ជាតិ
ពលរដ្ឋ​សម្រុក​ទិញ​ត្រី​ប្រហុក ខណៈ​តម្លៃ​ត្រី​ខ្ពស់ជាង​ឆ្នាំមុន​
22, Dec 2020 , 11:29 pm        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​ភ្នំពេញ​៖ ត្រី​ប្រហុក​ឆ្នាំនេះ មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន ស្របពេល​ពលរដ្ឋ​នាំគ្នា​សម្រុក​ទិញ​ត្រី​នេះ​។ ពលរដ្ឋ​ខ្លះ ទិញ​ត្រី​ប្រហុក​បាន​តិច និង​ច្រើន​ទៅតាម​លទ្ធភាព​ខ្លួន ខណៈ​ត្រី​ឆ្នាំនេះ​ហាក់​មិនសូវ​សម្បូរ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ពលរដ្ឋ​។​


​មាន​មាឌតូច កម្ពស់​ប្រហែល ១,៦០​សម បុរស​វ័យ​កណ្ដាល​ម្នាក់ បាន​នាំ​ប្រពន្ធ និង​កូនស្រី​វ័យ​១៧​ឆ្នាំ មកពី​ខេត្តតាកែវ ដើម្បី​ប្រមូល​ទិញ​ត្រី យកទៅ​ធ្វើ​ផ្អក និង​ប្រហុក សម្រាប់​ទុក្ខ​បរិភោគ​ខ្លះ និង​លក់​ខ្លះ​។ ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បុរស​សម្បុរ​ស្រអែម​រូបនេះ បាន​ទិញ​ត្រី​ប្រហុក​១​តោន ច្រក​ការុង​ជាស្រេច​ហើយ ដើម្បី​លើកដាក់​ឡាន យកទៅ​ស្រុកកំណើត​វិញ​។ 
 
​ត្រី​១​តោន ក្នុង​ការុង​នេះ លោក ម៉ៃ ពៅ ត្រូវ​ចំណាយ​ថវិកា​អស់​៤​លាន​រៀល​។ បើតាម​លោក ពៅ ត្រី​ប្រហុក​ឆ្នាំនេះ មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ទ្វេដង​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រប​សៀម ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ បុរស​វ័យ​៤៤​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖« ត្រី​ធ្វើ​ប្រហុក​ឆ្នាំនេះ ខ្ញុំ​ទិញ​ក្នុងតម្លៃ ១​គីឡូ ៥,០០០​រៀល ទៅ​៥,៥០០​រៀល​។ គិត​ទៅ​ត្រឹម​ត្រី​១​តោន​សោះ ខ្ញុំ​ចំណាយ​អស់​ជាង ១​ពាន់​ដុល្លា​ទៅហើយ​។ ឆ្នាំនេះ​មើលទៅ​ខ្ញុំ​ទិញ​បាន​ត្រឹម​៧ -៨​ការុង​ប៉ុណ្ណឹង​ទេ ព្រោះ​អស់​លុយ​ហើយ​។ ខ្ញុំ​ទិញ​ឆ្នាំមុន​១​គីឡូ​ត្រឹមតែ ២៥០០​រៀល​ទៅ ៣០០០​រៀល តែ​ឆ្នាំនេះ​ឡើង​ពាក់កណ្ដាល »​។ 


លោក ម៉ៃ ពៅ  មកពីខេត្តតាកែវ វ័យ ៤៤ឆ្នាំ 

​ឈរ​សម្លឹង​ទៅ​ការុង​ដាក់​ត្រី​ប្រហុក ក្រោម​កម្ដៅ​ព្រះអាទិត្យ នា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ លោក ពៅ ឆ្លៀត​រៀបរាប់​បែប​រអ៊ូ​ថា ឆ្នាំនេះ ត្រី​ប្រហុក​ឡើងថ្លៃ ស្របពេល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ទៀត​។ «​ជា​អ្នក​ស្រុកស្រែ​ដូច​ខ្ញុំ បើ​អត់​អ្វី អត់​បាន តែបើ​អត់​អង្ករ និង​ប្រហុក គឺ​អត់​មិន​បានទេ ព្រោះនេះ​ជា​របស់​ចាំបាច់​នៅក្នុង​គ្រួសារ​របស់ខ្ញុំ​។ ទោះជា​ត្រី ឡើងថ្លៃ​ក៏ត្រូវ​តែ​ទិញ ព្រោះ​បើ​ធ្វើ​មិនបាន​លក់ ក៏បាន​ត្រឹម​ហូប​សម្រាប់​គ្រួសារ​របស់ខ្ញុំ​ដែរ »​។ នេះ​ជាការ​បញ្ជាក់​រប​ស់បុរ​ស​មកពី​ខេត្តតាកែវ​។​
 
