COVID-19
អន្តរជាតិ
ថៃបន្តរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៨១ករណីបន្ថែមទៀត
25, Dec 2020 , 5:04 pm        
រូបភាព
មន្រ្តីថៃ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងរថភ្លើង ដែលស្ថិតនៅក្នុងទីតាំងមួយកន្លែងក្នុងប្រទេសថៃ។ រូបភាព៖ Bangkok Post
មន្រ្តីថៃ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងរថភ្លើង ដែលស្ថិតនៅក្នុងទីតាំងមួយកន្លែងក្នុងប្រទេសថៃ។ រូបភាព៖ Bangkok Post
រដ្ឋាភិបាលថៃ នៅថ្ងៃទី២៥ ខែធ្នូ បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៨១ករណីបន្ថែមទៀត។ ស្របពេលករណីឆ្លងកំពុងហក់ឡើង រដ្ឋាភិបាលថៃ កំពុងពិភាក្សាលើបញ្ហាមួយចំនួន ទាក់ទិននឹងបញ្ហាកម្មករចំណាកស្រុកខុសច្បាប់ដែលចូលមកក្នុងប្រទេស។


 
តាមការបញ្ជាក់របស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) លោក Taweesilp Visanuyothin ថៃមានករណីឆ្លងប្រចាំថ្ងៃចំនួន ៨១ករណី។ ក្នុងនោះ អ្នកឆ្លងក្នុងស្រុកមានចំនួន ៣៧ករណី ពលករចំណាកស្រុក ៣៥ករណីដែលភាគច្រើនមិនចេញរោគសញ្ញា ហើយ៩ករណីទៀត គឺជាករណីឆ្លងមកពីក្រៅប្រទេស។ 
 
ភាគច្រើននៃអ្នកឆ្លង គឺជាអ្នកលក់ដូរ ឬលក់គ្រឿងសមុទ្រ មន្រ្តីរដ្ឋាភិបាល កម្មករដឹកជញ្ជូនគ្រឿងសមុទ្រ និងបុគ្គលិកធនាគាជាដើម។ គិតត្រឹមថ្ងៃចុងក្រោយនេះ កូវីដ-១៩ បានរាតត្បាតដល់ទៅ ៣១ខេត្តនៅថៃ។ ករណីឆ្លងសរុបមានចំនួន ៥៩១០ករណី អ្នកស្លាប់មានចំនួន ៦០នាក់ និងអ្នកជាសះស្បើយមានចំនួន ៤១៣០នាក់។ 
 
ដោយសារតែករណីឆ្លងនៅតែបន្តហក់ឡើងបែបនេះ រដ្ឋាភិបាលថៃ បានបែងចែកថៃជា បួនតំបន់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងករណីឆ្លងនៅក្នុងប្រទេស ក្នុងនោះមានដូចជា តំបន់ក្រហម, តំបន់ទឹកក្រូច, តំបន់លឿង និងតំបន់បៃតង។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation លោក Taweesilp បានបញ្ជាក់ថា ដើម្បីស្វែងរកអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងផ្សារលក់គ្រឿងសមុទ្រនេះ ថៃ បានធ្វើតេស្តលើមនុស្សប្រមាណ ៨៨១០នាក់ ដោយក្នុងចំណោមនោះ ១៧១៣នាក់ មានលទ្ធផលវិជ្ជមានកូវីដ-១៩ ។
 
ស្របពេលករណីឆ្លងកូវីដ-១៩ នៅថៃ កំពុងតែហក់ឡើងបែបនេះ រដ្ឋាភិបាលថៃ ក៏បានចាត់វិធានការមួយចំនួន ទាក់ទិននឹងកម្មករចំណាកស្រុកផងដែរ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ រដ្ឋាភិបាលថៃ បានបង្កើតក្រុមស្រាវជ្រាវមួយ ដើម្បីស៊ើបអង្កេតលើអ្នកដែលនាំពលករចំណាកស្រុកខុសច្បាប់ចូលមកក្នុងប្រទេស។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏កំពុងសិក្សាលើការដាក់បញ្ចូលពលករចំណាកស្រុកខុសច្បាប់ ឲ្យត្រូវតាមច្បាប់វិញដែរ។ 
 
តាមការបញ្ជាក់របស់ការិយាល័យអន្តោប្រវេសន៍ថៃ កម្មករចំណាកស្រុកខុសច្បាប់ចូលមកក្នុងប្រទេស ត្រូវបានអាជ្ញាធររកឃើញ ចំនួនយ៉ាងហោចណាស់ ៦១នាក់ ដែលភាគច្រើនជាជនជាតិមីយ៉ាន់ម៉ា ដោយចាប់ពីថ្ងៃទី២២ ខែធ្នូមក។ នៅក្នុងឆ្នាំ២០២០ ថៃ បានបញ្ជូនពលករចំណាកស្រុកខុសច្បាប់មីយ៉ាន់ម៉ា ប្រមាណ២៦០០០នាក់ឲ្យចាកចេញពីប្រទេស៕
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com