កីឡាជាតិ
ជាតិ
លោក សាន់ សៅយ៉ាន់ ចង់ឲ្យ កូស៊ីន ជួបជាមួយ ដេវីត ជាង ខេម ចាន់ តែ កូស៊ីន ថា ជួបអ្នកណាក៏បាន
27, Dec 2020 , 9:59 am        
រូបភាព
លោក សាន់​ សៅយ៉ាន់ (រូបក្នុងរង្វង់)ចង់ឲ្យ ឡាំងកូស៊ីន ជួបជាមួយ រិន ដេវីត ជាង ខេម ចាន់ នៅវគ្គផ្តាច់ព្រ័ត្រ
លោក សាន់​ សៅយ៉ាន់ (រូបក្នុងរង្វង់)ចង់ឲ្យ ឡាំងកូស៊ីន ជួបជាមួយ រិន ដេវីត ជាង ខេម ចាន់ នៅវគ្គផ្តាច់ព្រ័ត្រ
ដោយ:
នៅចុងសប្តាហ៍នេះ យើងនឹងបានដឹងពីសមាសភាពគូប្រកួតរបស់កីឡាករ ភួន ឡាំងកូស៊ីន នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន។ លោក សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹកចង់ឲ្យ ឡាំងកូស៊ីន ជួបកីឡាករ រិន ដេវីត ជាងកីឡាករ ខេម ចាន់ ខណៈ កូស៊ីន អះអាងថា ជួបអ្នកណាក៏បាន។
 
លោក សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹកចង់ឲ្យកីឡាករ ភួន ឡាំងកូស៊ីន ជួបកីឡាករ រិន ដេវីត ជាងកីឡាករ ខេម ចាន់ នាជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន ទោះបីរូបគេធ្លាប់យកឈ្នះកូនសិស្សខ្លួនដោយពិន្ទុនៅវគ្គជម្រុះក្នុងពូល។ ព្រោះលោកយល់ថា កីឡាកររូបនេះមានសមត្ថភាពត្រដំត្រសងជាមួយ ឡាំងកូស៊ីន។ ក្នុងន័យនេះ មិនមែនមានន័យថា កីឡាករ ខេម ចាន់ មានសមត្ថភាពខ្លាំងរហូត កូស៊ីន មិនអាចទប់ទល់បាននោះទេ។
 
«ពីមុននិយាយទៅគាត់(ឡាំងកូស៊ីន)រាងខ្សោយ យើងថា អាចពិបាកជាមួយ ខេម ចាន់ តែរាល់ថ្ងៃគាត់រាងអភិវឌ្ឍន៍ខ្លួន និងរឹងជាងមុន ដូច្នេះអាចតទល់បានទាំងអស់។ ប៉ុន្តែខ្ញុំចង់ឲ្យជួប រិន ដេវីដ ខ្លាំងជាង ដោយសារ ដេវីត និង ឡាំងកូស៊ីន ត្រដំត្រសងគ្នា។ ទោះបី កូស៊ីន ធ្លាប់ចាញ់ ដេវីដ នាការប្រកួតខ្វែងក្នុងពូល តែការចាញ់នោះ គឺតិចតួចបំផុត»។ នេះជាការលើកឡើងរបស់លោក សាន់ សៅយ៉ាន់។ 
 
ដោយឡែកកីឡាករ ភួន ឡាំងកូស៊ីន ដែលទម្លាក់កីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានបង្ហាញជំនឿចិត្តថា ក្នុងចំណោមកីឡាករទាំងពីររូបខាងលើជួបកីឡាករណាក៏បាន ព្រោះរូបគេសុទ្ធតែធ្លាប់ជួបកន្លងមក។ ម្យ៉ាងវិញទៀត រូបគេ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការតទល់ជាមួយកីឡាការណាមួយក្នុងចំណោមពួកគេទាំងពីរ។ 


 កីឡាករ ភួន ឡាំងកូស៊ីន (ខៀវ)ប្រកួតជាមួយកីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីពេលកន្លងទៅ

ជាមួយគ្នានេះ ឡាំងកូស៊ីន ប្តេជ្ញាថា រូបគេនឹងខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ក៏ដូចជាបច្ចេកទេសក្នុងការប្រើស្នៀតឲ្យកាន់តែប្រសើរថែមទៀត។ កីឡាកររូបនេះ ជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់ខ្លួន ក្នុងការដណ្តើមជ័យជម្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនាចុងខែមករា ខាងមុខ។ តែកាលបរិច្ឆេទនេះ អាចមានការប្រែប្រួល។ 
 
តែយ៉ាងណា លោក សាន់ សៅយ៉ាន់ ទទួលស្គាល់ថា កីឡាករ ខេម ចាន់ មានសមត្ថភាពខ្ពស់ក្នុងការដេញចាប់ និងប្រើកណ្តាប់ដៃ ដែលអាចបង្កការលំបាកដល់កីឡាករ ភួន ឡាំងកូស៊ីន។ កីឡាករ រិន ដេវីត ត្រូវប៉ះជាមួយកីឡាករ ខេម ចាន់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ នេះ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រអធិរាជគុនខ្មែរ ISI PALM ISI PIPE៕  
 
 
 

Tag:
 ប្រដាល់គុនខ្មែរ
  សាន់ សៅយ៉ាន់
  ភួន ឡាំងកូស៊ីន
  ភីអិនអិន
© រក្សាសិទ្ធិដោយ thmeythmey.com