COVID-19
អន្តរជាតិ
ករណីឆ្លងកូវីដ-១៩ នៅថៃ បន្តហក់ឡើងដល់ ១១០ករណី
26, Dec 2020 , 4:34 pm        
រូបភាព
រូបភាព៖ iStock
រូបភាព៖ iStock
ថៃ នៅថ្ងៃទី២៦ ខែធ្នូ មានករណីឆ្លងកូវីដ-១៩ រហូតដល់ ១១០ករណីឯណោះ ខណៈពេលទីក្រុងបាងកក មានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ។ មុនការបញ្ចេញទិន្នន័យទាំងនេះ មន្រ្តីជាន់ខ្ពស់ថៃ បានព្រមានថា ប្រសិនបើប្រជាជន មិនចូលរួមសហការជាមួយរដ្ឋាភិបាលទេ ថៃអាចនឹងឈានទៅដល់ការបិទប្រទេសទាំងមូលតែម្តង។


 
ករណីឆ្លងកូវីដ-១៩ នៅក្នុងថៃ នៅតែបន្តហក់ឡើង ស្របពេលរដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាតត្បាតនៅក្នុងប្រទេស។ នៅថ្ងៃទី២៦ ខែធ្នូ រដ្ឋាភិបាល បានប្រកាសថា ថៃមានករណីឆ្លងចំនួន ១១០ករណី ដោយក្នុងនោះ ៦៤ករណី គឺជាករណីឆ្លងក្នុងស្រុក, ៣០ករណី ជាពលករចំណាកស្រុក និង១៦ករណី គឺជាករណីឆ្លងមកពីបរទេស។ 
 
នៅក្នុងករណីឆ្លងក្នុងស្រុកថ្មីនេះ ត្រូវបានរកឃើញនៅក្នុងខេត្ត ក្រុងចំនួន១៦ ក្នុងនោះទីក្រុងបាងកក មានករណីឆ្លងខ្លាំងជាងគេ ដោយមានចំនួន ១៨ករណី, ខេត្ត Phetchaburi មានចំនួន ១០ករណី, ខេត្ត Samut Prakan ចំនួន ៧ករណី និងខេត្តផ្សេងៗទៀត។ 
 
ចំណែកពលករចំណាកស្រុកចំនួន ៣០ករណី មានវត្តមាននៅក្នុងខេត្តសាមុតសាខន ដែលភាគច្រើននៃអ្នកជំងឺ គឺមិនមានចេញរោគសញ្ញា។ ករណីឆ្លងសរុបរបស់ថៃ មានចំនួន ៦០២០ករណី។ ចំណែកអ្នកស្លាប់មានចំនួន ៦០នាក់ និង អ្នកជាសះស្បើយមានចំនួន ៤១៥២នាក់។ 
 
មុននឹងចេញរបាយការណ៍នៃករណីឆ្លងប្រចាំថ្ងៃនេះ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ថៃ (CCSA) លោក Taweesilp Visanuyothin បានព្រមានថា ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការត្រឹមត្រូវណាមួយពីសំណាក់ប្រជាជន ឬស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេស មិនអាចស្ថិតក្រោមការគ្រប់គ្រង់បាន រដ្ឋាភិបាល នឹងប្រើប្រាស់វិធានការចុងក្រោយ។ វិធានការចុងក្រោយនេះ អាចនឹងឈានទៅដល់ការបិទប្រទេសទាំងស្រុង រហូតដល់ខែមីនា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេស រដ្ឋាភិបាលថៃ បានចាត់វិធានការដូចជា បែងចែកប្រទេសជា ៤តំបន់, ពង្រឹកសន្តិសុខតាមតំបន់ព្រំដែន, បិទខេត្តសាមុតសាខន, បង្កើនការធ្វើតេស្ត, ផ្អាកពិធីអបអរឆ្នាំថ្មី និងវិធានការផ្សេងទៀតជាដើម។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com