ជាតិ
ពលរដ្ឋនៅជនបទជាង១៦០០ភូមិ ប្រកាសឈប់បន្ទោរបង់ពាសវាលពាសកាល
27, Dec 2020 , 6:59 pm        
រូបភាព
ពលរដ្ឋនៅជនបទដែលមានបង្គន់អនាម័យប្រើប្រាស់ (រូបពីអង្គការភ្លេន)
ពលរដ្ឋនៅជនបទដែលមានបង្គន់អនាម័យប្រើប្រាស់ (រូបពីអង្គការភ្លេន)
ដោយ៖ហុង ស្រីណា

ភ្នំពេញ៖អង្គការភ្លេនអន្តរជាតិកម្ពុជា(Plan International Cambodia) បានប្រកាសបញ្ចប់កម្មវិធីលើកកម្ពស់អនាម័យនៅកម្ពុជា បន្ទាប់ពីអនុវត្តរយៈពេល៩ឆ្នាំ។ របាយការណ៍បង្ហាញថា មានពលរដ្ឋ ១,៦៤០ភូមិ និង៦ស្រុក ពោលគឺស្មើប្រមាណ៦០ភាគរយនៃចំនួន បានប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង។

 
កម្មវិធីលើកកម្ពស់អនាម័យជនបទក្នុងប្រទេសកម្ពុជា បានអនុវត្តនៅក្នុងខេត្តចំនួន៦ ក្នុងដំណាក់កាលទី១ កាលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ កម្មវិធីនេះបានពង្រីកដល់ខេត្តចំនួន៥ ផ្សេងទៀត។ បច្ចុប្បន្នមនុស្សជាង ១,៥ លាននាក់ រួមទាំងស្រ្តី កុមារី និងជនពិការបានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ តាមរយៈការទទួលបានគ្រឿងបរិក្ខារ និងសេវាកម្មអនាម័យប្រសើរឡើង។
 
តាមរយៈរបាយការណ៍ដែលបង្ហាញកាលពីថ្ងៃទី២៥ ខែធ្នូ អង្គការភ្លេនអន្តរជាតិកម្ពុជា (Plan International Cambodia) បានបង្ហាញពីមោទកភាពដែលបានឃើញ ១,៦៤០ភូមិ ៨៨ឃុំ និង៦ស្រុក  ដែលបានចូលរួមចំណែកប្រមាណ៦០ភារយ នៃភូមិដែលបានប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងរហូតមកដល់ពេលនេះ។
 
កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តភាពនៃការប្រើប្រាស់បង្គន់អនាម័យ ការលាងដៃជាមួយសាប៊ូ និងផឹកទឹកដែលមានសុវត្ថិភាពនៅក្នុងសហគមន៍ជនបទ និងអភិវឌ្ឈ រួមទាំងពង្រីកសមត្ថភាព អាជ្ញាធរមូលដ្ឋាន និងអង្គការរដ្ឋាភិបាលក្នុងស្រុកក្នុងការលើកកម្ពស់អនាម័យឲ្យល្អ។
លើសពីនេះ ខណៈពេលកម្ពុជាមានជំងឺកូវីដ១៩ កម្មវិធីនេះបានចូលរួមយ៉ាងជិតស្និតជាមួយក្រសួងអភិវឌ្ឈន៍ជនបទ មន្ទីរអភិវឌ្ឈន៍ជនបទខេត្ត ដៃគូអនុវត្ត និងអាជ្ញាធរមូលដ្ឋានក្នុងការផ្គត់ផ្គង់សំភារៈចាំបាច់ដូចជា សាប៊ូ អាល់កុល ទឹកលាងដៃសម្លាប់មេរោគ សំឡីអនាម័យ និងដំឡើងស្ថានីយលាងដៃតាមសាធារណៈ៕
 

Tag:
 អង្គការភ្លេនអន្តរជាតិកម្ពុជា
  Plan International Cambodia
 បញ្ចប់កម្មវិធីលើកម្ពស់អនាម័យនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com