COVID-19
អន្តរជាតិ
អ៊ីស្រាអែល​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ខណៈ​ករណី​ឆ្លង​មាន​កើនឡើង​
21, Dec 2020 , 9:43 am        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ រូបថត AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ រូបថត AFP
ដោយ៖​កង ម៉េង​ហុង
 
​នៅ​ថ្ងៃទី​២០ ខែធ្នូ អ៊ីស្រាអែល​បានចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើ​ប្រជាជន​របស់ខ្លួន​។ ប្រទេស​នេះ ប៉ង​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ប្រហែល​៦​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​ដើម្បី​លុបបំបាត់​ករណី​ឆ្លង​ដែល​កំពុង​កើនឡើង​។​

 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP អ៊ីស្រាអែល​នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើ​បុគ្គលិក​សុខាភិបាល​របស់ខ្លួន​មុន បន្ទាប់មក​ប្រជាជន​អ៊ីស្រាអែល​ដែលមាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​អាយុ​លើស​៦០​ឆ្នាំ​។ អ៊ីស្រាអែល​អះអាងថា ខ្លួន​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​៩​លាន​នាក់​។ វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ ទិញ​ពី​ក្រុមហ៊ុន​ចំនួន​ពីរ​មាន​Pfizer និង Moderna ដែល​អាជ្ញាធរ​អាមេរិក​បានអនុម័ត​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​រួចហើយ​។​
 
​យ៉ាងណាមិញ ការស្ទង់មតិ​សាធារណៈ​បង្ហាញថា ប្រជាជន​អ៊ីស្រាអែល​ជាច្រើន ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ភ្លាមៗ​។ ជាការ​លើកទឹកចិត្ត​ប្រជាជន លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ក៏​ចាក់​វ៉ាក់សាំង​ដំបូង​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃទី​១៩ ខែធ្នូ​។  មុន​ទទួល​ការចាក់​នេះ លោក​បានបង្ហាញ​ពី​ទំនុកចិត្ត​លើ​វ៉ាក់សាំង និង​ចាត់ទុក​ការចាក់​វ៉ាក់សាំង​ពេលនេះ​ជា​ពេលវេលា​ដ៏​រំភើប​មួយ​ដែល​នឹងធ្វើ​ឲ្យ​អ៊ីស្រាអែល​ស្ថិតនៅ​លើផ្លូវ​វិលត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​។ 
 
​គួរ​បញ្ជាក់ថា អ៊ីស្រាអែល​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Pfizer ដើម្បី​ទទួលបាន​វ៉ាក់សាំង​ចំនួន ៨ លាន​ដូ​ស ដែល​អាច​គ្របដណ្តប់​ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​អ៊ីស្រាអែល​។ អ៊ីស្រាអែល​ក៏បាន​ឈានដល់​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ជាមួយ​ក្រុមហ៊ុន Moderna កាលពី​ដើមខែ​នេះ ដើម្បី​ទិញ​វ៉ាក់សាំង​របស់​ពួកគេ​ចំនួន​៦​លាន​ដូ​ស ដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​អ៊ីស្រាអែល​៣​លាន​នាក់​ផ្សេងទៀត​។​
 
​ខណៈ​ករណី​ឆ្លង​នៅមាន​អត្រា​ខ្ពស់ មេដឹកនាំ​អ៊ីស្រាអែល កំពុងតែ​ជជែក​គ្នា​ម្តង​ទៀតថា តើ​ត្រូវ​បិទ​ប្រទេស​ជា​លើក​ទី​៣​ដែរឬទេ​? គិត​មកដល់ពេលនេះ អ៊ីស្រាអែល​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជិត​៣៧​ម៉ឺន​នាក់ និង​មនុស្ស​ស្លាប់​ជាង​៣០០០ នាក់ ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​បាន​រាលដាល​៕
 

Tag:
 ​អ៊ីស្រាអែល​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com