ជាតិ
«ប្រាសាទភូមិប្រាសាទ» ស្ថិតក្នុងបរិវេណវត្តប្រាសាទ ស្រុកសន្ទុក មានអាយុកាលជាង១៣០០ឆ្នាំ
26, Dec 2020 , 10:59 pm        
រូបភាព
ដោយ៖ ហុង ស្រីណា

ប្រាសាទ «ភូមិប្រាសាទ» ជាស្ថាបត្យកម្មប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទជាច្រើន ដែលនៅមានរូបរាងល្អ ក្បូរក្បាច់រចនាយ៉ាងរស់រវើក កម្របានឃើញ ដូចជាផ្តែរទ្វា សសរពេជ្រ សសរផ្អោប និងក្បាច់លម្អជាដើម។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ខាងត្បូងទីរួមខេត្តប្រមាណ ២៨គីឡូម៉ែត្រ។


 
ប្រាសាទ«ភូមិប្រាសាទ» ជាឈ្មោះអ្នកស្រុកហៅតគ្នា ដោយសារភ្លេចឈ្មោះដើមរបស់ប្រាសាទចំណាស់មួយនេះ។ ម្យ៉ាងប្រាសាទនេះ ស្ថិតក្នុងបរិវេណនៃវត្តមួយ ឈ្មោះប្រាសាទផងនោះ អ្នកស្រុកក៏នាំគ្នា ហៅថាប្រាសាទនេះថា«ប្រាសាទភូមិប្រាសាទ»។ នេះបើតាមឯកសាររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។ប៉ុន្តែបើយោងតាមសិលាចរឹក ប្រាសាទនេះទំនងជាមានឈ្មោះដើមថា “ស្រីសង្ករណារាយន” ដែលជាឈ្មោះរួមបញ្ចូលគ្នារវាងព្រះឥសូរ និងព្រះវិស្ណុ ពោលគឺដូចនឹងឈ្មោះថា«ហិរហរ»ដែរ។ ឯកសារដដែលបញ្ជាក់ដូច្នេះ។


 
ប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ក្នុងគ្រឹស្តសករាជ ៧០៦ និងមានរចនាបថកំពង់ព្រះ។ ប៉ុន្តែ គេមិនប្រាកដថាកសាអក្នុងរជ្ជកាលសេ្តចអង្គណាឡើយ  ពោលគឺនៅចន្លោះរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៧-៦៨១) និងព្រះនាងជ័យទេវី ក្នុងគ.ស ៧១៣។ ប្រាសាទនេះ សង់ឡើងពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែមុខទៅទិសខាងកើត និងនៅមានរូបរាងល្អ។ អំពីក្បាច់លម្អវិញ ប្រាសាទនេះ នៅសល់ក្បាច់លម្អយ៉ាងរស់រវើក ដូចជា ផ្តែរទ្វា សសរពេជ្រ សសរផ្អោប ក្បាច់លម្អខាងលើជាដើម។
 
 ប្រាសាទ«ភូមិប្រាសាទ» មិនមានលម្អជាទ្វារបញ្ជោត ដូចប្រាសាទដទៃៗទេ តែគេលម្អជញ្ជាំងលាត ទ្រដោយខឿនរាងជាសាជីសូត្រយ៉ាងរវើក។ រីឯនៅលើជញ្ជាំងនីមួយៗ គេរៀបជាក្បាច់សសរផ្អោប លម្អដោយក្បាច់រុក្ខជាតិត្រួតលើគ្នាយ៉ាងប្រណិត។


 
ឯកសាររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានរៀបរាប់ពីប្រណិតភាពនៃក្បាច់រចនានៃប្រាសាទនេះដូច្នេះ៖«ផ្តែរទ្វា លម្អដោយក្បាច់បន្ទាត់ធ្នូ រាងដូចមែកឈើ ខាងចុងផ្តែរគួចទៅលើចូលក្នុងដូវគូតខ្យង។ កណ្តាលជាក្បាច់ស្លឹកឈើ តែធ្លាក់ចេញជាមុខរាហូ។ ខាងក្រោម និងខាងលើផ្តែរ ជាបន្ទះសន្លឹកឈើឆ្លាស់គ្នា។ ផ្តែរនេះ មានទម្រង់ជាផ្តែរទ្វា រចនាបថកំពង់ព្រះ នាស.វ.ទី៨»។ 
 
បើតាមឯកសារដដែល ការលម្អផ្តែរទ្វា នៅសម័យមុនអង្គរបែបនេះ មិនសូវសម្បូរប៉ុន្មានទេ មានតែនៅផ្តែរទ្វារនៅលើប្រាសាទគោករកា ផ្តែរទ្វារប្រាសាទព្រៃក្មេង ផ្តែរទ្វារមកពីសំបូរ-ក្រចេះ និងផ្តែរទ្វាប្រាសាទភ្នំស្រួច។
 
សសរពេជ្រ មានរាងមូលដែលមានការតុបតែងលម្អច្រើន គឺក្បាច់ត្របកផ្កា និងសន្លឹកឈើដែលមានលក្ខណៈផ្ទាល់ នៃរចនាបថកំពង់ព្រះតែម្តង។ តាមជញ្ជាងផ្នែកខាងលើ គេឆ្លាក់ក្បាច់ស្រដៀងកូនប្រាសាទអណ្តែតច្រើនជាន់លើគ្នា ដែលលក្ខណៈបែបនេះ មិនសូវមានឃើញមាននោះទេ។ 


 
នៅប្រាសាទ «ភូមិប្រាសាទ» គេបានរកឃើញបដិមា ហិរហរ មួយអង្គ តម្កល់នៅខាងក្នុងប្រាសាទ ប៉ុន្តែសព្វថ្ងៃនេះ គេបានយករូបបដិមានេះ រក្សាទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ បដិមាហិហរនេះ មានក្បាច់លម្អប្រហាក់ប្រហែល ទៅនឹងរូបបដិមានៅប្រាសាទអណ្តែតដែរ។ គេបានរកឃើញចម្លាក់បដិមាហិរហរ នៅក្នុងខេត្តកំពង់ធំ ជាច្រើនកន្លែង ដូចជានៅប្រាសាទអណ្តែត ប្រាសាទភូមិប្រាសាទ និងប្រាសាទសំបូរព្រៃគុក។


 
លោក ម៉ង់ វ៉ាលី ប្រធានស្តីទីការិយាល័យបេតិកភណ្ឌ ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានThmeythmey25 ឲ្យដឹងថា ប្រាសាទចំណាស់មួយនេះ ក៏ធ្លាប់ទាក់ទាញបានអ្នកទេសចរបានច្រើនដែរជារៀងរាល់ឆ្នាំ។ លោក ម៉ង់ វ៉ាលី បញ្ជាក់ថា ឆ្នាំកន្លងៗមកមានទេសចរជាតិពី៥០០នាក់ ទៅ៧០០នាក់ និងភ្ញៀវអន្តរជាតិប្រមាណ៥០នាក់ ទៅ ៨០នាក់ផងដែរ។ ប៉ុន្តែបញ្ហាកូវីដ-១៩ ប្រាសាទនេះ ក៏ស្ងាត់អ្នកទស្សនាដែរ៕
 

Tag:
 ខេត្តកំពង់ធំ
  ប្រាសាទបុរាណ
  ប្រាសាទ ភូមិប្រាសាទ
  វត្តប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com