COVID-19
អន្តរជាតិ
បារាំង ផ្តល់​សញ្ជាតិ​ដល់​ចំណាកស្រុក​ជា​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
24, Dec 2020 , 9:59 pm        
រូបភាព
ក្រុមគ្រូពេទ្យបារាំងចុះឈ្មោះអ្នកដំណើរមកពីយន្តហោះ ដើម្បីធ្វើតេស្តរកកូវីដ-១៩ ។ រូបភាព៖ AP
ក្រុមគ្រូពេទ្យបារាំងចុះឈ្មោះអ្នកដំណើរមកពីយន្តហោះ ដើម្បីធ្វើតេស្តរកកូវីដ-១៩ ។ រូបភាព៖ AP
​ក្រសួងមហាផ្ទៃ​បារាំង នៅ​ថ្ងៃទី​២២ ខែធ្នូ បាន​អំពាវនាវ​គ្រូពេទ្យ​នៅ​បារាំង​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ មក​ដាក់ពាក្យ​ចូល​ជា​សញ្ជាតិ​បារាំង​។ បើតាម​រដ្ឋាភិបាល​បារាំង នេះ​ជាការ​លើកទឹកចិត្ត​មួយ​សម្រាប់​ក្រុមគ្រូពេទ្យ ដែល​បាន​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​។

 
​ក្រុមគ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ចាត់ទុកថា ជា​ក្រុម​រងគ្រោះ​ខ្លាំងជាងគេ ដែលមាន​ការប៉ះពាល់​ជាមួយនឹង​កូ​វីដ​-១៩​។ ជា​ក្រុមគ្រូពេទ្យ​ជួរមុខ អត្រា​នៃ​ការឆ្លង​ជំងឺ​ក៏មាន​កម្រិត​ខ្ពស់ និង​ប្រឈម​ទៅដល់​ករណី​ស្លាប់​ថែមទៀត​។ កន្លងមក ក្រុមគ្រូពេទ្យ ដូចជា វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ជាច្រើន ក៏​ទទួលមរណភាព​ដែរ ដោយសារ​កូ​វីដ​-១៩ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC​។ 
 
​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ដែល​មិនមែនជា​ជនជាតិ​បារាំង និង​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នៅក្នុង​ប្រទេស ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ប្រជាជន​ទាំងនោះ ឲ្យ​ដាក់ពាក្យ​ទទួលបាន​សញ្ជាតិ​បារាំង​តាម​វិធី​លឿន​។ 
 
«​អ្នកជំនាញ​ខាង​សុខាភិបាល​, បុគ្គលិក​សម្អាត​ស្ត្រី​, បុគ្គលិក​ថែទាំ​កុមារ និង​បុគ្គលិក​ត្រួតពិនិត្យ សុទ្ធតែ​បានបង្ហាញ​ការប្តេជ្ញា​ចំពោះ​ប្រជាជាតិ​មួយ​នេះ​»​។ លោកស្រី​Marlene Schiappa រដ្ឋមន្ត្រី​ផ្តល់​សញ្ជាតិ​បារាំង បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា វា​ដល់ពេល​បារាំង ត្រូវ​តបស្នង​ដល់​អ្នក​ទាំងនោះ​វិញ​ហើយ​។ 
 
​ដើម្បី​ទទួលបាន​សញ្ជាតិ​បារាំង ក្រុមគ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវ​រស់នៅក្នុង​ប្រទេស​បារាំង​បាន​រយៈពេល ២​ឆ្នាំ ខណៈ​ជាធម្មតា ដើម្បី​ទទួលបាន​សញ្ជាតិ​បារាំង អ្នករស់នៅ​ក្នុងប្រទេស​មួយ​នេះ ត្រូវ​ស្នាក់នៅ​ឲ្យ​បាន​រយៈពេល ៥​ឆ្នាំ មាន​ចំណូល​ស្ថិរភាព និង​ការប្តេជ្ញាចិត្ត​ជាមុនសិន មុននឹង​ទទួលបាន​សញ្ជាតិ​បារាំង ឬ​អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​បាន​។ 
 
​គំនិត​ផ្តួចផ្តើម​ទទួលបាន​សញ្ជាតិ​បារាំង​នេះ ត្រូវបាន​ប្រកាស​ជា​លើកដំបូង នៅក្នុង​ខែកញ្ញា​កន្លងទៅ​។ មនុស្ស​ចំនួន ៧៤​នាក់ បាន​កាន់​លិខិតឆ្លងដែន​បារាំង​រួចហើយ ខណៈពេល​មនុស្ស​ចំនួន ៦៩៣​នាក់ ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការទទួលបាន​សញ្ជាតិ​។ ប្រជាជន​សរុប ២៨៩០​នាក់ បានដាក់​ពាក្យស្នើសុំ​សញ្ជាតិ​បារាំង​។ 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​បារាំង​បានផ្តល់​សញ្ជាតិ ដល់​អ្នក​ដែល​បាន​លះបង់​ដល់​ប្រទេស​អឺរ៉ុប​មួយ​នេះ​។ នៅក្នុង​ឆ្នាំ​២០១៨ កន្លងទៅ ជនជាតិ​ម៉ាលី​ម្នាក់ ក៏​ទទួលបាន​សញ្ជាតិ​បារាំង​ផងដែរ បន្ទាប់ពី​ជួយសង្គ្រោះ​ក្មេងប្រុស​ម្នាក់ ដែល​រៀប​ធ្លាក់​ពីលើ​បង្កាន់ដៃ​នៅក្នុង​ទីក្រុង​ប៉ារីស​។ 
 
​សូមបញ្ជាក់ថា បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ការផ្តល់​សញ្ជាតិ​បារាំង​តាម​លក្ខខណ្ឌ​នៅក្នុង​ឆ្នាំ ២០១៩ បាន​ធ្លាក់ចុះ ១០​ភាគរយ​។ នៅក្នុង​ឆ្នាំ​២០១៩ ការផ្តល់​សញ្ជាតិ​តាម​លក្ខខណ្ឌ​មាន​ចំនួន ៤៨៣៥៨​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្នាំ​២០១៨ មាន​ចំនួន ៥៤១០៤​នាក់​៕ 

Tag:
 ​បារាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com