ជាតិ
សម្តេច ហ៊ុន សែន ឲ្យសម្តេច ទៀ បាញ់ យកតំណក់ប្រេងដំបូងទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ
29, Dec 2020 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ បានប្រកាសពីពរជ័យដែលកម្ពុជាទទួលបាន តាមរយៈការផលិតប្រេងតំណាក់ដំបូងនៅកម្ពុជា ស្របនឹងខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាល។ សម្តេច បានអធិប្បាយបន្ថែមពាក់ព័ន្ធនឹងតំណាក់ប្រេងដំបូងនេះ នាការថ្លែងសារពិសេសពីក្រុងតាខ្មៅ។



អត្ថបទទាក់ទង


ជាមួយគ្នានេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ យក «តំណក់ប្រេងដំបូង» ពីលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ទៀ បាញ់ ជាតួអង្គរង បន្ទាប់ពីសម្តេច ក្នុងប្រតិបត្តិការបញ្ចប់សង្គ្រាម និងការដាក់ចេញនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ការយកតំណក់ប្រេងទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ គឺជាភស្តុតាងប្រវត្តិសាស្ត្រមួយ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន សម្តែងការនឹកគុណដល់សម្តេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លើដំណើរការផ្តើមរុករក និងបច្ចេកទេសផលិតប្រេងដែលចាប់ផ្តើមកាលពី១៨ឆ្នាំមុន  ក្នុងតួនាទីជាប្រធានអាជ្ញាធរប្រេងកាតកម្ពុជា។

កាលពីឆ្នាំ២០១៣ អាជ្ញាធរប្រេងកាតកម្ពុជា ត្រូវបានធ្វើសមាហរណកម្ម ឲ្យស្ថិតក្រោមការគ្រប់គ្រងក្រសួងរ៉ែ និងថាមពល របស់លោក ស៊ុយ សែម វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com