ងន់ថា សន្ធិសញ្ញា TPNW នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រឹងប្រែង​សាកល​ក្នុង​ការរំសាយ​អាវុធ​នុយ​ក្លេ​អែរ ព្រោះ​រដ្ឋ​ដែលមាន​អាវុធ​នុយក្លេអ៊ែរ ពុំមែន​ជា​ហត្ថលេខី​ឡើយ​
 
​សូមបញ្ជាក់ថា តាំងតែ​ពី​ពេល​ចាប់ផ្តើម​ព្រាង​សន្ធិសញ្ញា​នេះ​មកម្ល៉េះ ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​៥ រួមមាន​អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង បាន​ពហិការ​មិន​ចូលរួម​ច​ចារ​។ បន្ថែម​ពីនេះ ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន កូរ៉េខាងជើង និង​អ៊ីស្រាអែល ដែល​សុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ ក៏​មិន​ចូលរួម​ចរចា​ដែរ​។​
 
​សន្ធិសញ្ញា​TPNW នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០២១​។ យុទ្ធនាការ​អន្តរជាតិ​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ (ICAN) ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការកៀងគរ​បញ្ចុះបញ្ចូល​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ឲ្យ​អនុម័ត​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​សន្ធិសញ្ញា​នេះ ក្នុង​អង្គ​មហាសន្និបាត​កាលពី​ថ្ងៃខែ​កក្កដា ឆ្នាំ​២០១៧ ដោយមាន​រដ្ឋ​ចំនួន​១២២​យល់ព្រម​។ ក្នុង​ខែតុលា ប្រទេស​ចំនួន​៥០​បានផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​ផងដែរ​៕
Relate: 96985 
 

Tag:
 NATO
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com