ជាតិ
លោក សោម ស៊ីថា ជា​បុគ្គល​ឆ្នើម នៃ​គម្រោង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​ជិត​ផុត​ពូជ នៅ​ឆ្នាំ​២០២០
30, Dec 2020 , 4:59 pm        
រូបភាព
លោក សោម ស៊ីថា ដែលជា​ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​ទន្លេមេគង្គ​និង​កោះកុង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​។ រូបថត​៖ WCS
លោក សោម ស៊ីថា ដែលជា​ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​ទន្លេមេគង្គ​និង​កោះកុង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​។ រូបថត​៖ WCS
​លោក សោម ស៊ីថា គឺជា​អ្នកស្រាវជ្រាវ​រកឃើញ​វត្តមាន​កន្ធាយ​ក្បាល​កង្កែប​នៅក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​ទន្លេមេគង្គ​និង​កោះកុង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​រូបនេះ បាន​ខិតខំ​អភិរក្ស​នូវ​ធនធានធម្មជាតិ ដែល​ជិត​ផុត​ពូជ​មួយ​នេះ នៅតាម​ដង​ទន្លេមេគង្គ រហូត​ក្លាយជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០២០-២០២១ ក្នុង​កម្មវិធី​«​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​មេគង្គ​»​។ កម្មវិធី​នេះ បង្កើតឡើង​ដោយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​(Wonders of Mekong)​គាំទ្រ​ដោយ​USAID​។​

 
Wonders of Mekong បង្កើត​កម្មវិធី​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​មេគង្គ​នេះ​ឡើង គឺ​ដើម្បី​ណែនាំ​បុគ្គល​គំរូ​ដែល​បាន​សិក្សា​ស្រាវជ្រាវ​ការពារ ឬ​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ ជម្រក និង​មរតក​វប្បធម៌​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​។​
 
​លោក សោម ស៊ីថា ដែលជា​ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​ទន្លេមេគង្គ​និង​កោះកុង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​លះបង់​ខ្ពស់​ក្នុងការ​ស្រាវជ្រាវ​រកឃើញ​នៃ​វត្តមាន​កន្ធាយ​ក្បាល​កង្កែប ដើម្បី​អភិរក្ស​និង​ការពារ​រហូតមកដល់​សព្វថ្ងៃនេះ​។ មិនតែប៉ុណ្ណោះ​លោក ស៊ីថា ក៏បាន​បំពេញការងារ​យ៉ាងសកម្ម​ជាមួយ​សហគមន៍ ដើម្បី​ការពារ​សំបុក​កន្ធាយ​ក្បាល​កង្កែប នៅ​ស្រុក​សៀម​បូរ ខេត្តស្ទឹងត្រែង និង សំបូរ ខេត្តក្រចេះ អស់​រយៈពេល​ជាង​១០​ឆ្នាំ មកនេះ​។​
 


គ​ន្ធា​យ​ក្បាល​កង្កែប​។ រូបថត​៖ WCS



​ប្រភេទ​សត្វ​ដែល​ជិត​ផុតពី​ដង​ទន្លេមេគង្គ​នេះ​ត្រូវបាន​ក្រុម​ការ​រងារ​របស់លោក ស៊ីថា រកឃើញ​ឡើងវិញ​នៅក្នុង​ឆ្នាំ​២០០៧​។ «​ការរកឃើញ​វត្តមាន​ឡើងវិញ​នៃ​គ​ន្ធា​យ​ក្បាល​កង្កែប​នៅ​កម្ពុជា​នេះ គឺ​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ពួកយើង ព្រោះ​យើង​គិតថា ពួកវា​គឺ​បាន​ផុត​ពូជ​ពី​ស្រុក​យើង​ហើយ​។ ម្យ៉ាងវិញទៀត ក្រុម​យើង​បាន​ចំណាយពេល​អស់​៣​ឆ្នាំ​នៃ​រកឃើញ​ពួកវា​ឡើងវិញ ក្នុង​ឆ្នាំ​២០០៧​ហ្នឹង​»​។ លោក​សោម ស៊ីថា បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​យ៉ាង​ដូច្នេះ​។ 
 
​បន្ទាប់ពី​រកឃើញ​ឡើងវិញ​នៃ​វត្តមាន​កន្ធាយ​ក្បាល​កង្កែប​នៅក្នុង​ទឹក​កម្ពុជា ប្រធាន​គម្រោង​អភិរក្ស​រូបនេះ ក៏បាន​ចងក្រង​ជា​ក្រុមការងារ​អភិរក្ស ដើម្បី​ការពារ​សំបុក​ពង​កូន​របស់​គ​ន្ធា​យ​ក្បាល​កង្កែប ដែលមាន​ការចូលរួម​ពី​ប្រជា​សហគមន៍​នៅក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្តង​។ បើតាម​លោក ស៊ីថា ប្រជាជន​មូលដ្ឋាន​ដែល​បាន​ចូលរួម​កិច្ច​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​នេះ គឺ​សុទ្ធសឹង​ជា​អ្នក​ធ្លាប់រ​កពង​គ​ន្ធា​យ​ក្បាល​កង្កែប យកទៅ​ហូប និង​ទៅ​លក់​ជាដើម​។ 
 
