COVID-19
អន្តរជាតិ
អ្នកជំនាញជប៉ុនថា អ្នកមានអាយុចាប់ពី ៦៥ ឆ្នាំឡើង គួរទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេ
26, Dec 2020 , 9:29 pm        
រូបភាព
ប្រជាជនជប៉ុនពាក់ម៉ាស់ក្នុងរថភ្លើងនៅទីក្រុងតូក្យូ។_រូបភាព_Xinhua
ប្រជាជនជប៉ុនពាក់ម៉ាស់ក្នុងរថភ្លើងនៅទីក្រុងតូក្យូ។_រូបភាព_Xinhua
ដោយ៖ កង ម៉េងហុង
 
ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃទី២៥ ខែធ្នូ និយាយថា ប្រជាជនដែលមានអាយុពី៦៥ឆ្នាំឡើងទៅ គួរតែមានអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ។ ការផ្ដល់យោបល់នេះ ធ្វើឡើងខណៈដែលរដ្ឋាភិបាលជប៉ុនរៀបចំគោលការណ៍ដើម្បីចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំង ពិសេសការកំណត់ក្រុមមនុស្សអាទិភាពដែលត្រូវចាក់វ៉ាក់សាំងមុនគេ។

 
ក្នុងការកំណត់ប្រជាជនគោលដៅសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមអ្នកជំនាញក្រសួងសុខាភិបាលជប៉ុន លើកជាយោបល់ឲ្យមានគិតគូរលើលក្ខខណ្ឌសុខភាពរបស់អ្នកទាំងអស់នោះដោយត្រួតពិនិត្យលើជំងឺធ្ងន់ធ្ងរខ្លះដូចជាជំងឺបេះដូងរ៉ាំរ៉ៃ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។ 
 
បើតាមការផ្ដល់យោបល់របស់ក្រុមអ្នកជំនាញ ប្រជាជនវ័យចំណាស់ប្រមាណ៣៦លាននាក់ និងប្រជាជនមានលក្ខខណ្ឌសុខភាពដូចខាងលើចំនួន៨,២លាននាក់ នឹងស្ថិតក្រោមការត្រួតពិនិត្យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
អាទិភាពនៃការទទួលវ៉ាក់សាំង ជាចំណុចសំខាន់ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាលជប៉ុន។ ក្នុងសប្ដាហ៍នេះដែរ គណៈក្រុមប្រឹក្សាយោបល់រដ្ឋាភិបាលមួយផ្សេងទៀត ស្នើឲ្យបញ្ចូល អ្នកជំនាញសុខាភិបាលជួរមុខ និងអ្នកធ្វើការនៅតាមមណ្ឌលថែទាំមនុស្សចាសទៅក្នុងបញ្ជីអាទិភាព ព្រមគ្នាក្រុមមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព។
 
គួរបញ្ជាក់ថា ជប៉ុនដែលមានប្រជាជន ១២៦ លាននាក់ បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន ២៩០ លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលចំនួននេះគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន ១៤៥ លាននាក់ឯណោះ។
 
បច្ចុប្បន្ន ជប៉ុនកំពុងប្រឈមនឹងរលកឆ្លងទី ៣ ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះស្ថិតក្នុងស្ថានភាពសម្ពាធតានតឹង។ នាយករដ្ឋមន្រ្តី ស៊ូហ្កា យូស៊ីហ៊ីដេ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៤ ខែធ្នូ បានជំរុញឲ្យប្រជាជនផ្អាកការជួបជុំជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំថ្មី ដើម្បីបងា្ករការរីករាលដាលជំងឺកូវីដ-១៩។
គិតមកដល់ពេលនេះ ជប៉ុនមានករណីឆ្លង Covid-19 សរុបចំនួនជាង២០ម៉ឺននាក់ និងស្លាប់៣១០៥៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com