COVID-19
អន្តរជាតិ
ម៉ាឡេស៊ី​កំពុង​បង្កើន​ឃ្លាំង​ស្តុក​វ៉ាក់សាំង​កូ​វីដ​១៩ និង​ទិញ​វ៉ាក់សាំង​បន្ថែម​សម្រាប់​ពលរដ្ឋ​របស់ខ្លួន​
24, Dec 2020 , 7:59 pm        
រូបភាព
​បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​កុមារា​ម្នាក់​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ នៅ​ទីក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​
​បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​កុមារា​ម្នាក់​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ នៅ​ទីក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​
ដោយ: VOA
​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer និង​ក្រុមហ៊ុន​ផលិត​ឱសថ​ដទៃទៀត ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បន្ថែមទៀត សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បាន​ប្រមាណ​៨៣% នៃ​ចំនួន​ប្រជាជន​សរុប​ទាំងអស់​។ ម៉ាឡេស៊ី​ក៏​កំពុងតែ​សិក្សា​អំពី​ផែនការ​បង្កើត​ឃ្លាំង​ស្តុក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ក្នុងប្រទេស​របស់ខ្លួន ដែលមាន​អាកាសធាតុ​ក្ដៅ​នោះ​។​

 
​ប្រទេស​ម៉ាឡេស៊ី​ដែល​ស្ថិតក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ ខ្លួន​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​ចំនួន​គ្រប់គ្រាន់ សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​ប្រមាណ​ចំនួន​៤០% ក្នុង​ចំនួន​ពលរដ្ឋ​សរុប​ទាំងអស់​៣២​លាន​នាក់ ហើយ​បាន​សន្យាថា ខ្លួន​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន ៥០០ លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​របស់ខ្លួន​។ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន ១២ លាន ៨ សែន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer-BioNTech របស់​សហរដ្ឋអាមេរិក ហើយ​ខ្លួន​កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា ដើម្បី​ទិញ​វ៉ាក់សាំង​បន្ថែមទៀត​។​
 
​រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​របស់​ម៉ាឡេស៊ី​លោក Khairy Jamaluddin បាន​លើកឡើងថា ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា​ចុងក្រោយ​លើ​ការទិញ​វ៉ាក់សាំង​ចំនួន ២៣ លាន ៩ សែន​ដូ​ស ពី​ក្រុមហ៊ុន​ឱសថ​ចិន​Sinovac Biotech Ltd និង​ក្រុមហ៊ុន CanSino Biologics និង​ពី​វិទ្យាស្ថាន​Gamaleya របស់​រុស្ស៊ី ដែល​ផលិត​វ៉ាក់សាំង Sputnik V ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com