«​សព្វថ្ងៃ​ហ្នឹង មាន​ប្រជាជន​មូលដ្ឋាន​៨​នាក់ ដែល​យើង​កំពុងធ្វើការ​ងារ​ផ្ទាល់​ជាមួយ​ពួកគាត់​ក្នុងការ​ស្វែងរក​សំបុក​ពង​គ​ន្ធា​យ​ក្បាល​កង្កែប​នេះ ដើម្បី​អភិរក្ស​នូវ​ធនធានធម្មជាតិ​ដែល​ជិត​ផុត​ពូជ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ីថា ដោយ​បន្តថា  ប្រជាជន​មូលដ្ឋាន​៨​នាក់​នេះ ជា​អ្នកជំនាញ​រក​សំបុក​ពង​គ​ន្ធា​យ​ក្បាល​កង្កែប ដោយ​ទទួលបាន​បណ្តុះបណ្តាល​ប​ន្ថែ​ម ពី​របៀប​កត់ត្រា ថ្លឹង និង​វាស់​ប្រវែង របស់​ពង​កន្ធាយ​ក្បាល​កង្កែប​នីមួយៗ ។ 
 
​លោក ស៊ីថា បាន​បន្ត​និយាយ​ដូច្នេះ​៖«​ជា​រាល់​ឆ្នាំ​ហ្នឹង ពួកយើង​រកឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប បាន​យ៉ាងហោចណាស់​២៦​សំបុក រហូតដល់​ឆ្នាំ​ខ្លះ យើង​រកឃើញ​បាន​ជាង​៨០​សំបុក​។ បើ​យើង​គិត​ជា​មធ្យម​ទៅ គឺ​យើង​រក​សំបុក​ពង​កូន​របស់​កន្ធាយ​ក្បាល​កង្កែប​ហ្នឹង បាន​ជាង​៥០​សំបុក ក្នុង​មួយឆ្នាំៗ​»​។ 


លោក សោម ស៊ីថា បុរស​ម្នាក់​មាន​ក្រមា​ចង​នៅ​នឹង​ចង្កេះ​។ រូបថត​៖ WCS

​ក្រៅពី​ស្វែងរក​និង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​នេះ លោក សោម ស៊ីថា ក៏បាន​លះបង់​ខ្ពស់​ក្នុងការ​អភិរក្ស​អណ្តើក​ហ្លួង​, ក្រពើ​ត្រី  និង​ធនធាន​ជលផល​ផ្សេងៗ​ទៀត ជាពិសេស​គឺ​ទីជម្រក​ព្រៃ​លិច​ទឹក នៅក្នុង​អាង​ទន្លេមេគង្គ​។ 
 
​សម្រាប់​កម្មវិធី​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​មេគង្គ​សម្រាប់​ឆ្នាំ​២០២០-២០២១ នេះ គឺជា​ឆ្នាំ​ទី​២​ហើយ ដែល​Wonders of Mekong រៀបចំឡើង​។ សម្រាប់​ឆ្នាំនេះ ក្រៅពី​លោក សោម ស៊ីថា ដែល​បានជ្រើសរើស ជា​បុគ្គល​ឆ្នើម​ក្នុង​កិច្ចការងារ​អភិរក្ស​មេគង្គ ក៏មាន​មនុស្ស​៥​រូប​ទៀត ត្រូវបាន​ជ្រើសរើស​ជា​បុគ្គលិក​ឆ្នើម ក្នុង​កិច្ចការងារ​អភិរក្ស​មេគង្គ​នេះ​ផង​។ 
 
​អ្នក​ទាំង​៥​នោះ រួមមាន​អ្នកនាង​លុយ រស្មី នាយក​ប្រតិបត្តិ​នៃ​សមាគម​អភិរក្ស​វប្បធម៌ និង​បរិស្ថាន​, អ្នកនាង​ហូ​យ ស្រី​នូវ មន្ត្រីជលផល​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​, អ្នកនាង ប៊ុត ចាន់​មេត្តា មន្ត្រីជាន់ខ្ពស់​ផ្នែក​លើកកម្ពស់​ចំណេះដឹង និង​ការបញ្ជ្រាប​ព័ត៌មាន​នៃ​អង្គការ WWF, លោក ហោ សំអាត អនុប្រធាន​គណៈកម្មាធិកា​រ​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល​សួង​ក្នុង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​លោក ឡោ គឹម​សាន មន្ត្រី​គម្រោង​ស្រាវជ្រាវ​នៃ​អង្គការ WWF កម្ពុជា​៕
 

Tag:
 គ​ន្ធា​យ​ក្បាល​កង្កែប​
  លោក សោម ស៊ីថា​
  ស្ទឹងត្រែង​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com