ជាតិ
អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ត្រូវបាន​«WOMEN IN GLOBAL HEALTH» ជ្រើសរើស​ជា​ស្ត្រី​ឆ្នើម ឆ្នាំ​២០២០
21, Dec 2020 , 4:32 pm        
រូបភាព
រូបភាពពី សមាគមគិលានុបដ្ឋាកកម្ពុជា
រូបភាពពី សមាគមគិលានុបដ្ឋាកកម្ពុជា
​ភ្នំពេញ​៖ ប្រធាន​សមាគម​គិលានុបដ្ឋាក​កម្ពុជា អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ត្រូវបាន WOMEN IN GLOBAL HEALTH ជ្រើសរើស ជា​ស្ត្រី​ឆ្នើម​ក្នុងចំណោម​អ្នកដឹកនាំ​គិលានុបដ្ឋាក និង​ឆ្មប ១០០​នាក់ នៅលើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ស​មា​គម​គិលានុបដ្ឋាក​កម្ពុជា​។​


​ក្នុង​មុខតំណែង​ជា​ប្រធាន​សហគម​គិលានុបដ្ឋាក អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ក៏​ទទួលបាន​អាហារូបករណ៍​ពី​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ ទីក្រុង​ហ្សឺ​ណេ​វ ក្នុងប្រទេស​ស្វី​ស (International Council of Nurses)​។ ក្រៅពីនេះ អ្នកស្រី ក៏បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់ដឹកនាំ​គិលានុបដ្ឋាក ដែល​អ្នកចូលរួម​មកពី​បណ្ដា​ប្រទេស​លើ​ពិភពលោក នៅ​វិទ្យាស្ថាន​ភាពជា​អ្នកដឹកនាំ​គិលានុបដ្ឋាក​សកល (Global Nursing Leadership)​។​
 
​ក្រៅពី​ការងារ​ជា​ប្រធាន​សមាគម និង​បាន​ចូលរួម​ការបណ្ដុះបណ្ដាល​លំដាប់ថ្នាក់​អន្តរជាតិ អ្នកស្រី ម៉ា​នី​ឡា ក៏​ជាទី​ប្រឹក្សា​ជំនាញ​នៃ​ការទទួលស្គាល់​គុណភាព​សេវា​សុខាភិបាល នៃ​ទីភ្នាក់ងារ​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព (EQHA) របស់​សហរដ្ឋអាមេរិក ដោយ​អង្គការ FHI360​។​
 
​អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ធ្លាប់បាន​បម្រើ​ការងារ​ជា​ក្រសួងសុខាភិបាល​លើ​ការអភិវឌ្ឍ​ស្តង់ដារ​អនុវត្ត​សម្រាប់​គិលានុបដ្ឋាក ឆ្នាំ​២០១៥ ,​ក្រមសីលធម៌​សម្រាប់​គិលានុបដ្ឋាក ឆ្នាំ​២០១៣ ,​គោល​ការណែនាំ​ស្ដីពី​របៀប​ថែទាំ ឆ្នាំ​២០១២ និង​ពិធីសារ​ថែទាំ​របស់​គិលានុបដ្ឋាក និង​ឆ្មប ឆ្នាំ​២០១២​។​
 
​អ្នកស្រី ម៉ា​នី​ឡា បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​សម្រាប់​គម្រោង​សំខាន់ៗ​ជាច្រើន ចាប់ពី​ឆ្នាំ​១៩៩៩ រហូតមកដល់​ពេលបច្ចុប្បន្ន​។ លើសពីនេះ អ្នកស្រី ក៏​ទទួលខុសត្រូវ​ក្នុង​កម្មវិធី​សង្គ្រោះ​ទារក ដែលជា​គម្រោង​សុខភាព​សហគមន៍ នៅ​ខេត្តព្រះវិហារ​។​
 
WOMEN IN GLOBAL HEALTH ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ ក្នុង​ភាពជា​អ្នកដឹកនាំ​សុខភាព​ពិភពលោក​។ សព្វថ្ងៃ WGH គឺជា​ចលនា​សកល​មួយ​ដែលមាន​អ្នកគាំទ្រ​ជាង ២៥០០០ នាក់​នៅ​ទូទាំងប្រទេស​ជាង ៩០ ។ លោក​បណ្ឌិត Roopa Dhatt នាយក​ប្រតិបត្តិ​និង​ក្រុមការងារ​ពិភពលោក បានធ្វើការ​ជាមួយ​បណ្តាញ WGH នៅ​គ្រប់​តំបន់ ដើម្បី​ជួយ​ឲ្យ​មាន​សមភាព​យេនឌ័រ ក្នុង​វិស័យ​សុខាភិបាល​ដោយ​ប្រមូលផ្តុំ​ក្រុម​ស្ត្រី ដែល​កំពុង​លេចធ្លោ​តាមរយៈ​ការតស៊ូ​មតិ ដើម្បី​សុខភាព​ពិភពលោក​ដែលមាន​ស្រាប់​។ WOMEN IN GLOBAL HEALTH មា​នទី​ស្នាក់​កណ្ដាល​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​។​
 
​បណ្ដាញ WGH នៅក្នុង​តំបន់​រួមមាន អូស្ត្រាលី ,​កាណាដា​, ឈី​លី​, អាហ្វ្រិក​ខាងកើត​, ហ្វាំ​ង​ឡង់​, អាល្លឺម៉ង់​, អៀរ​ឡង់​, ន័​រ​វែ​ស​, ប៉ា​គី​ស្ថាន​, ព័រទុយហ្កាល់​, សូ​ម៉ាលី​, ស៊ុយអែត ,​សហរដ្ឋអាមេរិក​, កា​មេ​រូ​ន ,​ចិន​,​ឥណ្ឌា​,​ម៉ាលី​វី​, នី​ហ្សេ​រី​យ៉ា​, ហ្សំ​ប៊ី​, អៀរ​ឡង់​, អាហ្វ្រិក​ខាងត្បូង​និង​ចក្រភព​អង់គ្លេស​ជាដើម​៕

Tag:
 គិលានុបដ្ឋាក​
 ​ប្រាក់ ម៉ា​នី​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com