COVID-19
ជាតិ
ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​ម្នាក់ទៀត មាន​ជំងឺ​កូ​វីដ​-១៩
21, Dec 2020 , 9:05 am        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ទៀត លើ​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក ។ ស្ត្រី​រូបនេះ​ទើប​មកពី​អាមេរិក ហើយ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែធ្នូ ។ បច្ចុប្បន្ន​ស្ត្រី​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​។

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង​នោះ​អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ បើតាម​ក្រសួងសុខាភិបាល អ្នករួមដំណើរ​ជាមួយ​ស្ត្រី​នោះ​ចំនួន​៤៣​នាក់​ទៀត​ក៏បាន​ធ្វើតេស្ត​រួចហើយ ដោយ​ពួកគេ​អវិជ្ជមាន​ទាំងអស់​។ ប៉ុន្តែ​ពួកគេ​ក៏​នៅតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​គ្រប់​១៤​ថ្ងៃ​ផងដែរ ដោយ​៣៦​នាក់​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង ហើយ​៧​នាក់​ស្នាក់នៅ​វិទ្យាល័យ​បុរី​១០០​ខ្នង​។ ថ្ងៃនេះ​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​គ្មាន​ករណី​ជាសះស្បើយ​ឡើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២១​នេះ  ក្រសួងសុខាភិបាល នៅសល់​សំណាក​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា តែ​២៣​សំណាក​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​វិភាគ​រួចរាល់ ដោយ​សំណាក​ទាំងនោះ​នឹង​បន្ត​វិភាគ​នៅថ្ងៃនេះ​។ 
 
​ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ទាំងអស់ គឺ​ក្រសួងសុខាភិបាល​បា​នរក​ឃើញតែ​មនុស្ស​៤១​នាក់​ដែល​ឆ្លង​កូ​វីដ​-១៩​។ រហូតមកដល់​ថ្ងៃនេះ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន​៣០​នាក់​ហើយ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ នៅសល់តែ​១១​នាក់​កំពុង​បន្ត​ព្យាបាល​។​
 
​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ ចំនួន​៣៦៣​នាក់ ជាសះស្បើយ​៣៤៥​នាក់ និង​នៅសល់​១៨​នាក់​ទៀត​ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ និង​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕ 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com