​ពលរដ្ឋ​មក​ក​ពី​បណ្ដា​ខេត្ត មក​ធ្វើ​ត្រី​ប្រហុក​នៅក្នុង​គីឡូ​ម៉ែត​លេខ​៩ ខណ្ឌ​ឬ​ស្សី​កែវ​បាន​និយាយថា ឆ្នាំនេះ​ត្រី​ធ្វើ​ប្រហុក​ឡើងថ្លៃ​ខ្លាំង អាច​នឹងធ្វើ​ឱ្យចំ​នួន​នៃ​ការធ្វើ​ប្រហុក​មានការ​ថយចុះ ហើយ​តម្លៃ​ប្រហុក​ក្នុង​ទីផ្សារ​អាចមាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន​មួយ​គុណ នឹង​ពីរ ឬ​នឹង​បី​។ ពួកគាត់​ថា​នេះ​ជា​ឆ្នាំ​មួយ​ហើយ​ដែល​ត្រី​ធ្វើ​ប្រហុក​ថ្លៃ​បែបនេះ​។ 
 
​ដៃ​ម្ខាង​រើស​កម្ទេច​ស្មៅ​ចេញពី​ត្រី ដៃ​ម្ខាង​លូក​យក​អំបិល​លាយ​ត្រី​ធ្វើ​ប្រហុក​នេះ លោកយាយ មីង នឹម វ័យ​៧០​ឆ្នាំ បានមក​ប្រមូល​ទិញ​ត្រី​ប្រហុក នៅ​តំបន់​ច្រាំង​ចំរេះ​បី​ថ្ងៃ​ហើយ ក្រោយពី​ទទួលបាន​ដំណឹង​ថា រដូវ​ត្រី​ប្រហុក ចាប់ផ្ដើម​មកដល់​ពីថ្ងៃ​ទី​២០ ដល់​២៦ ធ្នូ​នេះ​។ ៣​ថ្ងៃ​មកនេះ លោកយាយ នឹម ទើបតែ​ទិញ​បាន​ត្រី​ធ្វើ​ប្រហុក​បាន​ជាង ២៥០​គីឡូ​ប៉ុណ្ណោះ ។ អ្នកស្រី​ទទួលស្គាល់ថា ត្រី​ធ្វើ​ប្រហុក​ក្នុងឆ្នាំនេះ ពិតជា​ឡើងថ្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ខ្លាំងណាស់​។ 
 
​មាន​ស្រុកកំណើត​នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ស្ត្រី​ចំណាស់​រូបនេះ បាន​និយាយថា​៖« មើលទៅ​ទិញ​មិនបាន​ត្រី​១​តោន​ទេ បើ​ត្រី​គិតតែ​ពី​ឡើងថ្លៃ​ដូចជា​ទ្រនិចនាឡិកា​យ៉ាងហ្នឹង​។
មួយ​ម៉ោង​មុន ខ្ញុំ​ទិញ​បាន​តម្លៃ​៦៥០០​រៀល (​ស្រាប់តែ​ខ្ញុំ​)​អង្គុយ​លាយ​អំបិល​ត្រី​នៅទីនេះ មិនទាន់បាន​មួយ​ម៉ោង​ត្រឹមត្រូវ​ផង ត្រី​ឡើងថ្លៃ​៧០០០​ពាន់ ទៅ​៧២០០​រៀល​ហើយ​» ។ 


