ជាតិ
សង្គមជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ី អបអរសាទរកម្ពុជា ដែលចាប់ផ្តើមមានដំណក់ប្រេងលើកដំបូង
29, Dec 2020 , 11:01 am        
រូបភាព
សកម្មភាពខួងអណ្តូងផលិតកម្មប្រេង នៅប្លុក A នៃឈូងសមុទ្រកម្ពុជា (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន)
សកម្មភាពខួងអណ្តូងផលិតកម្មប្រេង នៅប្លុក A នៃឈូងសមុទ្រកម្ពុជា (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន)
ដោយ: ថ្មីៗ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាប្រភពមួយតែងផ្តល់ជំនួយនិងកម្ចីដល់កម្ពុជា បានបង្ហោះសារខ្លីលើទំព័រហ្វេសប៊ុក អបអរសាទរកម្ពុជា ដែលចាប់ផ្តើមទទួលបានដំណក់ប្រេងជាលើកដំបូង។ ការសាទររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើឡើងក្រោយតែបន្តិចប៉ុណ្ណោះនៃការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពីការចាប់ផ្តើមផលិតយកប្រេងក្នុងទឹកដីរបស់ខ្លួន។



តាមរយៈទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ព័ត៌មានដល់ប្រជាជនថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា ចាប់ផ្តើមផលិតកម្មប្រេងដំបូង នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ក្រោយទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក។ សម្តេចនាយករដ្ឋមន្រ្តី បន្ថែមថា ដោយការប្រឹងប្រែងរបស់រដ្ឋាភិបាល និងក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ កម្ពុជា បានសម្រេចបញ្ចប់ការសាងសង់ និងបញ្ចប់ការបំពាក់គ្រឿងសម្ភារបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាហើយ សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេង។

ប្រមុខរដ្ឋាភិបាល កម្ពុជា សរសេរដូច្នេះថា៖«ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)»។

មេដឹកនាំកម្ពុជា ចាត់ទុក ការចាប់ផ្តើមផលិតកម្មប្រេងនេះ ថាជាពរជ័យសម្រាប់កម្ពុជា ហើយជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់ សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបានសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។

មេដឹកនាំកំពូលរបស់កម្ពុជារូបនេះ បន្តថា ផលប្រយោជន៍សំខាន់ៗ ដែលកម្ពុជា នឹងទទួលបានពីការបូមប្រេងនេះ មានដូចជា ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបានពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និង ការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ ជាដើម។

ប្រមុខរដ្ឋាភិបាល រម្លឹកថា រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការបូមជាមួយក្រុមហ៊ុនឯកជន តាំងពីឆ្នាំ២០០២មក៕

Tag:
 កម្ពុជា
  ADB
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com