អ្នកស្រី មីង នឹម មានវ័យ៧០ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ 

​បើតាម​ការសន្និដ្ឋានរ​បស់​លោកយាយ នឹម រាល់ពេល​តម្លៃ​ត្រី​ប្រហុក​ខ្ពស់​បែបនេះ វា​នឹងធ្វើ​ឲ្យ​តម្លៃ​ប្រហុក​នៅលើ​ទីផ្សារ​ឡើង​ខ្ពស់​ដូចគ្នា​។​« ត្រី​ធ្លាប់តែ​ទិញ​បាន​ក្នុង​តម្លៃថោក តែ​ឆ្នាំនេះ​ឡើងដល់​ជាង​ពាក់កណ្ដាល​ពួក​ខ្ញុំ​គ្មាន​លុយ​ឯណា ត្រៀម​ច្រើន​ដើម្បី​ទិញ​ទេ មានតែ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​។ បើ​ឆ្នាំមុន ខ្ញុំ​ធ្វើបាន​១០​ពាង តែ​ឆ្នាំនេះ​ធ្វើបាន​ត្រឹម​៥​ពាង​។ ហើយ​ប្រហុក​ក្នុង​ឆ្នាំមុន គេ​លក់បាន​តម្លៃ​១៨០០០​រៀល ឆ្នាំនេះ​យ៉ាងតិច​ក៏​គេ​លក់ មិន​ក្រោម​តម្លៃ​៣០០០០​រៀល​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកស្រី នឹម ។​
 
​មិនមែន​តែ​ប្រជាកសិករ​មកពី​ខេត្តតាកែវ​ទេ ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ ព្រែ​វែង ស្វាយរៀង និង​ខេត្ត​មួយចំនួន​ក៏បាន​ធ្វើដំណើរ​មក​សង្កា​ត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ទិញ​ត្រី យកទៅ​ធ្វើ​ផ្អក និង​ប្រហុក សម្រាប់​ទុក្ខ​បរិភោគ និង​លក់​ផងដែរ​។​


សកម្មភាពផ្សេងៗ របស់ពលរដ្ឋមកពីបណ្ដាខេត្តនានា មករង់ចាំទិញត្រីធ្វើប្រហុក នៅគីឡូម៉ែតលេខ៩ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ 

​អង្គុយ​ក្នុង​រោង​ជិត​មាត់ទឹក នៅ​កន្លែង​កាត់​ត្រី​ប្រហុក ក្នុង​ខណ្ឌ​ឬ​ស្ស​កែវ លោក សុខ ចាន់​ឌី និង​គ្រួសារ បាននាំគ្នា​មក​ទិញ​ត្រី យក​ធ្វើ​ប្រហុក​លក់ ជា​រៀងរាល់ឆ្នាំ​។ គ្រួសារ​លោក ចាន់​ឌី តែងតែ​នាំគ្នា​មក​ធ្វើ​ត្រី​ប្រហុក​នៅទីនេះ បាន​យ៉ាង​២​ទៅ​៣​តោន​ដែរ​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ឆ្នាំនេះ លោក​ធ្វើ​ប្រហុក​បាន​ត្រឹម​១​តោន​ប៉ុណ្ណោះ​។ « ខ្ញុំ​កំពុង​រៀបចំ​លើក​ត្រី​ប្រហុក​ទៅផ្ទះ ឈប់​ទិញ​ហើយ​ព្រោះ​បើតាម​ការសង្កេតមើលរ​បស់​ខ្ញុំ​តម្លៃ​ត្រី​មិន​ចុះថ្លៃ​ទេ មានតែ​ឡើង​បន្ត ពេលនេះ​ពួក​ខ្ញុំ​ត្រូវ​ប្រមូល​របស់របរ​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ ព្រោះ​លុយ​ត្រៀម​ទិញ​ត្រី ២ ទៅ​៣​តោន ឥលូវ​ទិញ​បាន​ជាង​១​តោន​អស់​លុយ​ហើយ​»​។ នេះ​ជាស​ម្តី​របស់លោក សុខ ចាន់​ឌី មកពី​ភូមិ​ធ្លក ឃុំ​ធ្លក ស្រុក​ស្វាយជ្រុម ខេត្តស្វាយរៀង​។​
 
​បើតាម​បុរស​វ័យ​៣៥​ឆ្នាំ ដែល​ប្រក​បរបរ​ធ្វើ​ប្រហុក​លក់​នេះ តម្លៃ​ប្រហុក​ឆ្នាំនេះ នឹង​ឡើងថ្លៃ ដោយសារតែ​តម្លៃ​ដើម​ខ្ពស់​ដែរ​។ លោក ចាន់​ឌី បាន​បញ្ជាក់ថា​៖ « ត្រី​បើ​ទិញ​បាន​តិច​ហើយ​ថ្លៃ​យ៉ាងនេះ ពេល​លក់​ប្រហុក​ចេញ​វិញ​ក៏​ថ្លៃ​ដែរ​។ ខ្ញុំ​ទិញ​ត្រី​ស្រស់​មួយ​គីឡូ​ជាង​៦០០០​រៀល​ទៅហើយ បូក​ទាំង​ថ្លៃឈ្នួល​ទៀត​មិនតិច​ទេ ដូច្នេះ​ខ្ញុំ​គិតថា ពេល​លក់​ចេញ​ក៏​តម្លៃ​ថ្លៃ​គួរ​ស​ម្យ​ដែរ​។ ខ្ញុំ​មិនសូវ​បារម្ភ​ទេ បើ​ទិញ​ត្រី​មក​ថ្លៃ ប្រហុក​របស់​យើង​លក់​ចេញ​ក៏បាន​ថ្លៃ​ដូចគ្នា​»​។ 


គំនរត្រីស្រស់ កាត់ក្បាលហើយ ត្រៀមលាយអំបិលធ្វើប្រហុក នៅគីឡូម៉ែតលេខ៩ ក្នុងខណ្ឌឬស្សីកែវ (២១.១២.២០២០) 

​ប្រជាពលរដ្ឋ ដែល​នាំគ្នា​មក​ប្រមូល​ទិញ​ត្រី​ប្រហុក នៅក្នុង​សង្កាត់​ច្រាំង​ចំ​រះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ទិញ​បាន​គ្រប់ៗ​គ្នា ដោយ​គ្រាន់តែ​អ្នកខ្លះ​ទិញ​បាន​តិច និង​ច្រើន​ប៉ុណ្ណោះ ។ 
​បើតាម​មន្ត្រីជលផល ប្រចាំការ​នៅ​ដាយ ៤​អេ ប្រាប់​សារព័ត៌មាន​ThmeyThmey បាន​បញ្ជាក់ថា​៖ « ពួកគាត់​ជា​មន្ត្រីជលផល​មិនទាន់​អាច​បញ្ជាក់បាន​ពី​តម្លៃ​ទីផ្សារ​របស់​ត្រី​ធ្វើ​ប្រហុក​នៅឡើយ ព្រោះ​ឆ្នាំនេះ ពួកយើង​មិនទាន់ ស​ង្ម​ត់​ថា​ត្រី​សម្បូរ ឬ​ខ្សត់​ជាង​ឆ្នាំមុន ឬ​យ៉ាងណាទេ​។ ប៉ុន្តែ​បើតាម​ការ​ង្កេ​ត ត្រី​ប្រហុក នៅ​បរិមាណ​មធ្យម​នៅឡើយ (​នេះ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែ​ឆ្នូ ) តែ​នៅ​ថ្ងៃ​បន្ទាប់ ត្រី​អាច​សម្បូរ​ជាង​នេះ ដូចនេះ​តម្លៃ​ត្រី អាច​(​ឡើង​-​ចុះ​)​តាម​នេះដែរ » ។ 


ពលរដ្ឋឈរចាំទិញត្រីប្រហុកពីឈ្មួញ នៅក្នុងខណ្ឌឬស្សីកែវ

​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ចាប់ពី​ថ្ងៃទី ២០ ខែធ្នូ រហូតដល់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​ទេនោះ ប្រជា​នេសាទ នឹង​អាច​នេសាទ​ត្រី ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដើម្បី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ នៅ​អំឡុង​៦​ថ្ងៃនេះ​៕


ការុង ច្រកត្រីប្រហុករបស់ពលរដ្ឋមកពីខេត្តតាកែវ រងចាំឡានឈ្នួលមកដឹក នៅក្នុងខណ្ឌឬស្សីកែវ (២១.១២.២០២០) 

Tag:
 ប្រហុក​
  ត្រី​
  តម្លៃ​
  ថ្លៃ​
  ពលរដ្ឋ​
  ថយចុះ​
© រក្សាសិទ្ធិដោយ thmeythmey.com